តើអ្វីនៅពីក្រោយការរុះរើរដ្ឋមន្រ្តីក្រសួងការបរទេស?​

ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិបានក្លាយជាស្ថាប័នរដ្ឋទី៣ដែលត្រូវបានរុះរើដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។​ តើអ្វីនៅពីក្រោយការរុះរើនេះ?

បន្ទាប់ពីមានការផ្លាស់ប្តូរក្រសួងគ្នាដឹកនាំ កាលពីពេលថ្មីៗកន្លងទៅនេះ រវាងក្រសួងទេសចរណ៍ និង ក្រសួងអធិការកិច្ច ឥឡូវនេះ ចូលដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិវិញម្តង។​

នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន ដែលជាអនុប្រធានព្រឹទ្ធសភាទី១ បានត្រូវរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យវិលមក កាន់​តំណែងជា ​រដ្ឋមន្ត្រី​ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិសា​ជាថ្មី​បន្ទាប់ពីលោក បានដឹកនាំក្រសួងនេះពីខែកញ្ញា ឆ្នាំ២០១៨ ដល់ ខែសីហា​ឆ្នាំ​២០២៣។​

តើមូលហេតុអ្វីបានជាមានការរុះរើថ្មីបែបនេះ ខណៈដែល លោក សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន​បានកាន់កាប់ការងារនេះបន្តពីលោក ប្រាក់ សុខុន បានរយៈពេល​១៥​ខែកន្លងមកនោះ។

មកដល់ពេលនេះគ្មានការបង្ហើបជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ពាក់ព័ន្ធនឹងការរុះរើជាថ្មី ហើយចំ ក្រសួងដ៏សំខាន់ដែលពាក់ព័ន្ធនឹងជីបចរការទូតរបស់កម្ពុជា។

លោក ប្រាក់ សុខុន ដែលមានប្រវត្តិជាអ្នកសារព័ត៌មាន នៅក្នុងអំឡុងពេលកាន់តំណែងនេះអណត្តិមុន គឺអាចចាត់ទុកថា ជាបុគ្គលការទូតដ៏រស់រវើកមួយរូប នៅក្នុងប្រទេសនិងនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដោយលោកធ្លាប់ជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន  និង កិច្ចការការទូតពាក់ព័ន្ធនឹងភាពតានតឹងខាងនយោបាយនៅមីយ៉ាន់ម៉ា នៅក្នុងតំណែងជាបេសកជនរបស់ប្រធានអាស៊ាន កាលពីឆ្នាំ២០២២។​

ការផ្លាស់ប្តូរនេះ អាចដោយសារតែ លោក ប្រាក់ សុខុន ជាអ្នកមានបទពិសោធន៍ ស្របពេលដែលកម្ពុជា​គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសនិយាយភាសាបារាំងនៅក្នុងឆ្នាំ២០២៦ខាងមុខ​ក៏ថាបាន។​

នៅក្នុងអំឡុងកាន់តំណែងនេះនាអណត្តិមុន លោក ប្រាក់ សុខុន អាចត្រូវបានចាត់ទុកថា ជាអ្នកការទូតដែលមានទេពកោសលើខាងប្រើប្រាស់សមភូមិព័ត៌មាន ហើយជាអ្នកការទូតអោយតម្លៃនៅលើព័ត៌មានមួយរូប។

ព័ត៌មាននៃការរុះរើនេះ គឺត្រូវបានរក្សាយ៉ាងស្ងាត់​បំផុត ហើយទើបតែបែកធ្លាយ នៅពេលដែលរដ្ឋសភាប្រជុំកាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា និង ការរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី​២០ ខែវិច្ឆិកានេះប៉ុណ្ណោះ។

សរុបមកវិញទោះបីជាដំណើរការដោះដូរនេះដោយសារតែមូលហេតុអ្វីក៏ដោយ ក៏នេះគឺជារឿងធម្មតា នៅក្នុងជួរដ្ឋាភិបាល។ សមត្ថភាពនិងឧត្តមភាពការងារគឺជារឿងសំខាន់បំផុត ហើយសង្ឃឹមថា នៅពេលដែល មានរុះរើ កម្ពុជានឹងបន្តដើរតួនាទីកាន់តែសកម្មនិងខ្លាំងក្លាបន្ថែមទៀត ដើម្បីកសាងកិត្យានុភាពជាតិ។

Daily Program

Livesteam thumbnail