បងប្អូននៅតាមជំរំជនភៀសសឹកនានាប្រយ័ត្នរឿងអគ្គីភ័យផង !
បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការវាយប្រហារដោយកងទ័ពថៃ ដែលបានបើកការឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ចេះតែកើនឡើងៗ ហើយចំនួនជំរំក៏កាន់តែកើនទំហំក៏រីក ដូច្នេះសង្ឃឹមថា បងប្អូននិងអ្នកដែលពាក់ព័ន្ធយកចិត្តទុកដាក់រឿងគ្រោះអគ្គីភ័យផង។
តាមសេចក្តីរាយការណ៍របស់ក្រសួងមហាផ្ទៃគិតត្រឹម រសៀលម៉ោង១ នៃថ្ងៃទី ១៨ ខែធ្នូនេះ បងប្អូនជនភៀសសឹកមកពីខេត្តព្រះវិហា ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និង កោះកុង គឺបានកើនឡើងរហូតដល់ទៅជិត៤៨ ម៉ឺននាក់ហើយ នៅក្នុងនោះកុមារមានជាង ១៣ ម៉ឺននាក់។
នៅក្នុងស្ថានភាពបែបនេះមកដល់ពេលបច្ចុប្បន្នប្រជាពលរដ្ឋនៅតាមកន្លែង សុវត្ថិភាពនានា ជាពិសេសនៅរាជធានីភ្នំពេញ បានកំពុងតែខិតខំតាមលទ្ធភាពនំាគ្នាបរិច្ចាគជាប្រាក់ជារបស់របរ ជាសម្លៀកបំពាក់ ជាម្ហូបអាហារហើយបញ្ជូនទៅជាបន្តបន្ទាប់ នៅគ្រាដែលបងប្អូនកំពុងតែជួបការលំបាក។
ដោយឡែកអាជ្ញាធរដែនដីឯណោះវិញ ក៏បានញាប់ដៃញាប់ជើងលៃលករៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និង ជម្រកបណ្តោះអាសន្តសម្រាប់បងប្អូនសម្រាកនៅក្នុងពេលដែលស្រុកទេសកំពុងតែជួបនឹងអំពើឈ្លានពានប្រដាប់អាវុធពីប្រទេសថៃ ប៉ុន្តែរឿងមួយដែលយើង មិនអាចធ្វេសប្រហែសបាន ហើយជួយដាស់តឿនទាំងអស់គ្នាគឺគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យ។
សមត្ថកិច្ចនិងអាជ្ញាធរប្រយ័ត្នឆកល្វែងចំណុចនេះ ពីព្រោះខែនេះខែខ្យល់ វាអាចរងគ្រោះបន្ថែម មួយកម្រិតទៀត ដូច្នេះសូមមានការគិតគូរ ហើយបងបប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកទាំងអស់ក៏គួរយកចិត្តទុកដាក់ដែរ ជាពិសេសគឺការតភ្លើងអគ្គីសនី ការចំអិនអាហារ ហើយជាពិសេសគឺប្រយ៏ត្នរឿង ក្មេងៗលេងភ្លើង។
សរុបទៅដើម្បីសុវត្ថិភាពទំាងអស់គ្នា សូមយកចិត្តទុកដាក់ចំណុចគ្រោះអគ្គីភ័យនេះផង ពីព្រោះតែយើងធ្វេសប្រហែសហើយវាកើតឡើងគឺប្រាកដជាធ្វើឲ្យយើងជួបគ្រោះលើគ្រោះហើយ។ សូមប្រុងប្រយ័ត្ន ពេលដាំស្ល មើលពន្លត់ចង្រ្កាន និង រៀបចំទុកដាក់ឲ្យច្បាស់លាស់ជៀសវាងគ្រោះមហន្តរាយកើតមានជាហថាហេតុ។ រីឯសមត្ថកិច្ចនិងជំនាញក៏គួរគិតគួរនិងជួយដាស់តឿនបងប្អូនជនភៀសសឹកទាំងអស់នោះផង។ ពេលនេះជាពេលដែលយើងជួបគ្រាលំបាកដូច្នេះយើងត្រូវតចេះជួយគ្នា នេះបង្ការនិងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