ជាតិនិយមត្រូវតែពង្រឹង ប៉ុន្តែកុំជ្រុលនិយម !

កំដៅនៅព្រំដែនបានងំឡើងៗជាង២០ថ្ងៃមកហើយនោះបើយើងគិតចាប់ពីករណីផ្ទុះអាវុធនៅ តំបន់មុំបី ដែលយោធិនយើងម្នាក់បានពលីនៅថ្ងៃទី២៨ ខែឧសភា មកដូច្នេះស្មារតីជាតិនិយមគឺត្រូវតែពង្រឹង ប៉ុន្តែដាច់ខាតកុំអោយវាទៅជាជ្រុលនិយម។
ជាតិនិយមដែលត្រឹមត្រូវគឺជាស្មារតីនៃការរួបរួម ការសាមគ្គី និង ការឆ្លើយតបចំពោះប្រជាជាតិណាដែលមានបំណងឫប៉ងរំលោភដែនអធិបតេយ្យ និង បូរណភាពទឹកដី ក៏ដូចជាការរើសអើងនានា។
នៅក្នុងស្ថានភាពនៅពេលបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏សក្តិសមបំផុតដែលយើងត្រូវតែប្រមូលកម្លាំងគ្នាជាធ្លុងតែមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការនិយាយអំពីការរួមជាធ្លុង តែមួយនេះគឺពិតជាមិនងាយនឹងស្រួលធ្វើនោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្តខ្ពស់ទេនោះ ។
ការលើកកំពស់ចលនាជាតិនិយមដែលត្រឹមត្រូវគឺជាស្មារតីនៃការរិះគិតរួមគំនិតរួមការអនុវត្តនូវវិធានការណ៍នានាដែលស្របច្បាប់ ស្របតាមតម្លៃ ហើយវាយបកអ្នកដែលមានគំនិត អាក្រក់តាមជំហានដែលត្រឹមត្រូវ ប្រកបដោយគុណធម៌និងគុណតម្លៃ។
ពេលខ្លះនៅពេលដែលយើងខ្វះស្មារតី យើងអាចចូលទៅក្នុងអន្ទាក់ដែលគេញុះឲ្យចូលហើយប្រើ ប្រាស់ស្មារតីជាតិនិយមនេះទៅជាចំណុចខ្សោយវិញ។ពូកគេអាចប្រើល្បិចជាតិនិយមនេះ វាយបកពោលគឺញុះឲ្យយើងធ្វើអ្វីដែលខុស អ្វីដែលប្រាស់ចាកនូវគុណតម្លៃ ហើយរុញយើងចុះខ្សោយ។
នៅក្នុងអំឡុងពេលនេះ វាគឺជាពេលដែលត្រូវត្រូវប្រយ័ត្នហើយពិចារណាឲ្យបានដិតដល់ ហើយកុំប្រហែសឲ្យសោះ ពីព្រោះការប្រហែសអាចឲ្យយើងក្លាយជាចំណុចខ្សោយត្រូវគេវាយលុក បំបាក់ស្មារតីយើងទៅវិញទេ។
សរុបទៅស្មារតីជាតិនិយមគឺត្រូវតែលើកកំពាស់ហើយពូនជ្រុំវាឲ្យកាន់តែខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនត្រូវប្រហែសហើយនាំឲ្យគេចាប់ចំណុចខ្សោយហើយប្រើប្រាស់ស្មារតីជាតិនិយមនេះ ជាអាវុធមកចាក់មកសង្រ្គប់យើងវិញ។សូមពង្រឹងការជឿជាក់ហើយផ្ទៀតផ្ទាត់ចាត់វិធានការមួយៗ នៅក្នុងជំហ៊ានមួយច្បាស់លាស់ កុំញាក់តាមការញាក់ឬបន្ទរ របស់ខ្លាំងសត្រូវ។សូមប្រុងប្រយ័ត្ន ហើយឆ្លើយតបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
Daily Program
