អត្ថន័យ និងប្រពៃណីរបស់ពលរដ្ឋខ្មែរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យធំទី២របស់ប្រទេសកម្ពុជា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ។ ពិធីបុណ្យមួយនេះ មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមខ្មែរ គ្រប់ស្រទាប់វណ្ណៈ គ្រប់សម័យកាល។

ទាក់ទងពិធីបុណ្យ​នេះដែរ នៅតែមានការយល់ខុសមួយចំនួនលើបុព្វការីជន តែតាមអត្ថន័យពិតប្រាកដនៃពិធីបុណ្យមួយនេះ ជាការរួមសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ជាការជួបជុំគ្នា និងការផ្គត់ផ្គង់ទៅកាន់ព្រះសង្ឃ ជាជាងការបង្អាប់ដូនតាថាធ្លាក់ទៅកាន់នរក ប្រែតជាដើម។

ព្រះភិក្ខុ អន អុល គ្រូសូត្រឆ្វេងវត្តវិមានតេជៈ ហៅវត្តស្រះចក មានថេរដិកាថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានប្រវត្តិកំណើតទាំងពីសម័យអង្គរ ដែលឃើញមានចារនៅលើផ្ទាំងប្រាសាទ ហើយនៅក្នុងក្បួនឯកសារមួយចំនួន ក៏បានលើកឡើង​ ប៉ុន្តែបាត់បង់នៅក្រោយពេលដែលប្រទេសកម្ពុជាជួបប្រទេះនូវសង្គ្រាមផ្ទៃក្នុង។

ព្រះភិក្ខុ អន អុល បន្តថា ៖«ចម្បាំងជាមួយប្រទេសជិតខាងទៅក៏មិនបានប្រារព្ធពិធីអ៊ីចឹងទៅ រវល់តែឃុំគ្រងកូនចៅអោយបានល្អអ៊ីចឹងទៅ និងបានទប់ជាសត្រូវអ៊ីចឹងទៅក៏កម្មវិធីមួយចំនួនក៏ត្រូវបាត់បង់អ៊ីចឹងទៅ។ មកដល់សម័យព្រះបាទអង្គឌួង ឆ្នាំ១៨៤៣នេះក៏បានចាប់ផ្តើមប្រារព្ធឡើងវិញ យើងធើ្វតមកដល់ពេលបច្ចុប្បន្ននេះ»។

តាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និងតួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ គណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

ព្រះភិក្ខុ អន អុល មានថេរដិកាបន្តថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ កើតឡើងក្នុងបុព្វហេតុធំៗចំនួន៣ ដែលដូនតាខ្មែរ បានបង្កើតឡើង ដើម្បីជាការរួបរួមសាមគ្គីគ្នានិងគ្នា ការជួបជុំញាតិមិត្ត ក្រុមគ្រួសារ មិត្តភក្តិ និងជាការផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងប្រដាប់ផ្សេងៗចំពោះព្រះសង្ឃពុទ្ធសាសនា ដែលកំពុងគង់ចាំព្រះវស្សា។

ព្រះភិក្ខុ អន​ អុល បានបន្តថា «យើងធ្វើឡើង ដើម្បីជាការរួបរួមសាមគ្គីគ្នា រវាងព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ ព្រោះបើមិនមានឱកាសពិធីបុណ្យធំៗនេះទេ បរិស័ទមិនមានពេលទេ ដោយសារតែពួកគាត់រវល់ណាស់ ។ បរិស័ទមមាញឹកនឹងការងារ អាជីពពាក់ព័ន្ធទៅនិងមុខជំនួញ លក់ចេញទិញចូល ខ្លះទៅធ្វើការរកស៊ី តាមបណ្តាខេត្តស្រុកនានា»។

ព្រះភិក្ខុ អង្គនេះ បានមានថេរដិកាបន្ថែមថា ការធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៤ថ្ងៃ និងពិធីបុណ្យភ្ជុំបិណ្ឌ​សរុប១៥ថ្ងៃនេះ ក៏ជាការជួបជុំប្រចាំឆ្នាំរបស់ក្រុមគ្រួសារឪពុកម្តាយ កូនចៅនៅក្នុងវង្សត្រកូល​ដែលបានបែកចេញទៅធ្វើការរកស៊ី ទទួលទាន ឬប្រកបកិច្ចការងារផ្សេងៗជាច្រើន និងបន្ថែមលើនេះ ក៏ជាការផ្គត់ផ្គង់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេលបីខែកន្លងមក ដែលមិនអាចនិមន្តទៅកាន់ទីកន្លែងណាបាននោះទេ។

ចំណែកលោក សឹង គា ម្ចាស់ផ្ទះជ័យភូមិ និងជាអ្នកជំនាញអរិយធម៌ខ្មែរ បានអោយដឹងថា «ពិធីបុណ្យខ្មែរនេះគឺជាការណាត់ជួប បុណ្យចូលឆ្នាំក្តី បុណ្យមហាជនក្តី ជាពេលវេលាណាត់ជួបគ្នា បងប្អូនដែលទៅធ្វើការរកស៊ីឆ្ងាយៗ លោកបានមកជួបជុំគ្នា ហើយអ្នកណាដែលមានពេលវេលា មិនសូវបានជួបជុំគ្នា ក៏បានជួបពេលហ្នឹង អ្នកណាដែលតមមាត់តមករ មិនសូវមានការចុះសម្រុងគ្នា ឬក៏បាក់បែកគ្នាធ្វើអោយល្អក់កករនៅក្នុងគ្រួសារមិនសូវនិយាយស្តី។ ពេលហ្នឹងគឺបានមកជួបជុំគ្នាហើយ»។

