កុំស្តាយអ្វីដែលហួស ប៉ុន្តែសំខាន់គឺត្រូវគិតថា ទៅមុខគួរធ្វើម៉េចកុំអោយបែកបាក់គ្នាបន្ត!

ជាការពិតប្រសិនបើយើងមិនមានសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរចាប់ពីឆ្នាំ១៩៧០មក ម្ល៉េះកម្ពុជានៅពេលនេះក៏មិនធម្មតាដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលហួសគឺទុកឲ្យវាហួសទៅ សំខាន់គឺយើងនៅ សម័យនេះត្រូវគិត ត្រូវគូរ ត្រូវធ្វើយ៉ាងណាកុំអោយយើងវិលទៅរកអ្វីដែលធ្លាប់កើតមានកាលពីអំឡុងពេលនោះ ។

ជាការពិតមុនឆ្នាំ១៩៧០ កម្ពុជានិងថៃប្រហែលជាមិនស៊ីសងគ្នាប៉ុន្មានឡើយថ្មីត្បិតតែប្រទេសថៃមិនធ្លាប់ហែលឆ្លងរបបអាណានិគមក៏ពិតមែន ប៉ុន្តែនៅសម័យកាលនោះ គេដឹងថា កម្ពុជាដែលជាកោះសន្តិភាពនោះ គឺមានអ្វីៗគ្រប់យ៉ាងប្រហាក់ប្រហែលនឹងគេ ។ នៅសម័យនោះ គេមានអីយើងក៏មាននោះដែរ នៅ ប៉ុន្តែអ្វីៗវាផ្ទុយស្រឡះក្រោយពេលដែលយើងបែកបក្សមិនទុកចិត្តគ្នា ។​

រដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ បានធ្វើឲ្យកម្ពុជាដើរថយក្រោយជាបន្តបន្ទាប់រហូតដល់ក្រោមសូន្យ មុនថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ។ ដោយកម្ពុជាហែលឆ្លងនូវសង្រ្គាមស៊ីវិល ហែកហួរ ហើយលុងនិងលទ្ធិកុម្មុយនីស្តបែបជ្រុលនិយម ដែលនាំឲ្យកម្ពុជាកើតមានអំពើប្រល័យពូជសាសន៍ដែលសម័យកាលនោះគឺបាត់បង់គ្រប់យ៉ាងសូម្បីតែធនធានមនុស្សដែលពិបាកកសាងបំផុត។

គិតមើលទៅនៅពេលដែលយើងចាប់ផ្តើមដើរថយក្រោយគេដើរទៅមុខជាលំដាប់ម្លោះហើយទាំងធនធាន និង សមត្ថភាពគេមានទាំងព្រម ប៉ុន្តែយើងវិញគឺដើរថយក្រោយ ជានិច្ចរហូតដល់សូម្បីតែធនធានមនុស្សក៏ត្រូរលាយរលត់ដោយអំពើប្រល័យពូជសាសន៍របស់របបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា របបខ្មែរក្រហម ឫរបបប៉ុលពតនេះឯង ។

វាមិនដែលមានរបបណាធ្វើដូចជារបបនេះ ដោយប្រមូលអ្នកចេះដឹងយកទៅសម្លាប់ បណ្តាញប្រជាពលរដ្ឋចេញពីទីក្រុង រើរោងចក្រ រុះផ្ទះធំទៅធ្វើ ផ្ទះសហគមន៍ លុបបំបាត់លុយ លុបបំបាក់កម្មសិទ្ធិ លុបបំបាត់ផ្សារ មិនរវល់រឿងផ្សេងក្រៅពីឲ្យពលរដ្ឋធ្វើស្រែ។

លុះដល់របបនេះដួលរលំទៅទម្រាំកម្ពុជាអាចស្តារសន្តិភាពបានឡើងវិញគឺចាយពេលរាប់សិបឆ្នាំបន្តទៀត ។ ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩៨ គឺជាពេលវេលាក៏មិនងាយស្រួលដែរ ប៉ុន្តែយើងពិតជាអាចធ្វើបាន ហើយ រហូតដល់យើងអាចរកបានសន្តិភាព​ពីចុងឆ្នាំ១៩៩៨ ដល់ បច្ចុប្បន្ននេះ។

អ្វីដែលយើងមាន អ្វីដែលយើងប្រឈម នាពេលបច្ចុប្បន្ននេះ វាគឺជាសក្ខីកម្មមួយដែលល្មមអាចបញ្ជាក់បានថា យើងទាំងអស់គ្នាគួរតែស្រុះស្រូលគ្នា ហើយគួរតែចេះសម្របសម្រួលធ្វើយ៉ាងណាកុំអោយប្រវត្តិសាស្រ្តវាវិលមកវិញ។

          ថាពីមុនចុះយើងបែកបាក់គ្នា តែពេលនេះ នៅពេលដែលយើងកំពុងតែមានអរិភាពនៅព្រំដែន យើងគួរតែធ្វើការជាមួយគ្នា ស្រាក់ដៃគ្នាទាំងក្នុងនិងក្រៅរួមគ្នានៅក្នុងវិថីតែមួយ ដើម្បីបន្តស្មារតីធ្វើការជាមួយគ្នា ដោយឈរនៅលើមាគ៌ាមួយច្បាស់លាស់តស៊ូឲ្យកាន់តែខ្លាំងក្លាយដើម្បីយកឈ្នះលើបញ្ហាដែលកំពុងតែ ប្រឈមនាពេលបច្ចុប្បន្ននេះ ៕

Daily Program

Livesteam thumbnail