កុំកាប់ កុំកេង កុំកោរទេសចរណ៍ទើបគេមកកាន់តែច្រើន
សញ្ញានៃការវិលត្រឡប់មករកកំណើននៃភ្ញៀវទេសចរបរទេសមកកាន់កម្ពុជាហាក់ចាប់ផ្តើមវិជ្ជមានហើយឡើងវិញហើយក្រោយពេលដែលមានវិបត្តិតាំងពីឆ្នាំ២០២០ មកនោះ។
នៅខាងសៀមរាបឯណោះគ្រឹះស្ថានអង្គរបានរាយការណ៍ថា ភ្ញៀវទេចរបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរមានដល់ទៅ ជិត ៩០ ម៉ឺននាក់ដោយភ្ញៀវទេសចរបច្ចឹមប្រទេសច្រើន។ របាយការណ៍បានឲ្យដឹងថា ភ្ញៀវទេសចរមកអង្គរភាគច្រើនគឺអាមេរិក អង់គ្លេស បារាំង ចិនមានដែរតែមិនទាន់ច្រើនឡើយ។
ការមកដល់នៃភ្ញៀវទេសចរបរទសទាំងនេះបានកំពុងតែធ្វើឲ្យអ្នកបម្រើសេវាកម្មទេសចរមាន មគ្គុទេសទេសចរណ៍ អ្នកដឹកជញ្ជូន សេវាកម្មស្នាក់នៅ សេវាកម្មហូបចុក កំពុងតែមានទឹកមាត់លេបឡើងវិញ។
ភ្ញៀវទេសចរមកហើយបងប្អូនដែលពាក់ព័ន្ធ និង មន្រ្តីជំនាញសូមកុំបង្កបញ្ហារអាក់រអួលឫក៏រអក់កករជាមួយនឹងពួកគេ។ សម្រាប់អ្នកទេសចរបរទេសដែលគោរពច្បាប់គូរតែត្រូវបានការពារនិងគោរព ហើយអ្នកដែលខុសច្បាប់គឺត្រូវពិន័យទៅតាមច្បាប់ទម្លាប់ កុំមានការលើកលែងឫក៏រត់ការចុះរត់ការឡើង។
អ្នកត្រឹមត្រូវគឺត្រូវលើកស្ទួយអ្នកខុសត្រូវទទួលទោស កាលណាយើងគោរពច្បាប់ត្រឹមត្រូវ សន្តិសុខយើងអាចធានាបាននោះយើងមានទឹកមាត់ប្រៃនៅក្នុងការនិយាយនិងទាក់ទាញភ្ញៀវទេសចរ។ ក្រៅពីនោះ មន្រ្តីដែលត្រូវតែលើកកំពស់ច្បាប់ទម្លាប់ហើយនោះ អ្នកដែលពាក់ព័ន្ធជាពិសេសគឺអ្នកដែលផ្តល់សវាកម្ម គឺដាច់ខាតគួរតែគោរពឲ្យបាននូវបីកុំ ដែលមានគឺកុំកាប់ កុំកេង កុំកោរភ្ញៀវទេសចរ។
បងប្អូនកោរគេបានតែម្តង កាប់គេក៏បានតែមួយពេល ហើយកេងគេក៏រស់បានរចំណេញតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែវាស្អុយឈ្មោះម៉ាប្រទេស។ ទង្វើរមិនត្រឹមត្រូវដែលយើងធ្វើ ភ្ញៀវទេសចរដឹងគេអាចផ្សព្វផ្សាយតៗគ្នា។
នៅក្នុងករណីយើងធ្វើល្អ សេវកម្មប្រសើរគេចាប់អារម្មណ៍គេនិយាយល្អ មិត្តភ័ក្របងប្អូន អ្នកដែលគេស្គាល់ ត្រូវបានផ្សព្វផ្សាយ បន្តហើយពេលខ្លះគេក៏អាចនឹងចាប់អាម្មណ៍មកកម្ពុជាយើងជាថ្មីក៏ថាបាន។
សូមលើកកំពស់ការគោរពច្បាប់ គោរពគោលការណ៍ និង មានក្របសីលធម៌នៅក្នុងការប្រកបរបរទទួលទាន។
វិស័យទេសចរណ៍បើកើនគឺចំណេញច្រើនណាស់ ហើយសេដ្ឋកិច្ចក៏ទទួលបានលំហូរដ៏ប្រសើរផងដែរ ប៉ុន្តែប្រសិនបើទេសចរធ្លាក់ហើយនោះ អ្វិៗក៏ប៉ះដែល មិនថា តែសេដ្ឋកិច្ចជាតិទេ ប្រាក់ចំណូលប្រចាំថ្ងៃរបស់យើងក៏វាមានទំនាក់ទំនងគ្នាផងដែរ។
សរុបទៅសូមប្រុងប្រៀបនឹងបន្តរៀបចំខ្លួនឲ្យកាន់តែប្រសើរហើយផ្តល់សេវាកម្មកាន់តែជក់ចិត្តដល់ភ្ញៀវទេសចរគ្រប់រូប។ ភ្ញៀវទេសចរខ្លះក៏មិនល្អដែរ តែអ្នកដែលមិនល្អគឺយើងយកមូលដ្ឋានច្បាប់ជាគោល។ កាលណាអ្វីៗយកច្បាប់និងក្រមសីលធម៌ជាគោលហើយនោះ បញ្ហានឹងកាត់បន្ថយហើយយើងនឹងរីករាយជាមួយនឹងអ្នកទេសចរនានាន។