ទទួលទានបាយកញ្ចប់វេចពីផ្ទះអន់ មែនទេ ?​

សម័យនេះតើការទទួលទានបាយឫអាហារក៏ដូចជាភេសជ្ជៈវេចមកពីផ្ទះគឺមិនទាន់សម័យ មិនចូលសង្គម និយាយឲ្យចំទៅអន់ មែនឬ?​

សម្រាប់មនុស្សមួយចំនួនអាចកំពុងតែគិតបែបនេះ ហើយតែងតែមើលដើមភ្នែក ឬចុងភ្នែកលើអ្នកដែលវេចបាយពីផ្ទះមកទទួលទាន។ អ្នកខ្លះក៏ថែមទាំងនិយាយផ្លែផ្កា ឬក៏បន្តុះបង្អាប់ផងក៏មាន ប៉ុន្តែកុំភ្លេចថា សកម្មភាព និងទង្វើបែបនេះគឺនាំឲ្យខ្លួនទទួលការវាយតម្លៃអវិជ្ជមានទៅវិញទេ។​

សូមកុំអោយតម្លៃលើរបស់ដែលអ្នកកំពុងតែចេញទៅទទួលទាននៅក្រៅផ្ទះរាល់ថ្ងៃខ្លាំងពេក ពីព្រោះបើនិយាយអំពីគុណតម្លៃ និងប្រយោជន៍រវាងអាហារដែលចំអិននៅផ្ទះហើយវេចមកទទួលទាននៅកន្លែងធ្វើការនិងអាហារដែលលក់ស្រាប់នៅតាមហាង  ហើយដល់ម៉ោងនាំគ្នាចេញទៅទទួលទាននោះគឺវាមានគុណតម្លៃខុសគ្នា ។

អាហារលក់ស្រាប់ធ្វើឲ្យអ្នកស្រួល មិនហត់ក្រោកឡើងចំអិន មិនធ្វើឲ្យអ្នករវល់នៅផ្ទះ ពិតប្រាកដមែន ប៉ុន្តែសូមកុំភ្លេចថា អាហារទាំងនេះមិនប្រាកដថា ឆ្ងាញ់ មានអនាម័យ មានសុវត្ថិភាព និង មានជីវជាតិគ្រប់គ្រាន់ដូចជាអាហារដែលយើងចំអិននៅផ្ទះបានឡើយ ។​

អាហារក្រៅផ្ទះជាទូទៅថ្លៃដូច្នេះការដែលអ្នកយកលុយទៅចំណាយញាំក្រៅរាល់ថ្ងៃគឺអាចជាការខ្ជះខ្ជាយមួយ​ ពីព្រោះអាហារដែលចំអិននៅផ្ទះ អស់តិចហើយអាចទទួលទានបានច្រើនគ្នា ខណៈដែលអាហារដែលអ្នកញាំស្រាប់គឺបានតែម្នាក់ឯងពោលគឺហូបឆ្អែតតែមួយពោះឯង ។

អាហារចំអិននៅផ្ទះ ថ្វីត្បិតតែអ្នកចំអិនខ្លះខ្វះសិល្បៈ ឬវិធីសាស្រ្តរៀបចំមិនល្អក៏ពិតមែន ប៉ុន្តែធានាថា ទាំងបន្លែបង្ការ ត្រីសាច់គឺលាងសំអាតត្រឹមត្រូវ មានអនាម័យ។ ម្យ៉ាងវិញទៀត នៅក្នុងករណីអាហារនោះចំអិនដោយអ្នកមានគុណពោលគឺម្តាយ​ឫជីដូន ជាពិសេសគឺភរិយាទៀតនោះ វារិតតែមានតម្លៃខ្លាំងមែនទែន ។​

សូមគិតមើលទៅ ទទួលក្រៅមួយពេលឥឡូវយ៉ាងហោចណាស់ក៏អស់១ម៉ឺនរៀលដែល ចុះហើ​យហូប៣០ថ្ងៃនៅក្នុងមួយខែម្នាក់អស់ប៉ុន្មាន ចុះបើផ្ទះយើងសមាជិកចាប់ពី៤នាក់ឡើងដើរវាអស់ប៉ុន្មានម៉ឺនរៀន ហើយមួយខែយើងចំណាយប៉ុន្មាន ប៉ុន្តែប្រសិនបើយើងយកលុយចំ​ណា​យនេះមកទិញម្ហូប មានត្រី មានសាច់ មានបន្លែហើយចំអិនដាក់ខ្ចប់ត្រឹមត្រូវយកមកទទួ​លទា​នយើងអាចសន្សំសំចៃបានមួយចំណែក។​

សរុបមកវិញការហូបក្រៅ ឬវេចខ្ចប់បាយមកទទួលទាននៅកន្លែងធ្វើការគឺជាសិទ្ធិរបស់មនុស្សម្នាក់ៗ​ ប៉ុន្តែជារួមបើនិយាយអំពីគុណតម្លៃនិងការសន្សំសំចៃ ហើយក៏ដូចជាអនាម័យនឹងជីវ​ជាតិដល់រាងកាយ មានតែទទួលទានអាហារវេចខ្ចប់ពីផ្ទះទេ ដែលប្រសើរ ហើយមានគុណតម្លៃច្រើន  ដែលមិនគួរមើលស្រាល​៕

Daily Program

Livesteam thumbnail