គុណភាពខ្យល់នៅកម្ពុជាមិនទាន់អីទេ ប៉ុន្តែក៏កុំប្រហែស !
ខណៈដែលស្ថានភាពគុណភាពខ្យល់មានការប្រែប្រួលខ្លាំង ក្រសួងបរិស្ថានកម្ពុជាបានជូនដំណឹង ហើយឲ្យយើងប្រុងប្រយ័ត្ន បើទោះបីជាពេលនេះស្ថានភាពនិងកម្រិតបំពុលនៅមិនទាន់ដល់កម្រិតគ្រោះថ្នាក់ក៏ដោយ ។
ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ នេះ បានជូនដំណឹងជាចំហរស្តីពីការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា និងបានសំណូមពរឱ្យសាធារណជនតាមដានព័ត៌មានអំពីគុណភាពខ្យល់ប្រចាំថ្ងៃ នៅលើបណ្តាញផ្សព្វផ្សាយ ដើម្បីមានវិធានការការពារ ខណៈប្រែប្រួលគុណភាពខ្យល់ខ្លាំង នៅក្នុងមូលដ្ឋាន។
ប្រភពដដែលបានអះអាងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការប្រែប្រួលគុណភាពខ្យល់គួរឱ្យកត់សម្គាល់ ទោះបីជា ការប្រែប្រួលនៃគុណភាពខ្យល់នៅកម្ពុជា មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅទូទាំងប្រទេសនៅឡើយក៏ដោយ ប៉ុន្តែនៅតំបន់ខ្លះ គុណភាពខ្យល់ធ្លាក់ដល់ពណ៌លឿងនិងទឹកក្រូច ដែលជាកម្រិតធូលីភាគល្អិតនៅក្នុងខ្យល់ដែលគេហៅថា កម្រិត PM2.5 គឺពី ៥១ ទៅ១០០ មីក្រូក្រាមនៅក្នុងកំហាប់ខ្យល់មួយម៉ែត្រគូប ។
នៅក្នុងកម្រិតនេះមនុស្សទូទៅអាចធ្វើសកម្មភាពនៅក្រៅផ្ទះបានធម្មតាប៉ុន្តែអ្នកដែលមានសុខភាពទន់ខ្សោយ គឺគួរប្រុងប្រយ័ត្ន ហើយអាការៈដែលគួរយកចិត្តទុកដាក់នោះគឺ ការក្អក ពិបាកដកដង្ហើម រលាកភ្នែក។ នៅក្នុងករណីអ្នកមានរោគសញ្ញាទាំងនេះ សូមកាត់បន្ថយសកម្មភាពនៅក្រៅផ្ទះ ។
ក្រៅពីនោះកម្រិតបន្ទាប់គឺមានកម្រិតពណ៌ទឹកក្រូច ដែលកម្រិត PM2.5គឺ កម្រិតធូលីមានអត្រាពី ១០១ទៅ១៥០ មីក្រូក្រាមនៅក្នុងខ្យល់មួយម៉ែត្រគូប ។ នៅក្នុងកម្រិតនេះ ជាកម្រិតដែលយើងគួរកាត់បន្ថយសកម្មភាពនៅខាងក្រៅ ហើយគួរតែប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមបើចាំបាច់ រីឯអាការៈវិញធ្ងន់ធ្ងរជាងអាការៈខាងលើ ដោយអ្នកទន់ខ្សោយអាចឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី អស់កម្លាំង ។ល។
សម្រាប់កម្រិតក្រហមវិញ គឺកម្រិតភាគល្អិតធូលីមានអត្រាពី ១៥១ទៅ២៥០ មីក្រូក្រាមនៅក្នុងខ្យល់មួយម៉ែត្រគូប។ នៅក្នុងស្ថានភាពនេះ យើងត្រូវតែជៀសវាងសកម្មភាពខាងក្រៅ ត្រូវប្រើប្រាស់ឧបករណ៍ការពារដង្ហើម ហើយគួរតែទៅជួបវេជ្ជបណ្ឌិត នៅពេលមានបញ្ហាសុខភាព។
ដោយឡែកបើវាមានពណ៌ស្វាយ នោះគឺ កម្រិតភាគល្អិតនៃធូលីមានអត្រាពី ២៥១ទៅ៥០០ មីក្រូក្រាមនៅក្នុងខ្យល់មួយម៉ែត្រគូប។ វាគឺជាសញ្ញាអាសន្នចំពោះសុខភាពមនុស្សតែម្តង ។
សរុបមកវិញគុណភាពខ្យល់នៅកម្ពុជាមិនទាន់អាក្រក់ណាស់ណានៅឡើយទេ ប៉ុន្តែក៏កុំប្រហែសដែរ ពោលគឺតាមដានការប្រែប្រួលគុណភាពខ្យល់ ដែលមានផ្សាយតាម អេប ឈ្មោះ CGS SPA ហើយនឹងតាមដាននៅលើវេបសាយ airquality.moe.gov.kh ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានជាដើម ។ នៅក្នុងករណីយើងមានបញ្ហាសុខភាពគឺសូមប្រញាប់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យទាន់ពេលវេលា៕