បងប្អូនក្រៅប្រព័ន្ធគួរតែនាំគ្នាចុះបញ្ជីឲ្យបានត្រឹមត្រូវ !

អ្នកដែលប្រកបរបរក្រៅប្រព័ន្ធគួរតែនាំគ្នាចុះបញ្ជីឲ្យបានគ្រប់ៗគ្នាដើម្បីយើងអាចទទួលបានការការពារ និង ការលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាល ។

នៅពេលនេះរាជរដ្ឋាភិបាលបានកំពុងតែលើកទឹកចិត្តការចុះបញ្ជីនេះ ហើយប្រកាសមិនយកពន្ធ និង តម្លៃនៃការចុះបញ្ជីនេះឡើយ ។ រាល់បងប្អូនអាជីវករតូចតាចទាំងឡាយដែលកំពុងតែប្រកបរបររកស៊ីតាមទីផ្សារ តាមចិញ្ចើមផ្លូវនិងតាមទីកន្លែងនានាសូមនាំគ្នាចុះបញ្ជី ។

ការចុះបញ្ជីនេះបច្ចុប្បន្នបងប្អូនក៏អាចនឹងចុះតាមរយៈអនឡាញផងដែរ ហើយរាល់ការចុះនេះ ត្រូវបាន មន្រ្តីអះអាងថា វាមានភាពងាយស្រួល​។

សូមបងប្អូនចូលរួមចុះបញ្ជីខណៈដែលពេលនេះ កម្ពុជាត្រូវបានគេដឹងថា មានប្រជាជនប្រមាណជាជិត៨លាននាក់ដែលពេញកម្លាំងនិងកំពុងបម្រើការងារ ផ្សេងៗ ។ នៅក្នុងចំណោមនោះ មានប្រជាពលរដ្ឋដែលពេញកម្លាំងធ្វើការដែលបម្រើការងារនៅក្នុងសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធគឺមានត្រឹមតែ ប្រមាណជា ១,៧ លាននាក់ ប៉ុណ្ណោះ ខណៈដែលក្រៅប្រព័ន្ធគឺមានប្រមាណជា ៦,២ លាននាក់ ។​

បងប្អូនដែលកំពុងតែបម្រើការងារនៅក្នុងប្រព័ន្ធ មានដូចជាកម្មកររោងចក្រ បុគ្គលិកក្រុមហ៊ុនដែលមានចុះបញ្ជីត្រឹមត្រូវ ហើយ អ្នកដែលនៅក្នុងអាជីវកម្មក្រៅប្រព័ន្ធ គឺតាំងពីអ្នកលក់តាមចិញ្ចើមខ្លួនឡើងទៅ ដល់សហគ្រាសដែលមិនចុះបញ្ជី។ ​

នៅក្នុងស្ថានភាពបែបនេះហើយទើបរាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យពួកគេចុះឈ្មោះចូលក្នុងប្រព័ន្ធឲ្យបានត្រឹមត្រូវដោយរួមទាំងការប្រកាសដាក់ឲ្យដំណើរការនូវថ្នាលឌីជីថលចុះឈ្មោះឲ្យកាន់តែងាយស្រួលបន្ថែមទៀត ។​​

ការលើកទឹកចិត្តឱ្យអាជីវកម្មក្រៅផ្លូវការឱ្យចុះឈ្មោះមានអត្ថប្រយោជន៍ជាច្រើន ដែលរួមមានការទទួលស្គាល់ផ្លូវច្បាប់ សហគ្រាសឫបុគ្គលកាន់តែមានលទ្ធភាពទទួលបានឥណទានផ្លូវការដែលមានការប្រាក់សមរ្យ កម្មវិធីគាំទ្រអាជីវកម្ម និងការការពារកាន់តែច្រើននៅក្រោមច្បាប់។

សម្រាប់សហគ្រិនតូចៗជាច្រើន ការចុះឈ្មោះអាចជាជំហានដំបូងឆ្ពោះទៅរកការធ្វើមាត្រដ្ឋានប្រតិបត្តិការមួយច្បាស់លាស់ និងលើកកម្ពស់មុខរបរ និង ជីវភាពរស់នៅរបស់ពួកគេ។

តាមទស្សនៈគោលនយោបាយនេះ ការរួមបញ្ចូលវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ វានឹងជួយបង្កើនតម្លាភាព និងអភិបាលកិច្ច។ រដ្ឋាភិបាលនឹងទទួលបានរូបភាពកាន់តែច្បាស់អំពីសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស ដោយអនុញ្ញាតឱ្យមានអន្តរាគមន៍ដែលមានគោលដៅកាន់តែច្រើន និងការបង្កើតគោលនយោបាយប្រកបដោយសមធម៌។

សរុបទៅសូមបងប្អូននាំគ្នាចុះបញ្ជីឲ្យបានត្រឹមត្រូវប្រយោជន៍គឺអាចអោយរាជរដ្ឋាភិបាលងាយស្រួលនឹង តម្រែតម្រង់ទិសផលិតកម្ម ឫសេវាកម្ម ដើម្បីអាចសម្រេចបាននូវសមិទ្ធផលកាន់តែ រីករចំរើនជាងមុន​។​

Daily Program

Livesteam thumbnail