កម្មវិធីសង្រ្កាន្តមិនមែនជារបស់ជាតិសាសន៍ណាឡើយ កុំច្រឡំ !
មានទស្សនៈ និងការភ័ន្តច្រឡំមួយចំនួនបានកើតមានរហូតដល់មានការបំភ្លឺពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជុំវិញបញ្ហាសង្រ្កាន្តដែលថៃបានយកទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីកន្លងទៅថ្មីៗនេះ។
តាមប្រតិកម្មពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ។
ប្រភពដដែលបានបន្តទៀតថា កម្មវិធីសង្ក្រាន្តនេះសូមកុំយល់ច្រឡំវាមិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ។ សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថាជារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត នេះសម្រាប់កម្ពុជាគឺមាននៅលើសិលាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។
ក្រៅពីកម្ពុជា និងថៃ ចេញពិធីសង្ក្រាន្តនេះក៏មានរៀបចំ និងរីករាយសប្បាយ ហើយក៏ជាប្រពៃណីទំនៀមទម្លាប់របស់ប្រទេសផ្សេងទៀតផងដែរ ដែលរួមទាំងប្រទេសឡាវ និងភូមាដែលទទួលអរិយធម៌បុរាណពីឥណ្ឌាដែរ។
សម្រាប់កម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគ្រោងនឹងដាក់ស្នើសុំចុះបញ្ជី «សង្ក្រាន្តកម្ពុជា» នៅក្នុងបញ្ជីបេតិកកភណ្ឌអរូបីយមនុស្សជាតិអង្គការយូណេស្កូដូចប្រទេសថៃដែរ។
ជាការពិតសង្រ្កាន្តនេះគឺជាក្បួនប្រពៃណីបុរាណមួយ ដែលជាតិសាសន៍ជាច្រើនបានប្រារព្ធនឹងរៀបចំតាមប្រពៃណីនិងវប្បធម៌របស់ខ្លួនរៀងៗគ្នា។ មូលហេតុដែលវាមានលក្ខណៈស្រដៀងគ្នា គឺវាអាចមានប្រភពមកពីកន្លែងតែមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្បួនតម្រានៃសង្រ្កាន្តនេះគឺមិនដូចគ្នាទាំងស្រុងឡើយ។
ខ្មែរដែលជាជាតិសាសន៍មួយ បានរៀបចំក្បួនតម្រាសង្រ្កាន្តនេះតាមជំនឿ តាមវប្បធម៌ តាមទំនៀមទម្លាប់ដែលមានលក្ខណៈជាខ្មែរ ដោយឡែកថៃ ឡាវ ភូមា មានសភាពខុសប្លែកគ្នា មិនដូចគ្នាទាំងស្រុងឡើយ។
សរុបប្រភពនៃអរិយធម៌ និងវប្បធម៌គឺជារឿងមួយសំខាន់ប៉ុន្តែសូមយល់នូវបរិបទសង្គម ប្រពៃណី និងតថភាពពិតប្រាកដជាមុនសិន ។ ក្រៅពីពាក្យសង្ក្រាន្តនេះនៅមានសម្បត្តិបេតិកភណ្ឌអរូបិយជាច្រើនទៀតដែលជាតិសាសន៍ពិសេសគឺ ខ្មែរ ឡាវ និង ថៃមានប្រហាក់ប្រហែលគ្នា។ កន្លងមកក្រៅពីពាក្យសង្រ្កាន្តនេះ សូម្បីតែគុនខ្មែរក៏កន្លងមកមានការថ្នាំងថ្នាក់គ្នាសម្បើមណាសដែរ៕