កុំធ្វេសប្រហែសនឹងគ្រោះធម្មជាតិ ដោយសារតែបម្រែបម្រួលអាកាសធាតុ
ការប្រែប្រួលអាកាសធាតុបាននិងកំពុងតែជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរ យ៉ាងជាក់ស្តែងមកលើបរិស្ថានពិភពលោក និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ ព្រមទាំងមានឥទ្ធិពលនិងគ្រោះមហន្តរាយកាន់តែធំ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្ន។
គ្រប់ប្រទេសគ្រប់ទីកន្លែងនៅលើភពផែនដីនេះកំពុងតែទទួលរងនូវគ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដូច្នេះនៅក្នុងនាមយើងជាប្រទេសដែលកំពុងតែអភិវឌ្ឈន៍ហើយក៏ជាប្រទេសមួយដែលក្រីក្រមានសេដ្ឋកិច្ចតូចតា ទន់ខ្សោយវារិតតែតម្រូវឲ្យយើងទាំងអស់គ្នាកាន់តែលើកកំពស់ការយកចិត្តទុកដាក់នៅក្នុងការបង្ការនិងទប់ស្កាត់គ្រោះដ៏អាក្រក់ទាំងនេះ។
គ្រោះធម្មជាតិនៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់វាបានស្លាប់ជីវិតមនុស្សជាច្រើននាក់ បំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋនិងសាធារណ᧶ដោយមិនរើសមុខ ហើយក៏ធ្វើឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងសង្គមកាន់តែធ្ងន់ធ្ងរ។
នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជានៅមិនទាន់ទទួលគ្រោះធ្ងន់ធ្ងរខ្លាំងនៅឡើយ ប៉ុន្តែព្យុះយ៉ាជី ដែលកើតមានឡើងនៅក្នុងតំបន់ថ្មីៗនេះ វាបានបង្ករគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសចំនួន ៥ នៅក្នុងចំណោមអាស៊ាន ដែលឆក់អាយុជីវិតប្រមាណជា ១០០០ នាក់ និងធ្វើឲ្យខូចខាតសង្គមសេដ្ឋកិច្ចគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ។
សម្រាប់កម្ពុជាយើងនាឆ្នាំ២០២៤ ដែលនៅសេសសល់ជាង២ ខែនឹងផុតឆ្នាំ២០២៤ នេះ គឺមិនទាន់ទទួលគ្រោះធំដុំមែន ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយក៏មានជនរងគ្រោះស្លាប់ដោយរន្ទះ ទឹកជំនន់ និង គ្រោះខ្យល់កន្រ្តាក់គួរសមដែរ ហើយនៅពេលនេះក៏នៅមិនទាន់ឆ្លងផុតនៅគ្រោះធម្មជាតិផ្សេងៗទៀតឡើយដោយសារតែបម្រែបម្រួលអាកាសធាតុ។
នៅក្នុងរយៈពេលដែលនៅសល់ទោះបីជាវាមិនមានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែយើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសនឹងបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ពីព្រោះពាក្យថាបម្រែបម្រួលអាកាសធាតុនេះ គឺវាបង្ករឲ្យមានបាតុភូត គ្រោះហន្តរាយដោយមិនបានព្រៀងទុកជាច្រើនកើតមានឡើង រាប់តាំងពីខ្យល់កន្រ្តាក់ រន្ទះ ភ្លៀងខ្លាំងទឹកជំនន់ ខុសពេលខុសរដូវ ហើយជាពិសេសគឺគ្រោះបំណាក់ដី ។
នៅក្នុងចំណោមគ្រោះធម្មជាតិនានា អ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់គឺរន្ទះមានច្រើន រាំងស្ងួត ទឹកជំនន់ តែបំណាក់ដីធំដុំនៅមិនទាន់មានបទពិសោធន៍នៅឡើយទេ ដែលគប្បីសិក្សាចំណុចនេះ ហើយស្វែងយល់ និងត្រៀមលក្ខណៈទុកជាមុនអោយហើយ ដើម្បីនៅពេលដែលវាកើតឡើងទាំងមធ្យោបាយនិងធនធាន សំភារសង្រ្គោះ គឺមានកម្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតប ។
សរុបមកវិញនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ អ្វីដែលយើងបានធ្វើនៅក្នុងការបង្ការនិងការពារគ្រោះធម្មជាតិផ្សេងៗគឺយើងបានធ្វើនិងឆ្លើយតបបានលឿនទាន់ពេលវេលា ដូច្នេះយើងសង្ឃឹមថា យើងនឹងនៅតែបន្តរក្សាការប្រុងប្រយ៏ត្ននេះបន្តទៅមុខទៀត ហើយក៏ត្រូវតែពង្រីកបទពិសោធន៍នៅគ្រោះធម្មជាតិដែលមានធ្លាប់មាននៅកម្ពុជាទុកជាមុនផងដែរ ជាពិសេសគឺបំណាក់ដី និង រញ្ជួយដី ដើម្បីបង្ការភាពចៃដន្យណាមួយកើតមានឡើង៕