ចរចារ២៥ឆ្នាំគ្មានលទ្ធផល តុលាការយុត្តិធម៌អន្តរជាតិជាជម្រើសដ៏ត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍នៅសមាជសភានិងព្រឹទ្ធសភានៅសប្តាហ៍នេះ ២៥ឆ្នាំនៃការចរចាជាមួយនឹងថៃអត់មានអ្វីវិវត្តសោះ ដូច្នេះ យើងខ្ញុំពិតជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាពិសេសនៅតំបន់ប្រទាញប្រទង់ទៅតុលាការយុត្តិធម៌អន្តរជាតិ។

នៅក្នុងនាមជាប្រជាពលរដ្ឋ ការសម្រេចយកករណី តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតស៊ូក្តីនៅតុលាការយុត្តិធម៌ជាយន្តការបន្ថែមលើយន្តការដែលមានស្រាប់គឺជារឿង ដែលនឹងអាចពន្លឿនដំណើរការចរចារព្រំដែនដែលមានជម្លោះរវាងកម្ពុជានិងថៃ​។

ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ចាប់តាំងពីមានអនុស្សារណៈយោគយល់គ្នាដំបូងនៅឆ្នាំ២០០០​មកដល់ពេលនេះ គឺមានតែរកបង្គោលចាស់ បន្សល់ទុកពីសម័យអនានិគមបារាំងប៉ុណ្ណោះ ឯរឿងរសេមរសាមនៅព្រំដែនគឺមិនមានឡើយ បានជាហេតុធ្វើឲ្យ តំបន់ព្រំដែននៅកម្ពុជានិងថៃឧស្សាហ៍ប៉ះទង្គិចគ្នាបំផុត ចាប់តាំងពីឆ្នាំ​២០០៨ មក ដល់ ពេលនេះ។

សម្រាប់ព្រំដែនកម្ពុជាជាមួយនឹងវៀតណាមនៅពេលនេះបានកំណត់ច្បាស់លាស់បាន ៨៤ភាគរយហើយ គឺនៅសល់តែ​១៦ភាគរយនឹងបញ្ចប់ ហើយនៅពេលនេះភាគីទាំងពីរកំពុងតែពន្លឿនការចរចារ ដោយឡែកខាងឡាវ គឺកម្ពុជាបានសម្រេចកំណត់បាន ៨៦ភាគរយហើយដែរ ដោយព្រំដែនដែលកំណត់រួចគឺមាន ប្រមាណជា​៤៦៤គីឡូម៉ែត្រ និង នៅសេសសល់តែ ប្រមាណជា ៧៥គីឡូម៉ែត្រប៉ុណ្ណោះ ហើយកំពុងតែបន្តចរចារបន្ថែមទៀត។

សម្រាប់ថៃគឺមិនបានអ្វីជាដុំកំភួនឡើយដោយសារតែបញ្ហាថា រដ្ឋាភិបាលឧស្សាហ៍ដូររដ្ឋាភិបាល ឧស្សាហ៍ដូរមេដឹកនាំ​ ហើយពេលខ្លះរវាងយោធានិងរដ្ឋាភិបាលថៃហាក់មិនសូវស៊ីសង្វាក់គ្នា ដូច្នេះហើយបានជា បញ្ហាចេះតែអូសបន្លាយ។​

ជាការពិតទៅកម្ពុជាបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង។

ចាប់តាំងពីទទួលបានសន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សរុបទៅ នៅពេលនេះនៅក្នុងនាមជាប្រជាជនយើងគួរ ជឿជាក់លើរដ្ឋាភិបាលចំពោះរឿងនេះ ហើយបន្តរួបរួមគ្នាជាធ្លុងតែមួយដើម្បីត្រៀមខ្លួនជាស្រេចទាំងស្មារតីនិងការគាំទ្រដើម្បីធ្វើយ៉ាងណាការពារដែនអធិបតេយ្យភាពយើងឲ្យបាន ។ យើងមិនចង់បានរបស់គេទេ ប៉ុន្តែក៏មិនគួរឲ្យបាត់បង់អ្វីដែលជារបស់យើងផងដែរ ដូច្នេះភាពស្របច្បាប់គឺជារឿងសំខាន់៕

Daily Program

Livesteam thumbnail