ក្រសួង​​សុខាភិបាលលើកឡើង​ថា ឆ្នាំ​២០២៤​ពលរដ្ឋប្រើ​សេវា​រដ្ឋកើនឡើង​ច្រើន​​

ជាការពិតវិស័យសុខាភិបាលនៅតែមានបញ្ហារឿងក្រមសីលធម៌ដោយសារតែពាក្យសម្ដី និង ឥរិយាបទនៅសេសសល់របស់ក្រុមគ្រូពេទ្យនិងវេជ្ជបណ្ឌិតខ្លះ ប៉ុន្តែនិន្នាការនៃការកែប្រែគឺមាន ទន្ទឹមនឹងនោះអ្វីដែលគួរឲ្យគាំទ្រនិងកោតសរសើរឃើញថា មានច្រើននៅក្នុងឆ្នាំ ២០២៤ ដូចជាការពង្រឹងសេវាកម្មព្យាបាលតំាងពីកម្រិតមណ្ឌលសុខភាព សំដីសំដៅនិងឥរិយាបទរបស់ក្រុមគ្រួពេទ្យជាដើម ។ល។

យោងទៅតាមសមិទ្ធផលដែលក្រសួងនេះបានលើកឡើង គឺមានចំណុចវិជ្ជមានច្រើន ហើយចំណុចដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតគឺពាក់ព័ន្ធនឹងកម្មវិធីផ្តល់សេវា ឬបញ្ចូលសេវាព្យាបាលជំងឺមិនឆ្លងចម្បងៗទៅក្នុងមូលដ្ឋានសុខភាពសាធារណៈនៅតាមមន្ទីរពេទ្យនានាមានការកើនឡើងជាលំដាប់ ។

ក្រសួងសុខាភិបាលបាន​​​ប្រកាសថា ការប្រើប្រាស់សេវាជំងឺមិនឆ្លងកំពុងតែកើនឡើង ដែលមាន​ដូចជា សេវាព្យាបាលជំងឺទឹកនោមផ្អែម កើនឡើង៥៩ភាគរយ ជំងឺឡើងសំពាធឈាមកើនឡើង ២១ភាគរយ រីឯបញ្ហាសុខភាពផ្លូវចិត្តក៏មានការកើនឡើង​ដែរ។

ក្រៅពីនោះទៀត ក្រសួងក៏បានអះអាងពីការរក្សាកំណើននៃការចំណាយនៃប្រព័ន្ធគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលដើម្បីជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និង​ក្រុមប្រជាជនគោលដៅផ្សេងៗ ឲ្យទទួលបានសេវាថែទាំងសុខភាពកាន់តែមានសមធម៌។ ​

ក្រសួងក៏បានអះអាងពីសន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលជាសាកលដែលបានកើនឡើងពី ៥៨ នៅឆ្នាំ២០២១ ដល់ ៦០ ភាគរយនៅក្នុងឆ្នាំ២០២៤​។​

ផ្អែកតាមរបាយការណ៍យើងឃើញថា វិស័យសុខាភិបាលពិតជាកែប្រែឆ្ពោះទៅរកភាពប្រសើរ ហើយ​ពលរដ្ឋ​ក៏​មានទំនុកចិត្ត​ខ្លះៗហើយ ទើបធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​សេវា​សាធារណៈ​កើន​ឡើង​ដូច្នេះ។ ប៉ុន្តែ​​ វាក៏ជា​ការ​ព្រួយ​បារម្ភ​ផងដែរ​ ចំពោះ​ការ​កើន​ឡើងនេះ​ ព្រោះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​កន្លង​មកពលរដ្ឋ​កើត​ជំងឺ​មិន​ឆ្លង​នេះច្រើន ឬ​ជំងឺនេះ កើនឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្រុក​ទៅ​ប្រើ​សេវាកម្ម​របស់​រដ្ឋ​នោះ​ឡើយ។ 

ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​សេវា​កម្ម​រដ្ឋ គឺ​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ក្រសួង​សាម៉ី និង​រដ្ឋាភិបាល គួរតែ​រក​វិធីសាស្ត្រ​ ដើម្បី​បំបាត់​ភាព​អសកម្ម​របស់​ខ្លួន និង​បំបាត់​ជំងឺ​មិន​ឆ្លង​ទាំងនេះក្នុង​ស្រទាប់​ពលរដ្ឋផងដែរ​។

សរុបទៅប្រសិនបើយើងពិតជាមានភាពស៊ីគ្នារវាងតថភាពជាក់ស្តែងនិងសមិទ្ធផលដូចនៅក្នុងរបាយការណ៍យើងពិតជារីករាយស្វាគមន៍។ យើងខ្ញុំជាប្រជារាស្រ្តពិតជាចង់ឃើញថា សមត្ថភាព និង ក្រមសីលធម៌ ក៏ដូចជាវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យយើងមានការកែលំអរ ហើយសង្ឃឹមថា​និន្នាការល្អនេះនឹងបន្តពង្រីកបន្ថែមទៀត។ ចំណុចខ្វះខាតគួរតែបំពេញបន្ថែម​ តែចំណុចដែលរឹងមាំគួរតែថែរក្សា នោះវិស័យសុខាភិបាលយើងទៅមុខហើយ៕

 

Daily Program

Livesteam thumbnail