ការចុះបង្រៀននិងអប់រំអំពីគ្រឿងញៀនគួរតែសកម្មថែមទៀត !

មកដល់ពេលនេះសមត្ថកិច្ចបានចុះអនុវត្តកម្មវិធីអប់រំដល់ប្អូនៗនិងក្មួយៗសិស្សានុសិស្សអំពីគ្រឿងញៀនគឺកាន់តែមានច្រើន និងបានធ្វើជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងខ្ញុំគិតថា ការចុះគួរតែបន្ថែមទៀត។
គ្រឿងញៀនជាបញ្ហាអូសក្រឡាមិនមិនម្តងចប់នោះទេ ហើយវាអត់រើសអាយុ អត់ប្រកាន់វណ្ណៈ ពណ៌សម្បុរឡើយ គឺតែប្រហែសលង់ខ្លួនគឺដឹងតែអាចធ្លាក់នៅក្នុងអន្លងនៃការប្រើប្រាស់វត្ថុដ៏ស្មោគគ្រោក និង មានគ្រោះថ្នាក់ដល់ខ្លួនភ្លាម ដូច្នេះគួរតែមានបន្ថែមទៀត។
ការអប់រំនិងចែករំលែកអំពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់វាគឺវាចាំបាច់ណាស់ ហើយយើងខ្ញុំគិតថារវាងសាលារៀននៅតាមមូលដ្ឋានមិនថាគ្រឹះស្ថានអប់រំឯកជនឫគ្រឹះស្ថានអប់រំសាធារណៈទេ គឺ គួរតែមានការបណ្តុះបណ្តាលអប់រំ និងផ្តល់បំណិនជីវិតយល់ពីគ្រឿងញៀននេះឲ្យបានទៀតទាត់ យ៉ាងហោចណាស់ក៏៣ខែម្តងដែរ ប្រសិនបើអាច។ទោះបីជាពួកគេយល់ ប៉ុន្តែវាចាំបាច់ណាស់នៅក្នុងការ រំលឹកជាប្រចាំ។
រឿងគ្រឿងញៀននេះខាងគ្រឹះស្ថានអប់រំសាធារណៈឃើញមានការសហការជាមួយនឹងសមត្ថកិច្ចចុះអប់រំផ្សព្វផ្សាយបានច្រើន ប៉ុន្តែជាមួយនឹងសាលាឯកជនហាក់មានកម្រិតដែលគប្បីតែគណគ្រប់គ្រង សាលានីមួយៗយកចិត្តទុកដាក់ឲ្យមានការអប់រំនេះផងដែរ។ពោលគឺសាលាណាមិនធ្លាប់មានសូមឲ្យមាន ហើយសាលាណាធ្លាប់មានគួរតែមានវគ្គរំលឹក វគ្គបំប៉ន វគ្គផ្តល់បច្ចុប្បន្នភាពជាបន្តបន្ទាប់។
យើងដឹងថា នៅពេលដែលយើងបង្ការក្រុមជនខិលខូចក៏ មិនដកថយដែរ ពួកគេនឹងរិះរកល្បិចល្បួងលួងឫសម្លុត ឫក៏បញ្ចុះបញ្ជូលថ្មីៗដែលពិតជាទាមទារនូវការយកចិត្តទុកដាក់បំប៉នចំណេះដឹងទូទៅ បន្ថែមទៀត។ជាការពិតពពួកគ្រឿងញៀននេះវាមានច្រើនយ៉ាងច្រើនប្រភេទណាស់ នៅពេលប្រភេទមួយត្រូវគេដឹងគេប្រយ័ត្ន ពូកវាក៏ប្តូររបៀប ប្តូរវិធីនៅក្នុងការជួញដូរ។
គ្រឿងញៀននៅក្នុងសង្គមយើងពិតជាមានច្រើនណាស់ដូច្នេះវាចាំបាច់យើងត្រូវតែសហការគ្នាធ្វើជាប្រចាំ ហើយយើងជឿងជាក់ថា នៅពេលណាដែលពលរដ្ឋយើងទាំងអស់គ្នាយល់ពីវាច្បាស់លាស់ ទាំងក្មេង ទាំងចាស់ វានឹងមានការថយចុះ នោះហានិភ័យសង្គមក៏នឹងកាត់បន្ថយដែរ ។ ក្រៅពីសាលារៀន សមត្ថកិច្ច អាណាព្យាបាល និង ក្រុមគ្រួសារ ជាពិសេសគឺឪពុកម្តាយ គឺរិតតែមានតួនាទីសំខាន់់ថែមទៀត នៅក្នុងការនិយាយថាទេចំពោះគ្រឿងញៀន៕
Daily Program
