ថ្ងៃចុងសប្តាហ៍គ្រួសារគួរធ្វើអ្វី?
ជាទូទៅនៅថ្ងៃសៅរ៍ និងអាទិត្យ គឺជាថ្ងៃចុងសប្តាហ៍ដែលពលរដ្ឋជាទូទៅភាគច្រើនសម្រាក ការងារ ដូច្នេះគ្រួសារនីមួយៗដែលជាកោសិកាសង្គមគួរតែធ្វើអ្វី ? តើគួរតែនាំគ្នាដើរលេងស៊ី ចាយនៅក្រៅផ្ទះ ឬក៏គួរតែជួបជុំគ្នានៅក្នុងគ្រួសាររួមគ្នាហើយបង្កើតសមិទ្ធផលសប្បាយៗរួមគ្នា?
នៅក្នុងករណីយើងមានចំណូលច្រើននៅចុងសប្តាហ៍នាំក្រុមគ្រួសារដើរលេង និងទទួលទាន ខាងក្រៅខ្លះជូំគ្នាក៏ម្យ៉ាង ប៉ុន្តែសូមកុំញឹកញាប់ពេក ពីព្រោះទំនិញនិងការចំណាយការហូបចុក នៅក្រៅផ្ទះម្តងៗអស់មិនតិចនោះឡើយ ។
សម្រាប់អ្នកដែលមិនសូវមានចំណូលច្រើន ចម្លើយដែលប្រសើរបំផុតគឺគួរតែជួបជុំគ្នានៅក្នុង សមាជិកគ្រួសារធ្វើនេះធ្វើនោះ ទាំងអស់គ្នា ដោយរួមទាំងការរួមគ្នាឫក៏ជួយគ្នាបោកសម្លៀក បំពាក់ជូតសម្អាតផ្ទះសម្បែង ដុសលាងបង្គន់ និងកិច្ចការនានានៅក្នុងផ្ទះ ហើយក៏គួរតែជួយគ្នាធ្វើម្ហូបរួមគ្នាតាមចំណងចំណូលចិត្តសម្រាប់គ្រួសារ។
នៅសម័យនេះកាន់ត្រឹមតែលុយ៥០ ដុល្លារ ឬ២០ម៉ឺនរៀលទៅទទួលទានខាងក្រៅផ្ទះ មួយពេល កុំថាឡើយដល់អាហារថ្ងៃត្រង់ សូម្បីតែអាហារពេលព្រឹកដែលមានគ្នាត្រឹម៤ទៅ៥នាក់ អីគឺសឹងតែមិនគ្រាន់ ។ ប៉ុន្តែប្រសើបើយើងយកលុយនេះ ទៅចំណាយទិញជាត្រី ជាសាច់ ជាគ្រឿងសមុទ្រ បន្លែបង្កា និងគ្រឿងផ្សំ ហើយជួយគ្នាធ្វើមួយដៃមួយជើង គឺនឹងអាចទទួលបាន ម្ហូបអាហារចុងសប្តាហ៍យ៉ាងឆ្ងាញ់ពិសារ ហើយបរិបូរណ៍ មិនតែប៉ុណ្ណោះគឺអាចនឹងសល់ សាច់ ម្ហូប និងបន្លែ ក្លាសេទុកនៅក្នុងទូរទឹកកក ចំអិនទទួលទានលើសពីមួយសប្តាហ៍ថែមទៀតក៏បានដែរ។
ការចំណាយ និងធ្វើសកម្មភាពរួមគ្នាបែបនេះគឺពិតជាមានប្រយោជន៍ណាស់សម្រាប់គ្រួសារនីមួយៗនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ខណៈដែលលុយពិបាករក ហើយបែរជាចាយស្រួលៗ យ៉ាងនេះ ។
នៅសម័យនេះយើងចង់បានម្ហូបអីក៏ងាយស្រួលដែលគឺគ្រាន់តែមើលយូធូប គឺអាចរៀនចំអិន រៀនធ្វើតាមបានយ៉ាងប្រសើរ ហើយថែមទាំងអស់កែច្នៃវាចេញជារស់ជាតិដែលគ្រួសារយើង ចូលចិត្តថែមទៀតផងដ ។
ការចំណាយពេលចុងសប្តាហ៍បែបនេះ វាពិតជាមានប្រយោជន៍ច្រើនណាស់ ពោលគឺវាគឺការជួយបំណិនជីវិតដល់កូនៗអោយពូកគេយល់និងទម្លាប់រស់នៅស្អាត មានបំណិនខាងម្ហូបអាហារ ដែលពួកគេអាចពឹងផ្អែកនៅលើខ្លួនឯងបាន ហើយក៏ជាបំណិនដែលនឹងជួយឲ្យគ្រួសារចេះទុកធុរៈគ្នា ចេះជួយគ្នា និងជាពិសេសគឺកសាងអន្តរទំនាក់ទំនងនៅក្នុងគ្រួសារ ឲ្យមានភាពរស់រវើក និងមានភាពកក់ក្តៅផងដែរ៕