គុ្រនឈាមថយចុះមែន ប៉ុន្តែកុំប្រហែស ! តែប្រហែសវាកើនមួយរំពេច

ករណីឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានប្រមាណជាជាង៧ពាន់ករណី ហើយអ្នកស្លាប់មានតែ១៥នាក់ គឺមានការថយចុះ៨នាក់ ប៉ុន្តែកុំធ្វេសប្រហែសវានៅតែជាជំងឺដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលជាពិសេសគឺកុមារ។
តាមស្ថិតិដែលមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញករណីរងគ្រោះដល់ជីវិតដោយសារតែជំងឺនេះថយចុះប្រមាណជា៣៥ភាគរយ ពោលគឺថយគួរសមដែរ ប៉ុន្តែស្ថាប័នេនះនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាលនៅតែលើកកំពស់ឲ្យពលរដ្ឋប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។
ក្រសួងបានបញ្ជាក់ថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង ៤៨ម៉ោងយ៉ាងតិច។
បន្ថែមពីនេះ ក្រសួងក៏បានណែនាំ ពលរដ្ឋនិងអាជ្ញាធរឲ្យ ចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។
ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
លើសពីនេះ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារ នៅតាមការដ្ឋានសំណង់ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន លុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុក សម្ភារសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ ១៥០ម៉ែត្រ ជុំវិញ ការដ្ឋានសំណង់។
សរុបទៅយើងទាំងអស់គ្នាត្រូវតែចូលរួមទាំងអស់ប្រយុទ្ធប្រឆាំងនឹងមេរោគនិងដែនជំរកមេរោគ ពោលគឺមូសដែលជាប្រភពនិងជាភ្នាក់ងារចម្លង ។ កំចាត់មូសខ្លាបានគឺកំចាត់ប្រភពដែលនាំចម្លងបានហើយ នោះសុខភាពយើងនិងសហគមន៍នឹងកាន់តែប្រសើរ ៕
Daily Program
