នៅពេលដែលថៃកាន់តែក្រឡុក យើងត្រូវតែរឹងប៉ឹង !

ប៉ុន្មានថ្ងៃមកចុងក្រោយនេះ នៅព្រំដែនជាពិសេស គឺនៅភូមិជោគជ័យនិងភូមិព្រៃចាន់ពលរដ្ឋទំាងចាស់ទាំងក្មេង កំពុងតែរងទុក្ខសព្វសារពើរ ដូច្នេះយើងនៅខាងក្រោយដែលសុខស្រួលកុំភ្លេចពួកគេ។

មកដល់ពេលនេះពួកគេរាប់សិបគ្រួសារមិនបានសម្រាកគ្រប់គ្រាន់ឡើយ ដោយពេលថ្ងៃពួកទាហានរុកគួន យកលេសនេះលេសនោះទន្រ្ទានចូលនិងគំរាមបណ្តេញពួកគេ ហើយពេលរាត្រីគឺបង្កសកម្មភាពសូម្បីតែវិធីសាស្រ្តគ្មានមនុស្សធម៌ក៏ពួកគេប្រពឹ្រត្តដែរ។

ពួកគេចាក់សំឡេងរំខានជាសំឡេងខ្មោច ឆ្កែលូ និង ឆ្កែព្រុស ពេញទឹកពេញដី សម្រាកមិនបាន ដូច្នេះ យើងអ្នកដែលនៅសុខស្រួលគួរតែនឹកដល់ពួកគេ។ នៅពេលនេះយើងជឿជាក់ថា ពួកគេពិតជាមានសុខភាពទ្រុឌទ្រោមដោយសារតែសម្រាកមិនគ្រប់គ្រាន់ ហើយក៏មិនមានពេលវេលាធ្វើស្រែធ្វើចំការ ឬប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើយ គឺពួកគេបានតែនៅចំាការពារផ្ទះ ការពារទ្រព្យ ដែលភាគីថៃ គំរាមម្តងហើយម្តងទៀត រហូតដល់ធ្វើសកម្មភាពគ្មានវិជ្ជាជីវៈនិងសីលធម៌ជាមនុស្សជាតិ ប្រព្រឹត្តបែបនេះ។​

រឿងនេះមិនមែនជារឿងលេងសើចទេ ហើយអន្តរជាតិ ក៏បានដឹងនិងបានកត់ត្រាដែរ។ នៅក្នុងកាលៈទេសៈនេះ យើងមានតែបន្តរួមសាមគ្គី ហើយក៏គួរតែមានចលនាបន្ថែមទៀតជួយពួកគេទ្រទ្រង់ជីវភាព និង សុខភាពពួកគេផង។

នៅពេលនេះបងប្អូននៅក្នុងភូមិ និង កងកម្លាំងនិងក្រុមការងារប្រចាំការនៅទីនោះ គឺពិតជាលំបាកសព្វសារពើ ដែលយើងចាំបាច់នៅខាងក្រោយគួរតែយកចិត្តទុកដាក់ពួកគេ។

ក្រៅពីនោះនៅពេលដែលពួកគេកំពុងតែរងទុក្ខ អ្នកនៅខាងក្រោយគួរតែពង្រឹងផលិតកម្ម ពង្រឹងគុណភាពផលិតផល ព្យាយាមដណ្តើមឯករាជ្យឲ្យបាន​ពីផលិតផលដែលនាំចូលពីថៃ។

យើងមិនធ្វើហើយមិនប្រពឹត្តអំពើគ្មានសីលធម៌ដូចជាក្រុមជនជ្រុលនិយមថៃទាំងនោះមែន ប៉ុន្តែស្មារតីជាតិនិយមត្រូវតែរឹងប៉ឹង។​  ដោយឡែកឈ្មួញៗ និងអស់លោក លោកស្រីនានា ដែលកន្លងមកឆ្លៀតឱកាសនោះ គួរតែបញ្ឈប់ហើយភ្ញាក់រលឹកទៅ​។ គេធ្វើបាបជាតិសាសន៍យើងសព្វសារពើ តើហេតុអ្វីក៏នៅតែទៅយកផលិតផលពីគេមកចូលស្រុក​ឲ្យប្រជាពលរដ្ឋដែលមិនដឹងប្រភពមកធ្វើអ្វីទៀត។

ពួកឈ្មួញដែល​ប្រើ​ល្បិច​បោក​បញ្ឆោត​ទាំង​នេះ សូម​ឲ្យ​រដ្ឋាភិបាល​​ដាក់​ទោស​ទណ្ឌ ដើម្បី​កុំ​ឲ្យ​មានអ្នក​ប្រព្រឹត្ត​បែបនេះ​ទៀត ព្រោះ​ប្រទេស​យើង​មាន​ច្បាប់​ ដូច្នេះ​យើង​ត្រូវ​យក​ច្បាប់​មក​ប្រើប្រាស់​ឲ្យបាន​ប្រសើរ មិនមែន​អនុវត្ត​ចំពោះ​តែ​អ្នក​តូចតាច​នោះ​ឡើយ។

ចំណែក​​ផលិត​ករ​ក៏គួរតែ​ខិតខំ​ ធ្វើ​យ៉ាងណា​ឲ្យ​ដើម្បី​ឲ្យ​ផលិតផល​របស់ក្នុង​ស្រុក​អាច​ឈរជើង​បាន​រឹងមាំ និង​រក្សាទាំងតម្លៃនិង​គុណភាព​។ ក្នុងកត្តានេះ​ យើង​ខ្ញុំ​ជា​ពលរដ្ឋ​​សូម​រដ្ឋាភិបាល​មេត្តា​ជួយ​ដល់​ពួកគាត់​ដើម្បី​ឲ្យ​ផលិត​ផល​ក្នុងស្រុក​អាច​ប្រើ​ប្រាស់​បាន។

សរុបទៅទំនិញប្រើប្រាស់សព្វយ៉ាងនៅក្នុងផ្ទះគួរតែទំនិញឬជាផលិតផលនៅក្នុងស្រុក រាប់ចាប់តាំងពីក្នុងទូរទឹកកក រហូតដល់ផ្ទះបាយ និង គេហដ្ឋានទាំងមូល។ ទំនិញណាដែលយើងផលិតមិនទាន់បាន គ្មានផលិតផលនាំចូលពី ប្រទេសជំនួសសូមអត់ធ្មត់សិនទៅ។ សូមដាក់កម្រិតនិងកំណត់ព្រំដែនតម្រូវការយើងឲ្យច្បាស់លាស់។ សូមរឹងប៉ឹងហើយជួយគ្នាដើម្បីឆ្លងកាត់ដំណាក់កាលដែលយើងកំពុងតែ ជួបប្រទះនៅការលំបាកនៅពេលបច្ចុប្បន្ននេះឲ្យបាន៕

Daily Program

Livesteam thumbnail