កុំរំជើបរំជួល ខិតខំប្រកបរបរទទួលទានប្រចាំថ្ងៃវិញ
ស្ថានភាពនយោបាយអាចឈានដល់របត់មួយថ្មី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងទាំងអស់គ្នាគួរតែ បន្តជីវភាពរស់នៅជាប្រក្រតីប្រសើរជាង។
ក្រុមអ្នកនយោបាយនៅក្រៅប្រទេសនៅពេលនេះបានកំពុងតែបំផុសបំផុលបង្កើតគំនិតផ្តួចផ្តើមដើម្បីបង្កើត រដ្ឋាភិបាលមួយនៅក្រៅប្រទេស ក្រោមលេសនយោបាយថា ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។
នេះគឺជារបត់នយោបាយហើយអាចថា ជាក្រឡាអុកនយោបាយថ្មីបំផុតរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសប៉ុន្តែភាពស្របច្បាប់របស់រដ្ឋាភិបាលនេះទំនងពិបាក។
ដោយសារតែមកដល់ពេលនេះកម្ពុជាមានសន្តិភាពពេញបរិបូរណ៍ សន្តិសុខជាតិត្រូវបានធ្វើឲ្យរីកចម្រើន គួរជាទីមោទនៈទោះបីជាមិនបាន១០០ ភាគរយក៏ដោយក៏នៅពេលនេះពលរដ្ឋអាចមានសេរីភាពធ្វើដំណើរទៅទីណាក៏បាន នៅពេលណាក៏អាចទៅបាន។
ផ្អែកលើទឡ្ហីករណ៍នេះ តើវាចាំបាច់ទេដែលត្រូវបង្កើតរដ្ឋាភិបាលមួយនៅក្រៅប្រទេស។ ហើយបើពួកគេ បង្កើតតើទៅដឹកនាំអ្នកណា ហើយតើពួកគេបម្រើនិងគោរពឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរដោយ របៀបណា?
ស្ថានភាពនៅកម្ពុជាវាខុសពីស្ថានភាពនៅប្រទេសនានា ដោយសារតែកម្ពុជានៅពេលនេះ អ្វីៗខុសពីមុន ទាំងអស់។ រដ្ឋាភិបាលនៅក្នុងប្រទេសនៅពេលនេះគឺកើតចេញពីការបោះឆ្នោត ដោយមានការចូលរួម ពីគណបក្សនានា ហើយក៏បានរៀបចំឡើងដោយមានអ្នកសង្កេតការណ៍ជាសក្ខីកម្មទំាងអន្តរជាតិ និង នៅក្នុងស្រុកចូលរួម។
រដ្ឋាភិបាលដែលកំពុងដឹកនាំនៅកម្ពុជាសព្វថ្ងៃនេះមិនមែនជារដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហារ ឫ ដោយការតស៊ូប្រដាប់អាវុធឡើយ។ ស្ថានភាពបែបនេះខុសពីស្ថានភាពនយោបាយនៅក្នុងប្រទេសនានា ជាពិសេសគឺភូមា ដែលគេបានបង្កើតរដ្ឋាភិបាលនិរទេសមួយ ដោយសារតែយោធាធ្វើរដ្ឋប្រហារ ហើយ សង្រ្គាមកំពុងតែកើតមានឡើងពេញបន្ទុក។
បងប្អូនប្រជាពលរដ្ឋសូមថ្លឹងថ្លែងហើយប្រុងប្រយ័ត្ននឹងកលយុទ្ធនយោបាយ ដែលកំពុងតែផ្តូចផ្តើមឡើង នេះ។ នៅក្នុងករណីបងប្អូនធ្វេសប្រហែសហើយអាចធ្លាក់ខ្លួនទៅក្នុងកលយុទ្ធហើយក្លាយជាអ្នកបំរើ នយោបាយអាចនឹងមានទោសដោយសារគំនិតផ្តួចផ្តើមនេះគឺខុសច្បាប់ជាពិសេសគឺខុសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
សរុបមកវិញសូមបំពេញការងារនិងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដើម្បីចិញ្ចឹមខ្លួននិងគ្រួសារ ប្រសើរជាង យកខ្លួនទៅពាក់ព័ន្ធនឹងសកម្មភាពដែលខុសច្បាប់នេះ។ គម្រោងការនេះមិនស្របច្បាប់ទេ នៅក្នុងករណី បងប្អូនពាក់ព័ន្ធគឺអាចរងនូវវិធានការច្បាប់ដែលអាចមានទោសទណ្ឌតាមបទល្មើសផ្សេងៗ។