បញ្ញាសិប្បនិម្មិតបើចេះប្រើវាគឺល្អ ប៉ុន្តែកុំពឹងផ្អែកលើវាឲ្យធ្វើការជំនួសយើងឲ្យសោះ!

សម័យនេះ ប្រសិនបើយើងចេះប្រើប្រាស់បញ្ញាសិប្បនិម្មិតបានកាន់តែស្ទាត់ជំនាញ វាកាន់តែប្រសើរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ន កុំប្រើប្រាស់វាលើសលុប និងកុំឱ្យវាធ្វើការសម្រេចចិត្តជំនួសយើងឲ្យសោះ។

ការចេះប្រើប្រាស់ និងផ្សារភ្ជាប់បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធការងារ និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នានៅក្នុងពេលបច្ចុប្បន្ននេះ វាធ្វើឱ្យការងារយើងមានប្រសិទ្ធភាព ល្បឿនការងារលឿនរហ័ស ហើយក៏ធ្វើឱ្យយើងចេះចាត់ចែងការងារប្រកបដោយភាពបត់បែន និងទាន់សភាពការណ៍ នៅពេលដែលសង្គមមនុស្សកំពុងតែវិវត្តក្នុងយុគសម័យឌីជីថល ដែលនរណាៗក៏កំពុងតែប្រឹងប្រែងបន្សាំ និងផ្សារភ្ជាប់ខ្លួននឹងជីវិតការងារទាំងនោះដែរ។

ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះគឺជួយច្រើនមែនទែន ហើយការងារសឹងតែគ្រប់មុខជំនាញ គឺពិតជាត្រូវការវាមែន មិនថាជាការងារបង្រៀន ការងារសរសេរ ការងារពាក់ព័ន្ធនឹងសុខភាព ការងារស្រាវជ្រាវ ការងារគូសវាស និងធ្វើផែនការផ្សេងៗ ក៏ដូចជាការកម្សាន្តនានា ទាំងតន្ត្រី ភាពយន្ត ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាគួរតែនៅត្រឹមតែជាឧបករណ៍ និងជាម៉ាស៊ីន ដែលយើងជាអ្នកបញ្ជា និងកំណត់ការងាររបស់វាឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

ឧបករណ៍ និងម៉ាស៊ីនវាគ្មាន មនសិការ គ្មានមនោសញ្ចេតនា គ្មានសុភវិនិច្ឆ័យ គ្មានសីលធម៌ ហើយអ្វីៗគឺត្រូវបានកំណត់ទៅតាមកូដ ឬ ទៅតាមអ្វីដែលគេបានកំណត់ ដែលខុសពីមនុស្ស។ ដូច្នេះ អ្វីដែលយើងគួរគិត គឺត្រឹមចេះបង្កើត និងប្រើប្រាស់វានៅក្នុងការងារប្រចាំថ្ងៃរបស់យើងបានហើយ។ សូមកុំអភិវឌ្ឍ និង បង្កើតវាឱ្យឈានដល់ចំណុចដែលវាអាចសម្រេចចិត្តជំនួសយើងឱ្យសោះ។

នៅក្នុងករណីប្រសិនបើបញ្ញាសិប្បនិម្មិតអាចធ្វើសេចក្តីសម្រេចចិត្តជំនួសយើងបាននោះ មនុស្សជាតិនឹងបាត់បង់តម្លៃ និងបាត់បង់សេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស ដែលជាម្ចាស់លើជោគវាសនារបស់ខ្លួននៅលើពិភពលោកជាច្រើនដំណរមកហើយ។ សព្វថ្ងៃនេះ មានការជជែកគ្នាជាច្រើននៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំនយោបាយ អ្នកដឹកនាំក្រុមហ៊ុនឯកជន និងសាសនាជាដើម អំពីអនាគតនៃការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ប៉ុន្តែជារួម គ្រប់គ្នាគឺនៅតែទទួលស្គាល់តម្លៃស្នូលគឺ មនុស្ស។

ជារួមមក បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពល និងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយជំរុញប្រសិទ្ធភាពការងារ កាត់បន្ថយពេលវេលា និងបង្កើនសមត្ថភាពរបស់មនុស្សក្នុងសម័យឌីជីថល។ ដូច្នេះ យើងគ្រប់គ្នាគួរតែខិតខំរៀនសូត្រ ស្វែងយល់ និងចេះប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានស្ទាត់ជំនាញ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺយើងត្រូវចងចាំថា បញ្ញាសិប្បនិម្មិតគួរតែជាជំនួយការ មិនមែនជាអ្នកជំនួសការគិត ការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់មនុស្សឡើយ។

យើងត្រូវប្រើប្រាស់វាដោយមានការទទួលខុសត្រូវ សីលធម៌ និងការប្រុងប្រយ័ត្ន ដើម្បីធានាថាបច្ចេកវិទ្យាបម្រើផលប្រយោជន៍មនុស្ស មិនមែនមនុស្សក្លាយជាអ្នកបម្រើបច្ចេកវិទ្យានោះទេ។ ទោះបីជាពិភពលោកវិវត្តទៅមុខយ៉ាងណាក៏ដោយ មនុស្សត្រូវតែជាម្ចាស់នៃការគិត ការសម្រេចចិត្ត និងជោគវាសនារบស់ខ្លួនជានិច្ច។

Daily Program

Livesteam thumbnail
khmer popup image