ដើមឆ្នាំសញ្ញាល្អ ! ប៉ុន្តែកុំភ្លេចរឿងអសកម្មប៉ះពាល់ដល់សេដ្ឋកិច្ច

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាឃើញថា ១ខែដើមឆ្នាំ២០២៥នេះស្ថានភាពពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​បាន​កើន​ឡើងដល់ទៅ ២៤,៦ ភាគរយ​ នេះគឺជាសញ្ញល្អ ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ន ហើយយកចិត្តទុកដាក់រឿងអសកម្មនានាប៉ះពាល់ដល់សេដ្ឋកិច្ចពីព្រោះស្ថានការណ៍ពិភពលោកកំពុងវិលវល់​។

របាយការណ៍ផ្លូវការមួយបានបង្ហាញកាលពីថ្ងៃចន្ទ ហើយត្រូវបានដកស្រង់ចុះផ្សាយជាបន្តបន្ទាប់បង្ហាញថា ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាឈានដល់ តម្លៃ៥,០៥ ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២៥ ឃើញថា កើនឡើង ២៤,៦ភាគរយ នេះបើធៀបនឹងទំហំនាំចេញកាលពីខែមករាឆ្នាំ២០២៤  ដែលសម្រេចបានត្រឹម ៤,០៥ ពាន់លានដុល្លារនោះ។

នៅក្នុងខែមករា ឆ្នាំ២០២៥នេះ ស្ថិតិបានបង្ហាញថា សម្រាប់ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ២,៣ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ ធៀបនឹង ១,៩៦ពាន់លានដុល្លារនៅក្នុងរយៈពេលដដែលកាលពីឆ្នាំ២០២៤  ខណៈដែលការនាំចូលសរុបបានកើនឡើងដល់ ២,៧៥ ពាន់លានដុល្លារ កើនឡើង ៣១,៥ភាគរយ។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ចិននៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា តាម​ពីក្រោយ​ដោយ​សហរដ្ឋ​អាមេរិក វៀតណាម ថៃ និង​ជប៉ុន​ ហើយផលិតផលដែលកម្ពុជានាំចេញគឺមាន ផលិតផលកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ កៅស៊ូស្ងួត អង្ករ ចេក ស្វាយចន្ទី ស្វាយ និង មៀន ហើយបាន នាំចូលវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ ប្រេងឥន្ធនៈ សម្ភារៈសំណង់ រថយន្ត និងម៉ូតូ ផលិតផលប្រើប្រាស់ ផលិតផលឱសថ។ល។

ស្ថានភាពនៅខែមករានេះប្រសើរ ប៉ុន្តែចាប់ពីពេលនេះតទៅកម្ពុជាគួរកុំប្រហែស ហើយមោទនភាពអោយសោះ ពីព្រោះស្ថានភាពកំពុងតែមន្ទិលដោយសារតែចំណាត់ការប្លែកៗរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានចូលមកកាន់តំណែង ហើយប្រកាសគោលនយោបាយជាច្រើនដែលអាចប៉ះពាល់ដល់កម្ពុជារាប់តាំងពី ពីកាត់ជំនួយ ដាក់ពន្ធលើគេឯងជាដើម។

នៅពេលនេះកម្ពុជាក៏មានទំនាក់ទំនងពាណិជ្ជកម្មមិនធម្មតាដែរជាមួយសហរដ្ឋអាមេរិក ដូច្នេះប្រហែសមិនបានទេ។

នៅក្នុងស្ថានភាពបែបនេះ ​អ្នកនៅកម្រិតដឹកនាំកំពុងតែគិតអំពីគោលនយោបាយនិងយុទ្ធសាស្រ្តពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ច ហើយពាណិជ្ជករក៏កំពុងតែវិភាគនិងតាមដានព្រឹត្តិការណ៍ដើម្បីធ្វើជំនួញឲ្យចំណេញ។ ចំណែកអ្នកប្រតិបត្តិករនានា ដែលមានពលរដ្ឋនិងសមត្ថកិច្ច គឺកុំផ្តេសផ្តាស  ពីព្រោះតែកើតរឿងអសកម្មរំខានដល់សេដ្ឋកិច្ចបន្ថែមទៀត ផលប៉ះពាល់អាចនឹងកើតមាន។

សរុបទៅនៅក្នុងស្ថានភាពបែបនេះ សូមបន្តយកចិត្តទុកដាក់និងតាមដានសភាពការណ៍ហើយខិតខំបំពេញការងារនិងទំនួលខុសត្រូវតាមតួនាទីនិងការងារ។​ សូមលើកកំពស់ការប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើងថែមទៀត បើមិនដូច្នេះទេ យើងក៏អាចពិបាក។ ឆ្នាំ២០២៥ ទើបតែបាន១ខែ១០ថ្ងៃជាងប៉ុណ្ណោះ នៅពេលវេលាយូរណាស់ ហើយយើងក៏មិនទាន់ដឹងថា នឹងឆ្លងកាត់ព្យុះភ្លៀងអ្វីថ្មីទៀតនោះទេ៕

 

 

Daily Program

Livesteam thumbnail