នាយករដ្ឋមន្រ្តីរំលឹកទៀតហើយ រឿងភេសជ្ជៈប៉ូវកម្លាំងតាមសាលារៀន !

សាលារៀនទាំងរដ្ឋនិងឯកជនដែលមិនទាន់អនុវត្តតាមបម្រាមដែលក្រសួងអប់រំ យុវជននិង កីឡាចេញកាលពីចុងឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការលក់ ចែកចាយ និង ធ្វើពាណិជ្ជកម្មភេសជ្ជៈប៉ូវកម្លាំងគួរតែអនុវត្តឲ្យបានដាច់ខាត ពីព្រោះវាគឺជារឿងសុខមាលភាពសាធារណៈដែលរាជរដ្ឋាភិបាលកំពុងតែគិតគូរ។​

ពាក់ព័ន្ធនឹងបម្រាមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងពេលចូលរួមជាអធិបតីបិទសន្និបាតប្រចាំឆ្នាំ២០២៤និងទិសដៅឆ្នាំ២០២៥របស់ក្រសួងអប់រំ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ បានរំលឹកជាថ្មីទៀតហើយ ដោយសុំឲ្យក្រសួងពង្រឹងការអនុវត្តតាមបម្រាមនេះ ពីព្រោះអនាគតកុមារនឹងគ្រោះថ្នាក់នៅពេលអនាគតប្រសិនបើសាលារៀន​ដែលជាគ្រឹះស្ថានអប់រំនៅក្នុងប្រទេសមិនយកចិត្តទុកដាក់ទេនោះ។​

សម្តេចធិបតីបានលើកឡើងថា នេះមិនមែនជារឿងលេងសើចទេ វាគឺជារឿងអនាគតរបស់ប្រទេសជាតិ ពីព្រោះប្រសិនបើប្រហែស នៅពេលអនាគតដែលពួកគេមានអាយុ៣០ឆ្នាំឡើង ពួកគេមិនមែនជាគុណវឌ្ឈន៍សម្រាប់សង្គមនោះទេ។ ពួកគេអាចនឹងក្លាយជាបន្ទុករបស់សង្គមដោយសារតែពពួកភេសជ្ជៈលើកកម្លាំងទាំងអស់នេះ។

កាលពីខែធ្នូ​ឆ្នាំ២០២៤ សម្តេចធិបតីក៏បានលើកឡើងបញ្ហានេះជាសាធារណៈសុំឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើបញ្ហាទទួល​ទាន​ភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលារៀន ហើយក្រោយពេលអនុសាសន៍នេះចេញ ក្រសួងក៏បានចេញសេចក្តីណែនាំមួយ ហាមប្រាមគ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជនលើបញ្ហានេះ។

នៅពេលនោះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ហាមការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង​និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដោយសារតែការព្រួយបារម្ភពីផលប៉ះពាល់សុខភាពរបស់សិស្សបណ្តាលមកពីភេសជ្ជៈប៉ូវកម្លាំង។

ក្នុងសេចក្តីណែនាំ ក្រសួងអប់រំ បានគូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធការលើកកម្ពស់​សុខ​ភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំស្តីពី​ការពង្រឹងវិធានការអនុវត្ត​លើក​កម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី​អាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ទាំងសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញការ​អនុវត្តនៅមិនទាន់បានគ្រប់ជ្រុងជ្រោយតាមសេចក្ដីណែនាំនៅឡើយ។

ក្នុងស្មារតីខាងលើ ក្រសួងបានប្រកាស​ហាមឃាត់​ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិត​ផល​ភេសជ្ជៈប៉ូវកម្លាំងគ្រប់​ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណ​គ្រឹះ​ស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថាន​អប់រំ​បច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដើម្បីពិនិត្យនិងពង្រឹងការអនុវត្តតាមអនុសាសន៍លើបញ្ហានេះ ក្រសួងអប់រំគួរតែបង្កើតយន្តការត្រួតពិនិត្យ នៅតាមសាលាឲ្យបានហ្មត់ចត់ ហើយនៅក្នុងករណីសាលាណានៅមានការចែកចាយ និង តាំងលក់ភេសជ្ជៈនេះទៀត គួរតែមានបែបបទពិន័យឲ្យបានតឹងរ៉ឹង​​។ សូមកុំភ្លេចជំងឺដែលបណ្តាលមកពីការទទួលភេសជ្ជៈទាំងនេះ គឺគ្រោះថ្នាក់ណាស់សម្រាប់សុខភាពសាធារណៈនៅកម្ពុជា។ ជំងឺនេះគឺជាប្រភពនៃបន្ទុករបស់បុគ្គល គ្រួសា និង សង្គមដ៏ធ្ងន់ធ្ងរ៕

Daily Program

Livesteam thumbnail