ចង់ជួយវិស័យទេសចរណ៍និងធ្វើទីផ្សារអំពីប្រទេសយើងត្រូវការការចូលរួមពីបងប្អូន !
ចង់ជួយប្រទេស ជាពិសេសគឺវិស័យទេសចរណ៍និងផ្សព្វផ្សាយពីប្រទេសកម្ពុជាចាំបាច់មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
យើងជាប្រជាពលរដ្ឋទាំងអស់សូមជួយប្រទេសជាតិរបស់យើងផង កុំគិតតែពីផលប្រយោជន៍ ជាពិសេសកុំគិតពីចំនួន អ្នកមើល អ្នកចាប់អារម្មណ៍ អ្នកស្គាល់គណនី ឬផេករបស់យើងពេករហូតដល់បាត់សតិសម្បជ្ជញៈ។
ជាការពិតមកដល់ពេលបច្ចុប្បន្ននេះ ពីព្រោះតែបណ្តាញសង្គមជាច្រើនបានផ្តល់ឱកាសឲ្យពលរដ្ឋកម្ពុជារកលុយពីសកម្មភាពរបស់ពួកគេនៅលើបណ្តាញសង្គមទាំងនោះ មហាជនជាច្រើននាក់បានចាប់អារម្មណ៍ និងការបើកចំហរនេះហើយនាំគ្នាប្រឹងតាំងខ្លួនជាអ្នកសរសេរមាតិការសង្គម ហើយចង់បាន នូវការក្លាយខ្លួន ជា Influencer មួយនឹងគេ។
ពីព្រោះតែបំណងបែបនេះ មានពលរដ្ឋយើងជាច្រើនបានកំពុងតែចូលរួមលើការផ្សព្វផ្សាយពីប្រទេសកម្ពុជាជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះក៏មានបងប្អូនខ្លះពីព្រោះតែផលប្រយោជន៍ជាធំ គឺចូលចិត្តផលិតតែមាតិការណាដែល បង្ហាញពីចំណុចអវិជ្ជមានពីស្រុកទេសរបស់យើង រហូតដល់រឿងខ្លះវាមិនមែនជារឿងពិតសោះ តែទៅប្រឌិតកាឡៃ ច្នៃចេញជាបញ្ហាដែលនាំឲ្យបំផ្លាញកេរ្តិ៍ឈ្មោះប៉ះពាល់ដល់កិត្តិនាមនៃប្រទេសកម្ពុជា ព្រោះតែផលប្រយោជន៍បន្តិចបន្តួច។
ក្រៅពីអ្នកដែលបង្កើតមាតិការទាំងនោះហើយនោះបងប្អូនដែលជាអ្នកតាមដានបណ្តាញសង្គម ឬជាអ្នកគាំទ្រក៏គួរតែមានសុភវិនិច្ឆ័យឲ្យខ្ពស់ហើយទាមទារការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចុច Like ចុច Share ឬចុច comment ផ្សេងៗ។
រឿងចុចលើកន្លែងទាំងអស់នោះគឺវាងាយស្រួលណាស់ ប៉ុន្តែសូមរិះគិតនៅពេលដែលយើងចុចខ្វះការពិចារណា ហើយព័ត៌មាននោះវាប្រឌិតវាកាឡៃ វាខុសពីការពិត នៅពេលដែលយើងចុចទៅ រឿងទាំងនោះវាបំពុលពេញសង្គម។
ការបំពុលទាំងនោះវាមិនត្រឹមតែវិលវល់នៅក្នុងស្រុកយើងទេ សូម្បីតែនៅលើមជ្ឈដ្ឋានតំបន់ សហគមន៍អន្តរជាតិក៏បានដឹងនិងជ្រាបអំពីអ្វីដែលយើងចែករំលែកនេះដែរ ដូច្នេះយើងគួរតែរិះគិតនិងថ្លឹងថ្លែងឲ្យគ្រប់ប្រការមុននឹងប្រើម្រាមដៃរបស់យើងធ្វើសកម្មភាពលើមាតិការទាំងនោះ។
បងប្អូននៅពេលនេះវិស័យទេសចរណ៍យើងកំពុងតែស្រុតចុះខ្លាំងណាស់ ដូច្នេះដើម្បីជួយដល់វិស័យនេះយើងគួរនាំគ្នានិយាយអំពីអ្វីដែលមានប្រយោជន៍អ្វីដែលជាចំណុចទាក់ទាញនៅក្នុងស្រុកយើង ដើម្បីឲ្យបរទេសដែលចង់ដឹងពីយើងគេបានដឹងការពិត គេដឹងអំពីសក្តានុពល គេដឹងអំពីតម្លៃ ហើយស្គាល់ពីឫសគល់នៃកម្ពុជាយើង។
រាល់ការផ្សព្វផ្សាយពីការពិតនិងពីភាពវិជ្ជមាននៅក្នុងស្រុកយើងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះបរទេសគេអាចចាប់អារម្មណ៍គេចឹងដឹងគេចង់ឃើញគេចង់ស្គាល់ ប៉ុន្តែប្រសិនបើយើងសរសេរឬផ្សព្វផ្សាយអំពីសកម្មភាពដែលមិនត្រឹមត្រូវមិនល្អ គេអាចខ្លាចរអាមិនមកលេងស្រុកយើង ហើយពេលគេមិនមកលេងស្រុកយើងអ្នកលំបាកមានអ្នកណាគឺមានតែយើងនេះហើយដែលចែករំលែកការលំបាកគ្នានោះ៕