គ្មានការបង្រៀនគួរគុណភាពអប់រំកើនឡើង?
នៅលើបណ្តាញសង្គមថ្មីៗនេះមានផ្ទុះបាតុភាពពីសំណាក់អាណាព្យាបាលនិងអ្នកលេងហ្វេសបុកដោយខ្លះទាមទារឲ្យបិទសាលារៀនគួរឫស្នើសុំអោយគ្រូនានាបញ្ឈប់ការបង្រៀនគួរ ដើម្បីលើកកំពស់គុណភាពនៃវិស័យអប់រំ ។
ក្រុមអ្នកទាមទារឲ្យបិទសាលារៀនគួរនិងហាមមិនអោយគ្រូបង្រៀនគួរគឺសំអាងថា គុណភាព នៃការអប់រំធ្លាក់ចុះ ហើយក៏ជាចំណែកមួយនៃតម្លៃសីលធម៌ ហើយក៏បង្កើននូវគម្លាតនៃគុណភាពអប់រំរវាងក្មេងនៅក្នុងគ្រួសារដែលមានធនធានសម្រាប់រៀនគួរនិងក្រុមក្មេងនៅក្នុងគ្រួសារ ដែលមានជីវភាពលំបាក ។
ពួកគេក៏បានលើកឡើងផងដែរអំពីការមិនយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូនៅក្នុងអំឡុង ពេលដែលពួកគេបង្រៀននៅក្នុងម៉ោងរដ្ឋបាល ហើយខំបំប៉នទំាងចំណេះនិងជំនាញគឺនៅ សាលារៀនគួរ ឫនៅពេលដែលលោកគ្រូ/អ្នកគ្រូបង្រួននៅក្រៅម៉ោង ។
ពួកគេក៏បានលើកឡើងអំពីតម្លៃនៃសីលធម៌របស់លោកគ្រួនិងអ្នកគ្រូ ផងដែរ ។ ហើយម្យ៉ាង ទៀតសកម្មភាពបង្រៀនគួរនេះអាចអោយសិស្សដែលគ្នាគ្មានលទ្ធភាពបាក់ទឹកចិត្តមិនចង់រៀន ដោយសារតែមិនចេះ ។
នេះគឺជាហេតុផល ប៉ុន្តែក្រុមអ្នកដែលគាំទ្រឲ្យគ្រូបង្រៀនគួរវិញបានលើកឡើងថា ការរៀនគួរ នេះគឺជាប្រភពនៃការអនុវត្តនៅសាលាគេរៀនទ្រឹស្តី ហើយនៅកន្លែងរៀនគួរគឺជាកន្លែងដែល អនុវត្ត ហើយការដែលរៀនគួរនេះក៏ជាបច្ច័យមួយជួយទំនុកបម្រុងជីវភាពបន្ថែមដល់លោកគ្រូ និង អ្នកគ្រូផងដែរ ។
ក្រុមនេះបានលើកឡើងថា មកដល់ពេលនេះនៅក្នុងចំណោមសិស្សពូកែទូទាំងប្រទេសដែល ប្រឡងបាននិទ្ទេស A រាប់សិបនាក់គឺមិនមែនសុទ្ធតែអ្នកដែលរឿនគួរនោះទេ ។ ពួកគេលើក ឡើងថា ជាការពិតការរៀនគួរវាអាចបំប៉ននិងបំពេញនូវចំណុចដែលខ្វះខាតពេលរៀននៅ សាលា ប៉ុន្តែប្រសិនបើសិស្សមិនខំរៀន មិនខំប្រឹងប្រែងខ្លួនឯងទេនោះ ទោះជារៀនគួរអស់លុយ ហើយចំណាយប៉ុណ្ណាក៏លទ្ធផលនៅតែមិនចេះដដែលទេ ។
ជាការពិតសម្រាប់អ្នកដែលខំនៅពេលដែលមានលទ្ធភាពរៀនគួរគឺពិតជាមានឱកាសនិង មានលទ្ធភាពខ្ពស់ ជាអ្នកមិនមានឱកាស ប៉ុន្តែប្រសិនបើខំ ហើយម្យ៉ាងទៀតប្រសិនបើអាចឆ្លៀងពេលអាចសុំលោកគ្រូឫក៏អ្នកគ្រូដែលគាត់បង្រៀនគួរដោយប្រាប់គាត់ត្រង់ៗ ហើយសិស្សពិតជាអត់មែននោះ គឺប្រហែលជាគ្មានគ្រូណាចិត្តដាច់នោះឡើយ។
សរុបមកវិញរៀនគួរឫមិនរៀនគួរវាមិនមែនបញ្ហានៃការពង្រឹងគុណភាពអប់រំនៅកម្ពុជានោះទេ សំខាន់គឺសិស្សត្រូវខំដោយខ្លួនឯង ។ ហើយក្រៅពីគ្រូ និង កូនសិស្សអាណាព្យាបាល ជាពិសេសគឺឪពុកម្តាយគឺដាច់ខាតកុំអាងតែគ្រូកុំអាងតែសាលា សូមយកចិត្តទុកដាក់តាមដាន កាសិក្សារបស់កូនរបស់ខ្លួនផង កុំព្រលែងពួកគេហើយតាំងមកត្អញត្អែរលើបញ្ហាគុណភាព ។