កុំមើលងាយខ្លួនឯង ! យើងត្រូវខំទាំងអស់គ្នា

កម្ពុជាឥឡូវមិនមែនគ្រាន់តែចេះធ្វើកសិកម្ម និង កាត់ដេរប៉ុណ្ណោះទេ គឺកម្ពុជាក៏អាចមានសមត្ថភាពផលិតផលិតផលសំខាន់ៗមួយចំនួនដែរ ។

ពីមុនកម្ពុជាចេះតែធ្វើកសិកម្មចិញ្ចឹមខ្លួនឯងទេ តែក្រោយមកបានធ្វើកសិកម្មនាំចេញ ហើយឥឡូវកំពុងតែពង្រឹងការកៃច្នៃ ស្របពេលដែលឧស្សាហកម្មកាត់ដេរវិញ គឺវិវត្តន៍បន្តិចម្តងៗទៅដេរស្បែកជើង ឈានទៅដេរផលិតផលធ្វើដំណើរមានកាតាប វាលីជាដើម។

ផលិតផលទាំងនេះកំពុងតែមានកំណើន ហើយអ្វីដែលគួរឲ្យមោទនភាពដែរនោះ គឺថា កម្ពុជានៅពេលនេះគឺមានកម្មករនិងកម្មការនីដែលអាចចូលរួមផលិតនូវផលិតផលឿឧស្សាហកម្ម អេឡិចត្រូនិចជាច្រើនមុខ ។

តាមការអះអាងដោយតំណាង ក្រុមហ៊ុន មីនេបៀមីត្សូមី នៅពេលដែលជួបពិភាក្សាអំពី គម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គេបានដឹងថា កម្មករនិងកម្មការនីកម្ពុជានៅក្នុងក្រុមហ៊ុននេះមិនអន់ឡើយ ដោយពូកគេ កំពុងតែស្ថិតនៅក្នុងខ្សែរសង្វាក់ផលិតកម្មផលិតផលអេឡិចត្រូនិកមួយចំនួន ។

ផលិតផលដែលកម្មករនិងកម្មការនីអាចផលិតបាននៅពេលនេះ គឺមាន ម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។

ក្រៅពីនេះក៏មានកម្មករនិងកម្មការនីមួយចំនួន ដែលកំពុងតែចូលរួមតម្លើងរថយន្តជាច្រើនមូដែលនៅក្នុងប្រទេសស្របពេលដែលគេដឹងថា កម្ពុជាឥឡូវមានរោងចក្រដំឡើងរថយន្តប្រមាណជា ៦ក្រុមហ៊ុន ហើយស្របពេលដែក្រុមហ៊ុនថ្មី ដូចជា BYD របស់ចិនក៏កំពុងចាំអារម្មណ៍ផងដែរ ។​

សរុបទៅសមត្ថភាពនិងទេពកោសល្យរបស់កម្មករនិងកម្មារនីកម្ពុជាយើងមិនអន់នោះ ទេ ដូច្នេះយើងទាំងអស់គ្នាត្រូវខំទាំងអស់គ្នាបន្ថែមទៀត ។ សូមកុំគិតថា យើងអន់ សូមប្រឹងប្រែងធ្វើការដោយការទទួលខុសត្រូវ គោរពភារកិច្ច ស្គាល់ការងារ ស្រលាញ់ការងារ ដើម្បីយើងទាំងអស់គ្នា ។

​  

Daily Program

Livesteam thumbnail