គ្រោះអគ្គីភ័យមិនស្រាកស្រាន្តសោះ ចូរបន្តប្រុងប្រយ័ត្ន
គ្រោះអគ្គីភ័យដែលបានកើតមាននៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះកើនឡើងជាបន្តបន្ទាប់ ដូច្នេះនៅក្នុងឆ្នាំ២០២៥នេះ ចូរប្រឹងប្រែងលើកកម្ពស់ការប្រុងប្រយ័ត្នក្រែងលោគ្មានការថយចុះដូចជាករណីគ្រោះថ្នាក់ចរាចរណ៍។
តាមសេចក្តីរាយការណ៍ ដែលចុះផ្សាយជាបន្តបន្ទាប់ នៅពេញមួយឆ្នាំ២០២៤ គ្រោះអគ្គីភ័យបានកើតមានឡើងរហូតដល់ទៅ ជាង ១០០០ ករណីឯណោះ ស្របពេលដែលអ្នកដែលស្លាប់មានរហូតដល់ទៅ ៦០នាក់ ហើយរបួសវិញដល់ទៅ ជាង ១០០ នាក់។
គ្រោះអគ្គីភ័យនៅក្នុងឆ្នាំ២០២៤ធៀបនឹងឆ្នាំ២០២៣ កើនឡើងដល់ទៅជាង ២០០ ករណីឯណោះ ហើយមនុស្សគ្រោះថ្នាក់ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។
កាលពីឆ្នាំ២០២៣កន្លងទៅគ្រោះអគ្គីភ័យបានសម្លាប់ជីវិតមនុស្សត្រឹមតែ ៥៤ នាក់ទេ ហើយរបួសវិញគឺមាន៩៧នាក់ប៉ុណ្ណោះ។
បើធៀបនឹងករណីឆ្នាំ២០២២ទៀតគឺកាន់តែខុសគ្នាឆ្ងាយ ដោយនៅក្នុងឆ្នាំនោះ គ្រោះមហន្តរាយនេះ បានកើតមានឡើងត្រឹមតែ៦១៨ ករណី សម្លាប់មនុស្សត្រឹម ១៧ រូប ហើយ ២៤ រូបរបួសប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍មូលហេតុនៃគ្រោះអគ្គីភ័យគឺភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងបញ្ហាអគ្គិសនីនេះឯង ហើយគ្រោះអគ្គីភ័យកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ កណ្តាល តាកែវ ដូច្នេះសង្ឃឹមថា គ្រប់គ្នានឹងយកចិត្តទុកដាក់នៅក្នុងការការពារនិងបង្ការ។
ដោយសារតែមូលហេតុភាគច្រើនពាក់ព៍ន្ធនឹងអគ្គីសនី យើងទាំងអស់គ្នាជាប្រជាពលរដ្ឋសូមលើកកម្ពស់ការប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ការសាកថ្មទូរស័ព្ទ និង ការប្រើប្រាស់ខ្សែភ្លើងចាស់ៗ។
ជាធម្មតា ខ្សែភ្លើងនិងឧបករណ៍អគ្គីសនីកាលណាកាន់តែចាស់គុណភាពកាន់តែខ្សោយ ដូច្នេះវាងាយនឹងដាច់រលាត់ ងាយនឹងឆ្លងចរន្តអគ្គិសនី ដែលអាចជាមូលហេតុនៃចំហេះកើតមានឡើងជយថាហេតុ។ ក្រៅពីនោះ ដើម្បីសុវត្ថិភាពទៅណាមកណាពេលមិននៅផ្ទះប្រសិនបើអាចកាច់បិទប្រព័ន្ធភ្លើងក៏ជារឿងមួយប្រសើរដែរ ដើម្បីការពារកុំអោយវាឆេះ។
ម្យ៉ាងវិញទៀតផ្ទះនីមួយៗគួរតែមានឧបករណ៍ពន្លត់អគ្គីភ័យបឋមនៅតាមឲ្យបានគ្រប់ៗគ្នា ពីព្រោះឧបករណ៍បំពង់ពន្លត់អគ្គីភ័យនេះវាជួយច្រើនដែរ។ តាមធម្មតា នៅពេលដែលវាឆេះបន្តិចបន្តួចនៅពេលដែលយើងមានឱកាសនោះនៅជិតខ្លួនគឺមានភាពងាយស្រួលអន្តរាគមន៍ពន្លត់ទាន់ពេល។
សរុបទៅ គ្រោះអគ្គីភ័យគឺជាគ្រោះមហន្តរាយដែលអាចបំផ្លាញទ្រព្យសម្បត្តិ និង សម្លាប់មនុស្សតែមួយភ្លែតតែប៉ុណ្ណោះ ហើយជនរងគ្រោះគឺទារុនបំផុត។ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន និងចូលរួមបង្ការនឹងទប់ស្កាត់ឲ្យបានទាំងអស់គ្នា។៕