ឃើញក្មេងច្រឡោមខាម កុំដាក់បន្ទុកតែសូមរកមូលហេតុ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចារឹកច្រឡោមខាមរបស់សិស្សសាលាបឋមសិក្សាម្នាក់ធ្វើដាក់គ្រូនៅក្នុងបន្ទប់សិក្សានៅចំពោះមុខសិស្សានុសិស្សផ្សេងៗដែលរៀនជាមួយ ត្រូវបានចែករំលែកឡើងព្រោងព្រាត ពេញបណ្តាញសង្គម។
រឿងនេះត្រូវបានគេដឹងថា បានកើតមានដោយកុមារាវ័យ១៣ឆ្នាំម្នាក់ ដែលកំពុងតែសិក្សា សាលាបឋមសិក្សាភូមិថ្មី នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយកុមារារូបនោះ ទោះបីជាមានវ័យក្មេងគឺចិត្តធំហ៊ានរហូតដល់ទាត់តុគ្រូ។
ហេតុការណ៍នេះគឺជាករណីលើកទី៣ដែលកុមារារូបនេះ បានប្រពឹត្តិ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន។
តាមរបាយការណ៍របស់នាយក, លើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយកុមារារូបនេះ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែបជាថាគ្រូគាបសង្កត់ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួលរវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។
រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុរដោយបានពិន្ទុរទាប កុមារារូបនេះបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។
ហើយលើកទី៣ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមគឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១និង១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយរបស់គាត់មកអប់រំណែនាំស្រាប់តែកុមារារូបនេះ បានបោកសៀវភៅ និងកាតាបចោលលើក្តារខៀន លុះពេលគ្រូហៅគាត់មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថបែបហិង្សាមកលើគ្រូ។
នៅពេលដែលឃើញសកម្មភាពបែបនេះវាពិតជាពិបាកនឹងទទួលយកមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សង្ឃឹមថា គ្រប់គ្នានឹងកុំចាប់ទោសអូសដំណើរកុមារាម្នាក់នេះ បន្ត ដោយទុកពេលទុកឲ្យរូបគេកែខ្លួន។
កុមារាវ័យត្រឹមតែ១៣ ឆ្នាំនៅក្មេងណាស់ ដូច្នេះកុំអាលបន្ទោសគាត់ខ្លាំងពេក ប៉ុន្តែក៏ត្រូវតែតាមដានដំណើរវិវន្តនៃនៃចិត្តគំនិតគាត់បន្តទៀត ហើយក៏ត្រូវស្រាវជ្រាវរកមូលហេតុនៅពីក្រោយដែលបណ្តាលឲ្យកុមារត្រឹមតែអាយុ ប៉ុណ្ណឹងហ៊ានប្រពឹត្តអំពើអាកប្បកិរិយាបែបនេះ។
សកម្មភាពបែបនេះ គឺជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃសីលធម៌សង្គម ក៏ដូចជាសុជីវធម៌នៃការរស់នៅ ដែលយើងទាំងអស់គ្នាគប្បីយកចិត្តទុកដាក់យកឫសគល់ឲ្យឃើញ ដើម្បីរួមគ្នាជួយកែខៃស្ថានការណ៍សង្គមជារួម ហើយចំពោះកុមារាម្នាក់នេះ សូមអាណាព្យាបាល និង អ្នកដែលពាក់ព័ន្ធព្យាយាមអប់រំ និងលើកទឹកចិត្តបំពាក់បំប៉នសុជីវធម៌ ពន្យល់និងអប់រំរូបគេដោយវិធីត្រជាក់ៗ។