ទំនេរគួរគេងឲ្យគ្រប់ ប្រសើរជាងចំណាយពេលអង្គុយឈឺខ្នងឈឺចង្កឹះនៅវង់ផឹកស៊ី!
សូមទោសនិយាយត្រង់ៗពេក ! ប៉ុន្តែយើងគួរតែនិយាយពីព្រោះមនុស្សយើងសម័យនេះហាក់ជាអោយតម្លៃខ្លាំងណាស់លើការផឹកស៊ីហូបចុកជុំគ្នា។
ការផឹកស៊ីហូបចុកនិងប្រើប្រាស់គ្រឿងស្រវឹង គួរតែកាត់បន្ថយ ហើយគួរតែទុកពេលវាទំនេរ ដើម្បីគិតអំពីសុខភាព គិតអំពីភាពកក់ក្តៅនៅក្នុងគ្រួសារ ហើយសំខាន់គឺសុខភាពខ្លូនយើង ។
នៅពេលនេះអ្នកខ្លះហត់នឹងការងារ ហត់នឹងមុខរបរពេញមួយថ្ងៃប៉ុន្តែទំនេរភ្លាម ក៏តាំងបបួលគ្នីគ្នាអង្គុយជុំផឹកស៊ីសឹងតែរាល់ពេលរហូតដល់ពេលនេះ នៅលើទីផ្សារស្រាបៀប្រភេទណាក៏នៅក្នុងស្រុកខ្មែរយើងសឹងតែមានគ្រប់ប្រភេទ ហើយស្រាបៀរខ្លះបានមកតម្លើងរោងចក្រផ្ទាល់នៅក្នុងស្រុកថែមទៀត។
សូមព្យាយាមបំភ្លេចរឿងផឹកស៊ីនេះខ្លះទៅ ហើយមករិះគិតរឿងដំណេកវិញ។ ទំនេរពីការងារ ពីមុខរបរ បើយកល្អគួរតែនាំគ្នាចូលសម្រាកចូលគេង វិញពីព្រោះការគេង ជាពេលវេលាដែលរាងកាយនិងខួរក្បាលស្ថិតនៅក្នុងសភាពដែលញាណរបស់យើងនិងសាកថាមពលឡើងវិញ ។
នៅក្នុងអំឡុងពេកគេ រាងកាយរបស់យើងសម្រាក ហើយមុខងារពិសេសផ្សេងៗត្រូវបានជូសជុល និងកែសម្រួលដល់មុខងារសុខភាពខួរក្បាល និងសុខភាពរាងកាយ ប៉ុន្តែប្រសិនបើពេលទំនេរយើងយកពេលនេះទៅអង្គុយផឹកស៊ីខកខានពេលគេង បញ្ហានឹងនឹងកើតមានជាបន្តបន្ទាប់។
តាមឯកសារមួយដែលផ្សព្វផ្សាយដោយមជ្ជមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅក្នុងមួយជីវិតរបស់មនុស្ស គឺត្រូវការចំណាយពេលប្រហែលជាមួយភាគបីលើការគេង។ តើអ្នកមានដែលសង្កេតឃើញខ្លួនឯងទេ ថ្ងៃណាដែលអ្នកគេងលក់ស្កប់ល្អពេលក្រោកមក តើជិវិតរបស់មានអារម្មណ៍យ៉ាងណា ? ហើយនៅពេលអ្នកអង្គុយផឹកស៊ីហើយចូលសម្រាកយឺតក្រោកមក តើវាស្រមេមស្រម៉ាមប៉ុណ្ណា ។
ជាទូទៅមនុស្សពេញវ័យគូរគេងចន្លោះពី ៧ទៅ៨ម៉ោង ក្មេងគួរគេងពី ៩ ទៅ ១៣ ម៉ោង ហើយទារកគឺពី ១២ ទៅ១៥ ម៉ោង ប៉ុន្តែក្រុមអ្នកផឹកអ្នកស៊ីនៅពេលនេះ អ្នកខ្លះគេងបានមួយថ្ងៃយ៉ាងច្រើន ៤ទៅ៥ម៉ោងឫតិចជាងនេះផង ហើយនៅពេលដែលគេងនោះទៀតសោតក៏សុខភាពនៃការគេងក៏មិនស្រួលដែរ ។
សរុបសេចក្តីទៅការផឹកស៊ីគួរតែកាត់បន្ថយ ហើយបង្កើនម៉ោងពេលសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីជាប្រយោជន៍ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយ របស់យើង ហើយយើងក៏អាចនឹងសន្សំសំចៃថវិការបានមួយផ្នែកធំសម្រាប់ទំនុកបម្រុងគ្រួសារយើងផងដែរ៕