កាំជ្រួចនិងផាវតើមានអីខុសគ្នា! អាជ្ញាធរគួររៀបចំតំបន់លេងកាំជ្រួចហើយ
ការដុតផាវកន្លងមកត្រូវបានហាមឃាត់ ដោយសារតែវាត្រូវបានចាត់ទុកថា គ្រោះថ្នាក់និងបង្កសម្លេងរំខាន និងបង្កសណ្តាប់ធ្នាប់សង្គមនិងសាធារណៈជាពិសេសគឺសំឡេងងរបស់វា ប៉ុន្តែដល់កាំជ្រួចមិនមានអ្នកណាហាមឃាត់ឡើយ ហើយបែរជាលេងយ៉ាងកងរំពងដូចករណីដែលបានកើតមានឡើងកាលពីអំឡុងពេលអាធ្រាតឆ្លងឆ្នាំ២០២៤ចូលឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ។
ទិដ្ឋភាពដែលបានកើតមានឡើងកាលពីអំឡុងពេលអាធ្រាត្រថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៥ ការលេងបាញ់កាំជ្រួញបានកើតមានឡើងសឹងតែគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញ បង្កជាសំឡេង ផូងផាងពេញភ្នំពេញ។ ការលេងគ្រប់ទីកន្លែងបែបនេះ វាអាចជាការរំខានដល់ពលរដ្ឋមួយចំនួន ដែលមិនចូលចិត្តំឡេងលេងបែបនោះ ជាហេតុបង្កឲ្យមានលេចចេញជាបញ្ហា ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមរវាងថ្នាក់ដឹកនាំនិងអ្នកលេងកាំជ្រួចទាំងនេះ ។
មកដល់ពេលនេះគេដឹងថា ផាវគឺជាគ្រឿងផ្ទុះខ្នាតតូចដែលវាបង្កឡើងដោយរំសេវនិងកំទិញក្រដាសដែលគេផ្សំវាឡើងបង្កើតជាចំហេះនិងសម្ឡេងផ្ទុះខ្លាំងៗ រីឯកាំជ្រួចក៏ជាគ្រឿងផ្ទុះដែលមានគ្រឿងផ្សំមិនខុសគ្នាប៉ុន្មានឡើយពីផាវ ។ ភាពខុសគ្នារវាងផាវ និង កាំជ្រួចនោះគឺនៅត្រង់ កាំជ្រួចវាផ្សំឡើង ដើម្បីផ្ទុះចេញជាភ្លើងនៅលើអាកាស ចេញជាភ្លើងពណ៌រូបភាពស្អាតៗប្លែកៗប៉ុណ្ណោះ ។
រវាងផាវ និងកាំជ្រួញនេះ តាមពិតទៅវាគឺជាគ្រឿងផ្ទុះដូចគ្នា ហើយវាក៏មានសម្លេងរំខានខ្លាំងៗដូចគ្នា ក្រៅពីនោះវាក៏មានគ្រោះថ្នាក់ដូចគ្នាប្រសិនបើការលេងនោះខ្វះការប្រុងប្រយ័ត្ន ឫក៏ធ្វេសប្រហែស ឫក៏ទុកដាក់ មិនត្រឹមត្រូវដោយបច្ច័យណាមួយ ដូច្នេះវាគួរតែត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។
កង្វះនៃការគ្រប់គ្រងត្រឹមត្រូវលើការលេងផាវនិងកាំជ្រួញនេះវាអាចបង្កឲ្យបានបាតុភាពពិបាកនឹងរំពឹងទុក កើតមាននៅពេលខាងមុខ ជាពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីបងប្អូនជនជាតិចិននិងវៀតណាមនៅពេលខាងមុខ ។
នៅពេលដែលផាវហាមឃាត់ ពលរដ្ឋកូនកាត់ចិននិងវៀតណាម អាចនឹងជ្រើសរើសលេងកាំជ្រួញជំនួស ដូច្នេះសំឡេងសណ្តាប់ធ្នាប់សង្គមអាចរំខាននៅពេលនោះ ។ មកដល់ពេលនេះនៅលើពិភពលោកនៅពេលអបអរអ្វីមួយជាពិសេសគឺនៅពេលឆ្លងឆ្នាំ គឺគេលេងសឹងតែគ្រប់ប្រទេស ប៉ុន្តែគេមិនមែនចេះតែលេងហើយបាញ់កាំជ្រួញគ្រប់តែទីកន្លែងបែបនេះទេ ។ ការលេងការបាញ់កាំជ្រួចនេះ វាមានសម្លេងរំខានខ្លាំង ហើយក៏មានគ្រោះថ្នាក់ដែរ ដូច្នេះគេមានតំបន់នៃការលេង ប៉ុន្តែនៅស្រុកយើងគឺបទពិសោធគឺលេងគ្រប់កន្លែង រហូតដល់មានផ្ទុះបាតុភាពបង្កការរំខានចេញជាលិខិតសូមទោសដល់ថ្នាក់ដឹកនាំខ្លះនៅកម្ពុជា ។
ការលេងការសប្បាយមិនមែនមានគ្រប់គ្នាឡើយដូច្នេះអ្នកដែលលេងសប្បាយក៏ត្រូវគោរពសិទ្ធិ អ្នកដែលមិនលេងដែរ។ ដូច្នេះសង្ឃឹមថា អាជ្ញាធរនឹងរៀបចំគិតគូរចំណុចនេះឡើងវិញ ដើម្បីកុំអោយមានការប៉ះទង្គិចនៅពេលអនាគត ។ ការលេងកាំជ្រួចគួរកំណត់តំបន់នៃការលេង ហើយក៏គួរតែកំណត់ពេលវេលា ផងដែរ។