ចូលឆ្នាំកំដៅក៏ក្តៅ ប្រេងឥន្ធនៈក៏ថ្លៃ ហើយព្រំដែនយើងក៏មានបញ្ហា! រីករាយបុណ្យចូលឆ្នាំយ៉ាងដូចម្តេចទៅចឹង ?
នៅពេលសីតុណ្ហភាពឡើងដល់ប្រហែល ៤០ អង្សារសេ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ គួបផ្សំនឹង បញ្ហាវិបត្តិប្រេងឥន្ធនៈ ហើយសំខាន់រឿងអរិភាពព្រំដែនថែមទៀតនោះ វាគឺជាសំពាធមួយដើម្បីរៀបចំកម្មវិធីសំខាន់ៗក្នុងពេលឆ្នាំថ្មី ប៉ុន្តែយើងក៏មិនគួរមិនបង្កើតបរិយាកាសរីករាយខ្លះដែរ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាពេលវេលានៃការជួបជុំ សប្បាយរីករាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយចំណុចនេះមិនមែនជាបញ្ហាតូចទេ។ ជាការពិតកម្តៅខ្លាំងអាចប៉ះពាល់ដល់សុខភាព បណ្តាលឲ្យអស់កម្លាំង ឬកើតជំងឺដូចជាដាច់សរសៃឈាម ដែលគ្រោះថ្នាក់ដល់ជីវិត ហើយរឿងបញ្ហាព្រំដែន និង បញ្ហាប្រេងឥន្ធនៈឡើងថ្លៃក៏សុទ្ធតែជាបញ្ហាជាតិនិងជីវភាពរស់នៅ ដូច្នេះ តើយើងអាច “រីករាយ” ចូលឆ្នាំបានយ៉ាងដូចម្តេច ខណៈពេលកំពុងប្រឈមនឹងបញ្ហាបែបនេះ?
នៅក្នុងស្ថានភាពបែបនេះ ជំនួសឲ្យការចេញទៅលេងក្រៅនៅតាមរមណីដ្ឋានឆ្ងាយៗ ដែលអាចអស់ថវិកានិងចំណាយច្រើនជាពិសេសគឺថ្លៃប្រេងយើង អាចបង្កើតបរិយាកាសលេងនៅសប្បាយនៅកន្លែងជីតៗ ហើយម៉ោងពេលលេងគឺជាពេលព្រឹកឬល្ងាច ពេលដែលកំដៅមិនទាន់ខ្លាំង ឫពេលកំដៅថមថយ។ ការលេងកំសាន្តទៀតសោតគួរតែជាអ្វីដែលមានប្រយោជន៍និងមានអត្ថន័យចំពោះជាតិ និង សមស្របជាមួយនឹងជីវភាពរបស់យើង មិនចំណាចច្រើន ហើយត្រូវមានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។
ចូលឆ្នាំមិនមែនមានតម្លៃត្រឹមតែការលេងសប្បាយទេ ប៉ុន្តែសារៈសំខាន់ជាងគេគឺការជួបជុំគ្រួសារ ញាតិមិត្តនិងសាមគ្គីជាសហគមន៍ផងដែរ។ នៅក្នុងស្ថានភាពបែបនេះ ការជួបជុំ គួរតែធ្វើនៅតាមផ្ទះ តាមសហគមន៍ អាចមានការហូបចុកជុំគ្នា ឬលេងល្បែងប្រពៃណីក្នុងភូមិឋានយើង ក៏អាចបង្កើតភាពរីករាយ និងអនុស្សាវរីយ៍ដ៏មានន័យហើយត្រូវបូកផ្សំនឹងស្មារតីម្ចាស់ការនិងការពារទឹកដី។
នៅពេលដែលអាកាសធាតុក្តៅយើងគួរព្យាយាមទទួលទានទឹកឲ្យគ្រប់គ្រាន់ ពាក់សម្លៀកបំពាក់ស្រាលៗ ដោយឡែកមនុស្សចាស់ កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃ ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នជាពិសេស ព្រោះពួកគេងាយរងផលប៉ះពាល់ពីកម្តៅខ្លាំង។ ហើយទៅណាមកណាគួរតែរិះគិតកាត់បន្ថយការចំណាយ និង ដាក់កម្រិតការរីករាយជ្រុល និងហ៊ឺហារដែលមានលក្ខណៈខ្ជះខ្ជាយ។
ជំនួសឲ្យការជូនពរដែលប្រើប្រាស់វត្ថុមានតម្លៃ និង ចំណាយច្រើន ដោយសារតែសម័យនេះជាសម័យឌីជីថល យើងអាចរីករាយជាមួយនឹងការផ្ញើសារជូនពរ ឬវីដេអូខលទៅកាន់មិត្តភក្តិ និងសាច់ញាតិដែលនៅឆ្ងាយ ក៏អាចជំនួសការធ្វើដំណើរដែលបង្កហានិភ័យក្រោមកម្តៅខ្លាំងបានផង ហើយក៏៏កាត់បន្ថយការចំណាយ។ នេះជាវិធីសាស្រ្តថ្មីក្នុងការរក្សាទំនាក់ទំនង ខណៈដែលថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
ជាការពិតកំដៅក្តៅខ្លាំង គួមផ្សំនិងបញ្ហានានាដែលមិនសូវអំណោយផល ប៉ុន្តែដោយសារតែពិធីនេះជាប្រពៃណី។ ការរីករាយនឹងពិធីនេះគឺអាចជាការរំលឹកឲ្យយើងដឹងថា សុភមង្គលពិត មិនមែនមកពីបរិយាកាសខាងក្រៅទេ ប៉ុន្តែមកពីចិត្ត និងទំនាក់ទំនងរបស់មនុស្សជុំវិញខ្លួនយើង។
សរុបទៅនៅពេលចូលឆ្នាំនៅក្នុងស្ថានភាពបែបនេះ យើងក៏មិន ត្រូវបោះបង់ភាពរីករាយនោះដែរ ប៉ុន្តែយើងគួរតែសម្របសម្រួលឲ្យសមស្របនឹងបរិបទ។ ប្រសិនបើយើងអាចបញ្ចូលភាពប្រុងប្រយ័ត្នជាមួយភាពសប្បាយ នោះបុណ្យចូលឆ្នាំនៅតែអាចក្លាយជាពេលវេលាដ៏កក់ក្តៅ មិនមែនតែដោយសារអាកាសធាតុ បញ្ហាព្រំដែននោះទេ ប៉ុន្តែដោយសារក្តីស្រលាញ់ និងការចែករំលែករបស់យើងទាំងអស់គ្នា៕