គ្រឿងញៀននៅតែបន្តគំរាមកំហែងសុខមាលភាពសង្គមកម្ពុជា

គ្រឿងញៀនដែលជាដង្កូវស៊ីរូងសុខមាលភាពនិងសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជានៅតែ ជាបញ្ហាដ៏ក្តៅគគុក ខណៈដែលអាជ្ញាធរកំពុងតែបង្កើនប្រតិបត្តិការបង្រ្កាប។​

នៅក្នុងរយៈពេលត្រឹម៥ខែដើមឆ្នាំ២០២៤ នេះ ស្ថិតិដែលសារព័ត៌មាននានាបានផ្សព្វផ្សាយបានឲ្យដឹងថា  ប្រជាពលរដ្ឋដែលភាគច្រើនជាយុវវ័យមានចំនួនរហូតដល់ទៅ ៩ ៣៦៩ នាក់ បានជាប់ពិរុទ្ធនៅក្នុងបទសង្ស័យ ដោយសារតែពាក់ព័ន្ធនឹងគ្រឿងញៀនដែលជាបញ្ហាដ៏ក្តៅ គគុក ។​

សមត្ថកិច្ចជំនាញបានឲ្យដឹងនៅថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៤ ថា  ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ៩ ៣៦៩ នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងអំឡុងពេល៥ខែដើមឆ្នាំ  កើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេលដែលកាលពីឆ្នាំទៅដែលមានត្រឹម ៧២៣០ នាក់។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសសរុប ចំនួន​៣២៤ នាក់មាន ១៣ សញ្ជាតិ ដែលមានចិន វៀតណាមជាដើម ។​

ប្រភពដដែលបានបន្តទៀតថា នៅក្នុងអំឡុងពេលនោះគ្រឿងញៀនខុសច្បាប់សរុបចំនួន​៤,៧១តោនត្រូវបានរឹបអូសពីជនសង្ស័យទាំងនោះ។ បរិមាណគ្រឿងញៀនដែលរឹបអូសគឺឃើញថា កើនឡើងច្រើនខ្លាំងណាស់ ដោយកាលពីរយៈពេលដដែលកាលពីឆ្នាំ២០២៣ គឺមានត្រឹមតែ ៧៨៤,៨ គីឡូក្រាមប៉ុណ្ណោះ ។

គ្រឿងញៀន​ដែល​រឹបអូស​បាន​ភាគច្រើន​ក្នុង​ឆ្នាំ​នេះ​មាន ខេ​តា​មីន មេ​តំ​ហ្វេ​តា​មីន គ្រី​ស្តា​ល់ ហេ​រ៉ូ​អ៊ី​ន អេ​ស៊ី​ស្តា​ស៊ី និង​កូកាអ៊ីន​ជាដើម។​

នៅពេលនេះកម្ពុជាកំពុងតែបោសសំអាតគ្រឿងញៀន សូម្បីតែនៅក្នុងជួរកងកម្លាំង និង មន្រ្តីរាជការស៊ីវិលគឺសុទ្ធតែត្រូវតេសទឹកនោមរកសារធាតុញៀន តាំងអស់ ហើយនរណាដែលរកឃើ​ញគឺត្រូវប្រឈមមុខនឹងការបណ្តេញចេញពីការងារ តែម្តង។

កំណើននៃការរកឃើញជនសង្ស័យឫជនដែលកំពុងតែមានពិរុទ្ធភាពនឹងបញ្ហាគ្រឿងញៀននេះ វាអាចដោយសារតែសមត្ថកិច្ចកំពុងតែបង្កើនយុទ្ធនាករបង្រ្កាបនឹងទប់ស្កាត់គ្រឿងញៀន  ។ កាលណាយើងបង្រ្កាបហើយរកឃើញអ្នកពាក់ព័ន្ធកើនឡើងនៅក្នុងរយៈពេលណាមួយ នោះ វាអាចជាប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តច្បាប់ ប៉ុន្តែប្រសិនបើអនុវត្តមួយរយៈហើយ កំណើនអ្នកដែលពាក់ព័ន្ធនឹងតែបន្ត វាគឺជាពេលវេលាដែលយើងត្រូវតែ ត្រួតពិនិត្យឡើងវិញហើយរកមូលហេតុ ។​

គ្រឿងញៀនមិនមែនជារឿងលេងសើចទេ ធនធានសង្គមនឹងវិនាសប្រសិនបើប្រជាជនភាគច្រើនធ្លាក់ខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន ដូច្នេះគ្រប់គ្នាគួរតែរួបរួមគ្នានិយាយថា ទេចំពោះ គ្រឿងញៀន កុំសាក កុំចង់ដឹង កុំល តែកាលណាយើងលបានន័យថា យើងក្លាយជាអ្នកទទួលវាហើយ សូមពង្រឹងការអនុវត្តច្បាប់ ហើយត្រូវតែស្រាវជ្រាវកាត់ផ្តាច់គ្រឿងញៀនចេញពី ស​ង្គមឲ្យបាន៕

 

 

 

Daily Program

Livesteam thumbnail