ក្រៅពីសុវត្ថិភាព ! សូមយកចិត្តទុកដាក់លើបញ្ហាអនាម័យនិងជំងឺឆ្លងផ្សេងៗសម្រាប់ជនភៀសសឹក

នៅពេលដែលបទឈប់បាញ់នៅមានសភាពផុយស្រួយ បើទោះបីជាភាគីទាំងសងខាងបានរក្សាបទឈប់បាញ់ជាបន្តបន្ទាប់តាំងពីអាធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ហើយក្តី​ មកដល់ពេលនេះ ពលរដ្ឋជាជនភៀសសឹក​គឺពិតជាមិនទាន់ធានាពិតប្រាកដថា ពួកគេអាចវិលទៅលំនៅស្ថានពួកគេវិញពិតប្រាកដនៅពេលណានៅឡើយទេ។​

តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា​ មកដល់ពេលនេះជនភៀសសឹកនៅកម្ពុជានៅខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិសាត់ បន្ទាយមានជ័យ និង សៀមរាបសរុបបានកើនឡើងដល់ជាង ១៧ ម៉ឺននាក់ហើយ។ ចំនួននេះគឺច្រើនណាស់ ដែលយើងត្រូវតែយកចិត្តទុកដាក់។

តាមការសង្កេតរឿងស្បៀងអាហាររបស់ពួកគេមកដល់ពេលនេះ ហាក់ដូចជាមិនខ្វះខាតទេ ដោយខាងអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទំនុកបម្រុងពួកគេជាប្រចាំ។ ក្រៅពីនោះក៏មានក្រុមអ្នកសប្បុរសជនដែលប្រកូកប្រកាសគ្នាតាមបណ្តាញសង្គមជួយគ្នាជាបន្តបន្ទាប់​ ប៉ុន្តែរឿងដែលចាំបាច់មួយគឺរឿងបញ្ហាអនាម័យ និង ជំងឺឆ្លងផ្សេងៗ។

នៅក្នុងអំឡុងពេលនេះជារដូវវស្សាអាកាសធាតុអាចប្រែប្រួលច្រើន ពោលគឺមានតាំងពីផ្គររន្ទះ ខ្យល់ភ្លៀង ហើយគួបផ្សំនិងកន្លែងជម្រកសុវត្ថិភាពដែលរៀបចំឡើងបន្ទាន់ៗពេក វាអាចឲ្យបងប្អូនមានបញ្ហា ហើយងាយប្រឈមនឹងជំងឺដង្កាត់ផ្សេងៗ រាប់តាំងពីផ្តាសាយ គ្រុនក្តៅ និង​ជំងឺឆ្លងដោយសារតែមូសផ្សេងៗ ជាពិសេសគឺជំងឺគ្រុនឈាម។

ក្រៅពីនោះបញ្ហាអនាម័យ ក៏ជាកង្វល់មួយដែលយើងគួរតែយកចិត្តទុកដាក់បន្ថែមផងដែរ ពីព្រោះតែមនុស្សច្រើន ពលរដ្ឋអាចប្រឈមមុខនឹងការគ្រប់គ្រងវាមិនដិតដល់ដូចជានៅតាមលំនៅស្ថានឯកជន ដូច្នេះវាក៏ជាបច្ច័យមួយអាចឲ្យពួកគេឆ្លងជំងឺដង្កាត់ផ្សេងៗ រាប់តាំងពីរាគរូស បញ្ហាជំងឺសឺស្បែករមាស់ ជាដើម។ល។

នៅក្នុងស្ថានភាពបែបនេះ យើងសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងគិតគូរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាឲ្យបងប្អូនអាចតស៊ូជំនះគ្រាដ៏លំបាកនេះយ៉ាងរឹងមាំ ប្រកបដោយទំនុកចិត្តកាន់តែខ្លាំងមកលើអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ខណៈដែលពូកគេកំពុងតែជួបការលំបាក។​

ជីវិតរស់នៅក្រៅផ្ទះសម្បែងដែលពួកគេរស់នៅគឺមិនងាយស្រួលឡើយ ពួកគេអាចជួបប្រទះបញ្ហានេះបញ្ហានោះជាច្រើន។

សរុបមកវិញរាជរដ្ឋាភិបាល អាជ្ញាធដែនដី និង​អ្នកដែលពាក់ព័ន្ធគឺបានកំពុងតែធ្វើកិច្ចការនេះយ៉ាងល្អប្រសើរហើយ រីឯអ្វីដែលយើងខ្ញុំលើកឡើងគ្រាន់តែជាការចូលរួមជាមតិយោបល់បន្ថែម នៅក្នុងគោលបំណងឲ្យបងប្អូនកំពុងតែមានការលំបាកគឺជួបប្រទះនូវភាពកក់ក្តៅនៅក្នុងចិត្ត។ ការជួយគ្នានៅក្នុងគ្រា​លំបាកគឺជារឿងប្រពៃបំផុត ដែលយើងគួរតែបន្តសកម្មភាពនេះជាបន្តបន្ទាប់កុំដាច់ ទម្រាំដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព៕

Daily Program

Livesteam thumbnail