គ្រប់គ្នាមានតួនាទីចូលរួមនិងអនុវត្តការកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំង!

មិនមែនតែសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និង​សិស្សានុសិស្សទេ ដែលត្រូវជៀសវាងការប្រើប្រាស់ភេសជ្ជៈ​ សូម្បីតែយើងទាំងអស់គ្នាក៏គួរយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាស់ពពួក ភេសជ្ជៈទាំងនេះដែរ ។

ក្រសួងអប់រំ យុវជន និង កីឡា កាលពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៤​ ថ្មីៗនេះ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស ដើម្បីចូលរួមលើកកំពស់សុខមាលភាពសង្គម និង​កាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និង ពពួកជំងឺមិនឆ្លងផ្សេងៗទៀតដែលសុទ្ធតែជាជំងឺរ៉ាំរ៉ៃ ។​

ការចេញសេចក្តីណែនាំបែបនេះបានធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស ដើម្បីឈានទៅកាត់បន្ថយបន្ទុកសង្គម និងពលរដ្ឋ ។​

តាមពិតទៅពពួកភេសជ្ជៈប៉ូវកម្លាំងនេះគេផលិតឡើងនៅក្នុងគោលបំណងសម្រាប់ជំនួយកម្លាំងសម្រាប់អ្នកណាដែលហត់នឿយខ្លាំង នៅក្នុងការបញ្ចេញពលកម្មម្តងម្កាល ប៉ុន្តែដោយសារតែហេតុផលសេដ្ឋកិច្ច អ្នកលក់ អ្នកចែកចាយ រហូតដល់អ្នកផលិត គឺនាំគ្នាឃោសនា​ប្រាសចាកពីការពិត ហើយលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់វាជាប្រចាំ​ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពសាធារណៈ​។

សព្វថ្ងៃនេះនៅកម្ពុជាអាចជាឋានសួរនៃពពួកភេសជ្ជៈប៉ូវកម្លាំងនេះ ដោយសារតែនៅលើទីផ្សារមានផលិតផលប្រភេទនេះជាច្រើនប្រភេទ រាប់ចាប់តាំងពីក្រុមហ៊ុនដែលផលិតនៅក្នុងស្រុក និង ក្រុមហ៊ុននាំចូលពីក្រៅប្រទេស ។​

ពពួកភេសជ្ជៈទាំងនេះជាទូទៅមានជាតិស្ករខ្ពស់ ហើយកាលណាមនុស្សទទួលទានជាប្រចាំវានឹងបង្កឲ្យលើសជាតិស្ករនៅក្នងខ្លួនបង្ករទៅជាជំងឺជាច្រើនប្រភេទ ដែលរួមមានតាំងពីជំងឺទឹកនោមផ្អែម ខ្លាញ់ ស្ទះសរសៃឈាម​ ដាច់សរសៃឈាម បេះដូង ។ល។ ពពួកជំងឺទាំងនេះគឺជាជំងឺរ៉ាំរ៉ៃដែលធ្វើឲ្យបុគ្គល គ្រួសារ និង សង្គមរងបន្ទុក ។

ពពួកជំងឺទាំងនេះវាមិនបណ្តាលឲ្យមនុស្សស្លាប់ភ្លាមៗទេ តែវាឲ្យសុខភាពមនុស្សចុះខ្សោយម្តងបន្តិចៗ ដែលទាមទារការចំណាយច្រើននៅក្នុងការព្យាបាលជាប្រចាំ ដែលនោះហើយគឺជារឿងដែលចាំបាច់សម្រាប់យើងទាំងអស់គ្នាលើកកំពស់ការប្រុងប្រយ័ត្ន និង ចូលរួមកាត់បន្ថយការប្រើប្រាស់វា ។​

កុមារ និង ចាស់ជរាប្រសិនបើអាចគួរកុំណែនាំឲ្យលើកទឹកចិត្តឲ្យពួកគេទទួលទានភេជ្ជ​ទាំងនេះ ពីព្រោះវាពិតជាមានគ្រោះថ្នាក់មែន ដូច្នេះ យើងទាំងអស់គ្នាមានតួនាទីសំខាន់ណាសនៅក្នុងយុទ្ធនាការនេះ ដើម្បីធ្វើយ៉ាងណាសំអាតសារធាតុស្កដែលនៅក្នុងខ្លួនយើងលើសពីតម្រូវការរាងកាយចេញ ដើម្បីសុខភាពយើងទាំងអស់គ្នាបរិបូរណ៍ ។​

Daily Program

Livesteam thumbnail