ទេសចរណ៍កម្ពុជា បើគ្មាន “ ៥ កុំ “ អាចមានសង្ឃឹមខ្លាំង
វិស័យទេសចរណ៍នៅក្នុងស្រុកយើងទំនងជាចង្រៃខ្លាំងដោយសារតែ “ ៥ កុំ “ ដូច្នេះបើមិនចង់ឲ្យបន្តចង្រៃហើយអាចស្រូបទាញភ្ញៀវទេសចរបរទេសខ្លាំង សូមទាំងអស់គ្នាលុបបំបាត់ឲ្យបាននូវ អា “ ៥ កុំនេះ”។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ហើយដែលគេដឹងថា ជាអ្នកនៅក្នុងវិស័យនេះដ៏ចាស់វង្សាមួយរូបបានបង្ហាញដោយចំហរ នៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ អំពីពាក្យ “ ៥កុំ “ នេះ។
ពាក្យ “ ៥កុំ” នេះ គឺរួមមាន “ កុំកាប់ កុំកោរ កុំកឹប កុំកេង កុំកុហក “ គឺជាគន្លឹះស្លាប់រស់នៅក្នុងការពង្រឹងនិងជំរុញការទាក់ទាញភ្ញៀវទេសចរបរទេសមកកំសាន្តនៅកម្ពុជា។
លោក បន្ត ដើម្បីអភិវឌ្ឈន៍វិស័យទេសចរណ៍នៅកម្ពុជា ទាំងអស់គ្នាត្រូវរួមគ្នា ពង្រឹងសណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ និងបដិសណ្ឋារកិច្ច ដោយកុំកាប់ កុំកោរ កុំកឹប កុំកេង កុំកុហក ដែលនាំឱ្យទេសចរមិនត្រឡប់មកទៀត និងបាត់បង់។ ទេសចរភ្លេចរបស់យកជូនគេវិញទៅ ។
លោកបានបន្តថា ទេសចរជាមនុស្សនាំលាភ ហើយក៏ជាឆ្នាំងបាយរួមរវាងរដ្ឋនិងឯកជន។ បោកទេសចរដូចបោកឆ្នាំងបាយគ្រួសារឯងចឹង។ បើគ្មានទេសចរយើងនឹងបាត់បង់អ្វីៗទាំងអស់។ ផ្តល់ការញញឹម រួសរាយ រាក់ទាក់ យកអាសារ ដែលមានពីកំណើតមកប្រើ ដោយមិនអស់ប្រាក់ ផ្តល់ជូនទេសចរ”។
អ្វីដែលលោក ហូ វណ្ឌី បានលើកឡើងគឺពិតជាឆ្លុះបញ្ចាំងនូវតថភាពពិតនៃវិស័យទេសចរណ៍នៅកម្ពុជាមែន ពីព្រោះតែសព្វថ្ងៃនេះ ៥ចំណុចនេះ រងការរិះគន់ច្រើន ហើយក៏មានការពិភាក្សានិងចែករំលែកអាក្រក់ជាច្រើនពីវិស័យទេសចរនៅកម្ពុជា។
សូមកុំលេងសើច “៥កុំ” នេះគឺពិតជាចំណុចស្លាប់រស់សម្រាប់វិស័យទេសចរណ៍របស់យើង ដូច្នេះរាល់អ្នកដែលពាក់ព័ន្ធជាពិសេសគឺបងប្អូនដែលដល់សេវាកម្មនានាដល់អ្នកទេសចរ ដោយរួមទាំងខាងបដិសណ្ឋាកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ដឹកជញ្ជួន ក៏ដូចជាមន្រ្តីនិងអាជ្ញាធររួមគ្នាកាត់បន្ថយ ហើយប្រសិនបើអាចគឺលុបបំផុត អា “៥កុំនេះ” អោយបាន។
យើងទាំងអស់គ្នាសុទ្ធតែដឹងថា ថា “៥កុំ “ នេះ គ្រោះថ្នាក់ ប៉ុន្តែមិនព្រមអនុវត្តមិនព្រមកែលំអរ មិនព្រម ពង្រឹង គឺចេះតែហីៗ ហើយឆ្លៀតឱកាសជាប្រចាំ ដូចនេះប្រសិនបើយើងមិនកែលំអរទេនោះ យើងអាចនឹងពិបាកនៅពេលអនាគត៕