ខេត្តនានាគួរបង្កើតការទាក់ទាញអ្នកវិយោគឲ្យដូចជាខេត្តកំពង់ស្ពឺ

នៅក្នុងចំណោមរាជធានីនិងខេត្ត២៥នៅទូទាំងប្រទេសកម្ពុជា ខេត្តដែលមានភាពជោគជ័យជាងគេដែល​ទាក់ទាញគម្រោងវិនិយោគគឺមានតែខេត្ត៩ទេ ដែលមានវិនិយោគ​ចំនួន​១០គម្រោងឡើង ក្រៅពីនោះខេត្តខ្លះនៅ​មាន​​ចំនួនកម្រិតនៅឡើយ។​

ពេញមួយឆ្នាំ២០២៤កន្លងទៅ កម្ពុជាអាចទាក់ទាញគម្រោងវិនិយោគសរុប៤១៤ គម្រោងដែលមានទឹកប្រាក់វិនិយោគសរុបតម្លៃប្រមាណជា​៦,៩ពាន់លានដុល្លារ ហើយអាចបង្កើតការងារធ្វើជូនពលរដ្ឋសរុបបាន៣២ម៉ឺនកន្លែង។​

នេះគឺជាជោគជ័យមួយរបស់កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍​គម្រោងវិនិយោគនេះមិនស្មើគ្នានៅឡើយទេ ដូច្នេះគប្បីខេត្តដែលមិនទាន់មានគម្រោងច្រើន ឬមិនមាន គួរបង្កើននិងជំរុញកិច្ចអភិវឌ្ឈន៍ប្រទេសកម្ពុជា។

តាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានឲ្យដឹងថា ខេត្តដែលទាក់ទាញគម្រោងវិនិយោគច្រើនជាងគេគឺមានខេត្តកំពង់ស្ពឺ ស្វាយរៀង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ តាកែវ​កណ្តាល កោះកុង​ កំពង់ចាម និង កំពង់ឆ្នាំង។​

សម្រាប់ខេត្តកំពង់ស្ពឺគឺបានទាក់ទាញ​៩៣ គម្រោង ស្វាយរៀងបាន៧២គម្រោង រាជធានីភ្នំពេញបាន៥២គម្រោង ខេត្តព្រះសីហនុបាន៥១គម្រោង ខេត្តតាកែងបាន៤៣គម្រោង កណ្តាលបាន៣១គម្រោង កោះកុងបាន២៧គម្រោង កំពង់ចាមបាន១៣ និង កំពង់ឆ្នាំងមាន១២ ក្រៅពីនោះខេត្តខ្លះអត់ ខេត្តខ្លះបាន១ ខេត្តខ្លះបាន២ ជាដើម។

ជាការពិត ដោយសារតែទីតាំងភូមិសាស្រ្ត ជារឿងមិនងាយស្រួលទេដែលខេត្តនីមួយៗអាច​ទាក់ទាញគម្រោងវិនិយោគបានស្មើគ្នានោះ ប៉ុន្តែយើងជឿជាក់ថា ខេត្តនីមួយៗមានសក្តានុពលដោយឡែកៗពីគ្នា ដូច្នេះប្រសិនបើអាជ្ញាធរដែនដីនៅក្នុងខេត្តទាំងនេះចេញរំលេច ចេះផ្តួចផ្តើម ចេះផ្សព្វផ្សាយ ចេះបង្ហាញ ពោលគឺចេះធ្វើទីផ្សារជំរុញនិងទាក់ទាញវិនិយោគ យើងខ្ញុំគិតថា វាពិតជាអាច ទោះបីជាមិនដូចគ្នា ក៏ដោយក៏យើងអាចនឹងបង្កើនចំណាប់អារម្មណ៍ជាពិសេស អ្នកវិនិយោគទុនបរទេសមករកស៊ី​ឬបង្កើតមុខរបរវិនិយោគនៅក្នុងដែនដីរបស់ខ្លួនបានដែរ។​

កន្លងមកសម្រាប់ខេត្តដែលជិតសមុទ្រគឺវាងាយស្រួលទាក់ទាញ ដោយសារតែជិតកន្លែងដឹកចេញ ពោលគឺជិតកំពង់ផែ មិនខាតថ្លៃដឹក ប៉ុន្តែ​គម្រោងវិនិយោគវាមិនមែនតែលើឧស្សាហកម្មទាំងអស់ទេ។ ខេត្តខ្លះដែលមានធនធានធម្មជាតិស្អាតអាចបង្វែនិងផ្តួចផ្តើមខាងទេសចរណ៍ ខេត្តដែលមានធនធានរ៉ែ អាចទាក់ទាញខាងរ៉ែ ខេត្តដែលមានដីចម្ការល្អៗហើយប្លែកអាចទាក់ទាញគម្រោងវិនិយោគកសិកម្ម​ជា​ដើម។​

សរុបទៅ ដើម្បីអាចឲ្យកម្ពុជាធានា​អភិវឌ្ឈន៍បន្ថែមទៀត​ ការទាក់ទាញគម្រោងវិនិយោគគួរតែរួបរួមគ្នាជួយគ្នាតាំងពីកម្រិតខេត្តឡើង ពីព្រោះសាមីខេត្តនីមួយៗដឹងច្បាស់ពីសក្តានុពល និង ចំណុចខ្សោយនៅក្នុងខេត្តរបស់​ខ្លួនច្បាស់។  សូមជួយគ្នាទាក់ទាញនិងបង្កើនចំណាប់​អារម្មណ៍​ដល់​ភ្ញៀវទេសចរនិង​វិនិយោគិន​ទាំងអស់គ្នា៕

Daily Program

Livesteam thumbnail