ជំងឺគ្រុនឈាមរីករាលដាលខ្លាំង! នៅមន្ទីរពេទ្យខ្លះគ្រែមួយមានអ្នកជំងឹដល់ទៅ២នាក់

ដូចការព្រួយបារម្ភជំងឺគ្រុនឈាមកំពុងរាតត្បាត នៅកម្ពុជា ដោយមកដល់ពេលនេះមន្ទីរពេទ្យខ្លះកំពុងតែប្រឈមមុខនឹងកង្វះគ្រែសម្រាប់អ្នកជំងឺ ។

តាមការអះអាងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២៦ ទារក និងកុមារដែលកើតជំងឺគ្រុនឈាមមានចំនួនរហូតដល់ទៅ ៩.៦៣១ នាក់ ។  មកដល់ខែកញ្ញានេះ ស្ថានភាពនៃការរាតត្បាតនៃជំងឺនេះក៏នៅតែមាន ។

ប្រភពដដេលបានបន្តថា ក្នុងខែកញ្ញានេះ ជំងឺគ្រុនឈាម ក៏មិនទាន់ទៅណាឆ្ងាយពីកុមារ នៅឡើយទេ ហើយមកដល់ពេលនេះ មន្ទីពេទ្យ បានទទួលអ្នកជំងឺជាទារកនិងកុមារ ជាច្រើន ដោយមួយគ្រែគឺមានកុមារកើតជំងឺនេះរហូតដល់ទៅ២នាក់ ហើយចំនួនអ្នកជំងឺត្រូវបានគេដឹងថា ហៀរចេញដល់ក្រៅបន្ទប់ហើយ ។

នេះគឺជាចំនួនកុមារដែលកត់ត្រាពីការចូលទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាតែប៉ុណ្ណោះ ខណៈកុមារនិងទារកជាច្រើនទៀតអាចព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នៅតាមមណ្ឌលសុខភាព តាមមន្ទីរពេទ្យបង្អែក នានា។ ហើយសូម្បីតែព្រះសង្ឃក៏មានសេចក្តីរាយការណ៍ថា មានករណីឆ្លងជំងឺនេះច្រើនករណីដែរ ។

កុំប្រហែសឲ្យសោះ ជំងឺគ្រុនឈាមគឺជាជំងឺដែលឆ្លងមនុស្សគ្រប់វ័យ ដូច្នេះហើយអ្នកដែលត្រូវប្រុងប្រយ័ត្នគឺមិនមែនតែទារកនិងកុមារនោះទេ សូម្បីតែមនុស្សចាស់ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ​។​

សូមកុំភ្លេចថា ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គឺមានតែកំចាត់មូសខ្លា ហើយភ្នាក់ងារដែលចម្លងវាពិតប្រាកដគឺមូសខ្លាញី ដូច្នេះ ចូរយើងគ្រប់គ្នា​ចូលរួមឲ្យសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកន្លែងណា ដែលជាជំរកមូសខ្លា​។​

កន្លែងដែលជាជម្រកមូសខ្លា គឺកន្លែងនិងវត្ថុដែលដក់ទឹកថ្លា ហើយងងឹតមិនមានពន្លឺចេញចូលគ្រប់គ្រាន់ ​ដូច្នេះឃើញកន្លែងដក់ទឹកនៅទីណាកំចាត់វាចោលនៅទីនោះទៅ។​

ផ្អែកតាមព័ត៌មាននានា ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជានាពេលបច្ចុប្បន្ន នៅតែជាបញ្ហាដែលមិនគួរមើលរំលង ជាពិសេសចំពោះទារក និងកុមារ។ ការកើនឡើងនៃចំនួនអ្នកជំងឺ និងសម្ពាធលើសមត្ថភាពទទួលអ្នកជំងឺរបស់មន្ទីរពេទ្យ គឺជាសញ្ញាមួយដែលទាមទារឱ្យគ្រប់ភាគីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមបង្ការឱ្យបានសកម្ម។

ការបង្ការជំងឺគ្រុនឈាមមិនមែនជាការងាររបស់ក្រសួងសុខាភិបាល ឬមន្ទីរពេទ្យតែប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់គ្រួសារ សហគមន៍ សាលារៀន វត្តអារាម និងស្ថាប័នពាក់ព័ន្ធទាំងអស់។ ដូច្នេះ សូមកុំរង់ចាំរហូតដល់មានសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ ទើបចាប់ផ្តើមការពារ។ ចាប់ពីថ្ងៃនេះទៅ ត្រូវពិនិត្យ និងលុបបំបាត់ប្រភពទឹកដក់ជុំវិញផ្ទះ និងទីកន្លែងរស់នៅជាប្រចាំ រក្សាបរិស្ថានឱ្យស្អាត និងការពារខ្លួនពីការខាំរបស់មូសខ្លា។

សរុបទៅការកំចាត់ជម្រកមូសខ្លា គឺជាវិធានការដ៏សាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខ្លាំង។ ឃើញទឹកដក់ ត្រូវចាត់ការភ្លាមៗ; ឃើញកន្លែងអាចក្លាយជាជម្រកមូស ត្រូវសម្អាត និងលុបបំបាត់។ ការចូលរួមរបស់មនុស្សម្នាក់ៗនៅថ្ងៃនេះ អាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺ និងការពារជីវិតកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាម។

 

Daily Program

Livesteam thumbnail
khmer popup image