ខែមីនា នេះសូមកុំភ្លេចថ្ងៃប្រវត្តិសាស្រ្តមួយ!

នៅខែមីនា នេះគឺមានថ្ងៃប្រវត្តិសាស្រ្តមួយដែលយើងជាពលរដ្ឋកម្ពុជាមិនគួរបំភ្លេចឡើយនោះគឺជាព្រឹត្តិការណ៍ដែលបានកើតមានឡើងនៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ១៩៧០។

កាលពីម្សិលមិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ហាក់មិនសូវមានអ្នកចាប់អារម្មណ៍និយាយអំពីព្រឹត្តិ​កា​រណ៍នេះឡើយ ខណៈដែលគេដឹងថា ថ្ងៃនេះគឺជាថ្ងៃនៃរបត់ប្រវត្តិសាស្រ្តនៃទុក្ខវេទនារបស់សង្គមកម្ពុជា ។​

សង្រ្គាមស៊ីវិល និងគ្រោះនៃរបបអាវខ្មៅប្រល័យពូជសាសន៍ខ្មែរដែលបានកើតឡើងបន្តបន្ទាប់មក នោះ គឺ​បានបន្សល់ទុកនូវរឿងទុក្ខសោកនិងសៅហ្មងជាច្រើនដែលយើងមិនគួរបំភ្លេចឡើយ។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ គឺជាថ្ងៃដែលសេនាប្រមុខ លន់ នល់ និងបក្សពួកបាននាំគ្នាដឹកនាំធ្វើរដ្ឋប្រ​ហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងបំផ្លាញរបបរាជានិយមរបស់ប្រទេសហើយប្រកាសដាក់កម្ពុជា​ជារបបសាធារណរដ្ឋ​។​ ចាប់តាំងពីពេលនោះមក​ភ្នក់ភ្លើងនៃសង្រ្គាម ស៊ីវិលបានឆាបឆេះឡើងក្តៅគគុកនៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីថ្ងៃនោះមក ជ្រោយសន្តិភាពនៅឥណ្ឌូចិនដែលបានកសាងឡើងតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩​៥៣ មក ត្រូវបានបំផ្លាញហើយប្រទេសកម្ពុជាបានក្លាយជាសមរភូមិប្រយុទ្ធ តាំងពីជនបទរហូតដល់ទីក្រុង ក្រោយពេលដែលសម្តេចព្រះ នរោត្តម សីហុន ព្រះអង្គបានអំពាវនាវសុំអោយប្រជាពលរដ្ឋគាំទ្រនិងព្យាយាមដង្ហែរព្រះអង្គមកដឹកនាំកម្ពុជា ឡើងវិញ។​

ក្រោយរបបសាធារណៈរដ្ឋបានដួលរលំរបបខ្មែរក្រហម ដែលកសាងកម្លាំងដោយប្រជាពលរដ្ឋកម្ពុជាត្រូវបានច្បាមអំណាចដោយក្រុម ប៉ុល ពត ហើយដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ ដែលនៅក្នុ​ងចន្លោះពេលនេះកម្ពុជាស្លាប់ជាង៣លាននាក់ ប្រទេសគ្មានផ្សារ គ្មានលុយ ពលរដ្ឋមានសម្លៀកបំពាក់តែមួយពណ៌គឺខ្មៅ ជាដើម​។

កម្ពុជាស្ថិតនៅក្នុងរបបនេះគឺកាន់តែវេទនាលែងមានផ្សារ​ លែងមានទីក្រុង លែងមានសាសនា លែងមាន​សេរីភាពសព្វសារពើរ​ ទាល់តែរហូតដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ ទើបអ្វីៗបានវិលមកវិញបន្តិចម្តងៗ​ហើយអាចឈានដល់បរិបូរជាជ្រោយសន្តិភាពថ្មីចាប់ពីចុងឆ្នាំ១៩៩៨ មកដល់សព្វថ្ងៃ ។

សរុបមកវិញ សម្រាប់អ្វីដែលបានកើតមានឡើងនៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ១៩៧០​នេះ សូមពលរដ្ឋខ្មែរកុំភ្លេច ហើយត្រូវតែចង់ចាំថា ឫសគល់នៃវិនាសសកម្មនៃសង្គមកម្ពុជា គឺចេញមកពីថ្ងៃនេះ ដូច្នេះយើងគប្បីមិនគួរបំភ្លេចព្រឹត្តិការណ៍នេះឡើយ៕

 

Daily Program

Livesteam thumbnail