នៅកម្ពុជា គ្រឿងស្រវឹង​ និង​បារី​ បណ្ដាលឲ្យស្លាប់មនុស្ស​ជាង១ម៉ឺននាក់​ក្នុង​១ឆ្នាំ

ក្នុងពេល​បច្ចុប្បន្ន​នេះ នៅកម្ពុជា​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​ដែល​ច្រើន​ជាង​គេ​នោះ​បានបង្កឲ្យ​ប្រជាជន​ខាតបង់​ពេល​វេលា​និង​ប្រាក់កាស​ជា​ច្រើន នោះ​គឺ​មហារីកថ្លើម។

​ជំងឺ​នេះ​បាន​វិវដ្ត​បន្តិចម្តងៗ​ ចំពោះ​អ្នកដែល​មាន​បញ្ហា​​ថ្លើម  និង​ទាមទារ​ការព្យាបាល ការ​យកចិត្តទុកដាក់និងការ​ប្រុងប្រយ័ត្នខ្ពស់។

តាមឯកសារដែលចេញដោយក្រសួងសុខាភិបាលនៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា​ មហារីកថ្លើម ជាមហារីកដែលកើតច្រើនជាងគេនៅកម្ពុជានៅក្នុងចំណោមអ្នកជំងឺមហារីកដែលត្រូវបានគេរកឃើញ។

ប្រភពដដែលបានឲ្យដឹងថា អ្នកកើតជំងឺមហារីកនៅកម្ពុជាគឺមានប្រមាណជាជិត២ម៉ឺននាក់ហើយ នៅក្នុងនោះ វាក៏បានសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋយើងសរុបប្រមាណជា​ជិត១ម៉ឺន៤ពាន់នាក់ដែរ។​

ជំងឺមហារីកដែលកើតមាននៅកម្ពុជាមានច្រើនប្រភេទ ប៉ុន្តែអ្វីដែលជាជំងឺមហារីកច្រើនជាងគេ ពោលគឺប្រមាណជា ១៧,៧ភាគរយ គឺជំងឺមហារីកថ្លើម បន្ទាប់មកគឺជំងឺមហារីកសួត ដែលមាន១០,៩ ភាគរយ​។ ជំងឺមហារីកទាំងពីរនេះ ដើមចមសំខាន់គឺគ្រឿងស្រវឹង និង ការជក់បារី។

ក្រៅពីនោះគឺមានមហារីកសុដនមាន១០,៧ ភាគរយ ជំងឺមហារីកពោះវៀនធំឫរន្ធគូទគឺមានប្រមាណជា​៨,៧ ភាគរយ ជំងឺមហារីកមាត់ស្បូនគឺមាន ៦,៤ ភាគរយ ហើយនៅមានជំងឺមហារីកផ្សេងៗទៀតសរុបទៅគឺប្រមាណជា ៤៥,៦ភាគរយ​។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្វីដែលគួរឲ្យកត់សំគាល់គឺថា អ្នកជំងឺមហារីកទាំងនោះមានដល់ទៅ ១៣,១ភាគរយដែលកើតមានមុនពេលពួកគេអាយុ ៧៥​ឆ្នាំ។​

សូមយកចិត្តទុកដាក់អំពី​សុខភាព ពីព្រោះមកដល់ពេលនេះប្រភពដែលបង្កឲ្យមានការពុលថ្លើមរហូតដល់កើតជាជំងឺមហារីកនោះ គឺមួយភាគធំត្រូវបានគេស្តីបន្ទោសទៅលើការប្រើប្រាស់គ្រឿងស្រវឹង។

ការប្រើប្រាស់គ្រឿងស្រវឹងនោះហើយដែលជាប្រភពធ្វើឲ្យពុលថ្លើម ហើយវិវត្តន៍ទៅជាមហារីកថ្លើម ឬក្រិនថ្លើមដែលពិបាកនឹងព្យាបាលបាន។​

សរុបទៅដើម្បីចូលរួមកាត់បន្ថយការស្លាប់ដោយសារតែគ្រោះបណ្តាលមកពីការរីករាលដាលនៃជំងឺមហារីក យើងទាំងអស់គ្នាគួរតែព្យាយាមកាត់បន្ថយអ្វីដែលជាមូលហេតុបណ្តាលឲ្យកើតជម្ងឺទាំងនោះ ហើយត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពដើម្បីយើងអាចដឹងមុន នាំឲ្យយើងអាចរកការព្យាបាល និង ទប់ស្កាត់ទាន់ពេលវេលាបាន។

 

 

 

Daily Program

Livesteam thumbnail