ជំនាញគួរចុះពិនិត្យនិងរៀបចំស្តង់ដារសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈឲ្យអស់ !
ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជាមានច្រើនកន្លែង ជាពិសេសនៅរាជធានីភ្នំពេញកន្លែងខ្លះទល់មុខគ្នាហើយនៅក្នុងភូមិសាស្រ្តដែលមានផ្ទះប្រជាពលរដ្ឋណែន ដូច្នេះគប្បីរឹតបន្តឹងស្តង់ដារសុវត្ថិភាពឲ្យបានប្រសើរដើម្បីកុំអោយពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាពិសេសគឺគ្រោះអគ្គីភ័យ។
តាមលិខិតចេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រសួងរ៉ែនិងថាមពលបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មីមួយរយៈ។ ប្រភពដដែលបានបន្តថា ការផ្អាកនេះ គឺបណ្តោះអាសន្នទេ ពោលគឺ ចាប់ពី ថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈឡើងវិញ និងកំណត់គោលការណ៍ក្នុងការអនុញ្ញាតឱ្យបង្កើតស្ថានីយថ្មីផងដែរ។
ប្រភពដដែលបានបន្តថា ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា។
នៅក្នុងអំឡុងពេលផ្អាកនេះនៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងក៏សូមឲ្យជំនាញពាក់ព័ន្ធយកចិត្តទុកដាក់លើការត្រួតពិនិត្យឲ្យបានច្បាស់លាស់លើបញ្ហាស្តង់ដាសុវត្ថិភាពនៅតាមស្ថានីយដែលមាន ដោយកំណត់អទិភាពជាបន្ទាន់នៅតាមស្ថានីយប្រេងឥន្ធនៈណាដែលមានទីតាំងនៅកន្លែងដែលមានប្រជាពលរដ្ឋរស់នៅច្រើន។
មកដល់ពេលនេះនៅតំបន់ខ្លះមានស្ថានីយប្រេងឥន្ធនៈជាច្រើន ហើយកន្លែងខ្លះមិនដឹងថា វាស្របច្បាប់ឬមិនស្របច្បាប់ទេ ប៉ុន្តែឃើញមានដល់ទៅពីរកន្លែងទល់មុខគ្នា សូម្បីតែកន្លែងនោះគឺជាតំបន់ដែលមានផ្លូវមិនធំទូលាយឡើយហើយសំខាន់ទីតាំងនោះគឺនៅកន្លែងដែលមានលំនៅស្ថានប្រជាពលរដ្ឋច្រើនកុះករ។
នៅតាមកន្លែងដែលស្ថានីយប្រេងឥន្ធនៈដែលមានស្ថានភាពបែបនេះ គឺវាមានហានិភ័យខ្ពស់ណាស់ប្រសិនបើកើតមានហេតុការណ៍ឬគ្រោះមហន្តរាយណាមួយកើតឡើងជាពិសេសគឺគ្រោះអគ្គីភ័យ ដូច្នេះហើយបានជា ក្រសួងនិងអ្នកជំនាញចាំបាច់កំណត់អាទិភាពចុះត្រួតពិនិត្យតាមទីតាំងទាំងនោះឲ្យបានត្រឹមត្រូវ ហើយកំណត់ឲ្យរៀបចំរឿងសុវត្ថិភាពជាពិសេសគឺបង្ការនិងការពារគ្រោះអគ្គីភ័យ ការលេចជ្រាបប្រេងឥន្ធនៈ។ល។
សរុបមក ការកើនឡើងយ៉ាងច្រើននៃស្ថានីយប្រេងឥន្ធនៈ ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅកុះករ និងមានស្ថានីយខ្លះទល់មុខគ្នា បានបង្កើនហានិភ័យខ្ពស់ចំពោះសុវត្ថិភាពសាធារណៈ ជាពិសេសគ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ។ ការសម្រេចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មីជាបណ្តោះអាសន្ន គឺជាវិធានការដ៏សមស្រប និងចាំបាច់ ដើម្បីពិនិត្យ និងកែសម្រួលស្តង់ដាសុវត្ថិភាពឲ្យបានតឹងរឹង និងប្រសើរឡើង។ ក្នុងន័យនេះ អាជ្ញាធរ និងជំនាញពាក់ព័ន្ធគប្បីយកចិត្តទុកដាក់ជាពិសេសលើការត្រួតពិនិត្យស្ថានីយដែលកំពុងដំណើរការ ដោយកំណត់អាទិភាពនៅតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីធានាសុវត្ថិភាព អាយុជីវិត និងសុខុមាលភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព៕