បងប្អូនបើកម៉ូតូកង់បីសូមគោរពច្បាប់ចរាចរណ៍ !

មួយរយៈនេះក្រៅពីប្រជាពលរដ្ឋយើងទូទៅធ្វេសប្រហែសរឿងអនុវត្តតាមច្បាប់ចរាចរណ៍ហើយនោះ  បងប្អូនអ្នកដែលកំពុងតែប្រកបរបររត់ម៉ូតូកង់បីផ្តល់សេវាដឹកជញ្ជូនទំនិញនិងមនុស្សមួយចំនួន ហាក់បើកបរមានសភាពមើលស្រាលលើសុវត្ថិភាព និងធ្វេសប្រហែសច្រើនដែលគប្បីរិះគិតឡើងវិញហើយងាកមកបើកបរនិងប្រើប្រាស់ផ្លូវដោយយកច្បាប់ចរាចរណ៍ជាគោល បូកផ្សំនិងការយោគយល់ និង គោរពសិទ្ធិគ្នាទៅវិញទៅមកនៅលើទ្រូងផ្លូវ។

តាមទិដ្ឋភាពនៅលើដងផ្លូវបងប្អូនអ្នកប្រកបរបរដឹកជញ្ជូនដោយប្រើប្រាស់ម៉ូតូកង់បីនេះ គឺមួយចំនួននៅតែបន្តគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ប៉ុន្តែមួយចំនួនហាក់បើកបរប្រសេចប្រសាច គ្មានសណ្តាប់ធ្នាប់ មិនប្រកាន់ស្តាំត្រឹមត្រូវឡើយ ។ ក្រៅពីនោះពេលខ្លះផ្លូវកំពុងតែមមាញឹក ប៉ុន្តែបងប្អូនគឺបើកបរលឿន មិនមើលគេមិនមើលឯង ។ ស្ថានភាពចរាចរណ៍ខ្លះ ដែលមិនអំណោយផលនៅក្នុងការវ៉ាជែង គឺបងប្អូន គិតតែទៅមុខ ហើយពេលវ៉ានិងជែងនោះទៀតសោតគឺមិនមើលឆ្វេងស្តាំច្បាស់លាស់ឡើយ ។

ហើយការប្រើប្រាស់ភ្លើងសញ្ញាបទឆ្វេងស្តាំក៏មិនអនុវត្តត្រឹមត្រូវ រីឯអ្នកខ្លះទៀតលេងភ្លើង ចាំងភ្នែកគេឯងក៏មានច្រើនដែរ ដែលចំណុចនេះគួរតែជាចំណុចដែលត្រូវតែកែតម្រូវនិងរិះគិតឡើងវិញ ដើម្បីសុវត្ថិភាពចំពោះខ្លួនយើងនិង សុវត្ថិភាពអតិថិជនរបស់យើង និង អ្នកដទៃ ដែលយើងអាចបង្កឡើងដោយសារតែសកម្មភាពបើកបររបស់យើងនេះឯង ។

ម៉ូតូកង់បីមានទំហំំធំ ត្រូវការផ្លូវធំដែរ ប៉ុន្តែនៅកន្លែងតូចចង្អៀតដែលសភាពចរាចរណ៍ស្ទះ បងប្អូនមិនគិតថា ខ្លួនធំទេ គឺបើកវាជែងទៅបិទផ្លូវម៉ូតូ ដែលគេអាចធ្វើដំណើរបាន នាំអោយស្ថានភាពចរាចរណ៍វាកាន់តែស្ទះ។ ហើយម្យ៉ាងទៀត នៅក្នុងករណីដែលបងប្អូនប្រជែងនៅក្នុងស្ថានភាពនេះ បងប្អូនអាចនឹងទៅប៉ះ ឬ កៀរគេឯង បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ ។

នៅពេលបច្ចុប្បន្ននេះ ចំនួនបងប្អូនដែលកំពុងបើកបរនៅលើផ្លូវគឺកាន់តែមានច្រើន ហើយស្ថានភាពចរាចរណ៍ក៏ច្រើនដែរ ពេលខ្លះបងប្អូនវ៉ាឬជែងគួរតែមើលផ្លូវឲ្យច្បាស់លាស់ ហើយពេលខ្លះបងប្អូនក៏មិនគួរបើកវ៉ាឬបើកបណ្តើរគ្នាពេញផ្លូវដូចដែលគេបង្ហោះនៅលើបណ្តាញសង្គមកន្លងមកនោះទេ ។

 រឿងឈប់ដណ្តើមចាប់ម៉ូយក៏ជារឿងមួយដែលគួរពិចារណានិងរិះគិតផងដែរ ពីព្រោះថា មកដល់ពេលនេះបងប្អូនខ្លះរឿងបត់ហៅម៉ូយ ឫទៅយកម៉ោយដែលបក់ដៃនៅតាមផ្លូវក៏ឧស្សាហ៍មានគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃដែរ ។

បងប្អូនសូមអភ័យទោយដើម្បីសុវត្ថិភាពទាំងបងប្អូន និង អ្នកដទៃ សូមប្រើប្រាស់ផ្លូវដោយយានយន្តកង់បីរបស់បងប្អូនដោយការទទួលខុសត្រូវ ហើយយកច្បាប់ចរាចរណ៍ជាគោល បូកផ្សំនិងការយល់យោគអធ្យាស្រ័យ ផងដែរ។ សូមបងប្អូនប្រើប្រាស់ផ្លូវដោយការទទួលខុសត្រូវ ហើយមានការប្រុងប្រយ័ត្ន ហើយកុំភ្លេចនៅលើផ្លូវនានាមិនមែនមានតែយើងជាអ្នកបើកបរនោះទេ គឺនៅមានយានយន្តដទៃទៀតជាច្រើន៕

Daily Program

Livesteam thumbnail