លោក សឹង គា បន្ថែមថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏ជាឱកាសសម្រាប់យុវជន និងយុវនារី អាចមានសម្ព័នភាពបុរសស្រ្តីខ្មែរ ដែលជាឱកាសមួយសម្រាប់ការបានជួបជុំគ្នា បានមើលភក្ត្រគ្នានៅពេលបានទៅធ្វើបុណ្យទានជាមួយក្រុមគ្រួសារចាស់ទុំ ព្រឹទ្ធចារ្យ ហើយក៏អាចនឹងឈានទៅដល់ការរៀបចំអាពាហ៍ពិពាហ៍នៅពេលខាងមុខ បន្ទាប់ពីបានជួបគ្នានៅក្នុងពិធីបុណ្យ។

លោក សឹង គា បន្ថែមថា ៖«ប្រុសតែងខ្លួនស្អាតបាត ហើយស្រ្តីក៏តែងតួរស្អាតបាត។ អ៊ីចឹងមើលឃើញគ្នាចំណាំគ្នា​ ឥចឹងទៅចូលដណ្ដឹង។ អោយពេលខែហ្នឹង ខ្មែរយើងលឺថា វស្សា ហើយនៅពេលចេញវស្សា ក៏លឺពាក្យភ្ជាប់នេះ ភ្ជាប់នោះហើយ ព្រោះថ្ងៃភ្ជុំបានទៅឃើញគ្នាពេលភ្ជុំហើយ។ ចំណាំនាងហ្នឹងកូនអ្នកណា ឥចឹងទៅក៏ឃើញស្អាតស្អំពេលហ្នឹងហើយ ខាងប្រុស ក៏ឃើញគួចចិត្តហើយ​ ក៏ចូលដណ្តឹងហើយ ចេញវស្សាចូលដណ្ដឹងហើយ ដែលខ្មែរយើងថា វស្សាលឺពាក្យ មាឃលឺការ»។

លោក សឹង គា ថា ដូនតាខ្មែរជាមនុស្សមានចំណេះ ដែលប្រមើរមើលឃើញពីការមមាញឹកខ្លាំងក្នុងជំនួញ រកស៊ីទទួលទាន ការប្រកបការងារជាដើម ដែលជាហេតុធ្វើអោយមានភាពរវល់មិនសូវជាបានជួបជុំគ្នា ទាំងឪពុកម្តាយ ជីដូនជីតា កូនចៅ បុរសនិងស្រ្តី ទើបលើកបង្កើតពិធីបុណ្យដើម្បីជាការជួបជុំគ្នាឡើង ក្នុងក្រុមគ្រួសារ​ សហគមន៍ និងសង្គម។

លោក សឹង គា បន្ថែមថា «មិនមែនយើងធ្វើនៅតែវត្តនោះទេ នៅផ្ទះគឺសំខាន់ណាស់នេះខ្ញុំសុំភ្ជាប់នេះត្រងហ្នឹង។ រឿងដែលសំខាន់សម្រាប់មហាជន ជាពុទ្ធកជនខ្មែរ ពុទ្ធសានិកជនខ្មែរយើង សំខាន់មែនទែនគឺរៀបបាយទឹកនំចំណី មួយថាស ហើយសែនព្រេននៅផ្ទះជូនដូនតា ប្រកូកប្រកាស ហៅជីដូនជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខច្រូចទឹកម្តង  »។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់​បំផុត​របស់​ពុទ្ធសាសនិក​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន​ឡើយ​។ ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា បុណ្យ​កាន់បិណ្ឌ ។

ពុទ្ធបរិស័ទ​បាន​ដាក់​វេន​គ្នា ជា​ក្រុម​ៗ ទៅ​តាម​វេន នីមួយ​ៗ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ហើយ​​នៅ​ថ្ងៃ​១៥​រោច គឺជា​ថ្ងៃ​ពុទ្ធបរិស័ទ​ពី​គ្រប់​មជ្ឈដ្ឋាន នាំ​យក​ចង្ហាន់ ចំណីអាហារ​ជួបជុំ​គ្នា​នៅ​តាម​ទី​វត្ត​អារាម ដែល​ជា​ថ្ងៃ​បុណ្យ​ធំ គេ​តែ​ហៅ​ថា បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ជា​ថ្ងៃ ដែល​មន្ត្រីរាជការ បុគ្គលិក កម្មករ នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​អ្នក​រស់នៅ​ជិត​ឆ្ងាយ ត្រូវ​បាន​ឈប់​សម្រាក​ដើម្បី​បាន​ជួបជុំ​បងប្អូន ញាតិ​មិត្ត សាច់សាលោហិត​របស់​ខ្លួន ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ ។

ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យ​ទក្ខិណានុប្បទាន​មួយ ដែល​ប្រជា​ពុទ្ធ​បរិស័ទ ធ្វើ​ឡើង​នៅ​រដូវ​កាលដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈពេល​មួយ​ត្រីមាស ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ ដោយ​ចង្ហាន់​បិណ្ឌ​បាត្រ​ផង បច្ច័យបួន​ផង ដែល​ពុទ្ធកាល​នា​សម័យ​កាល​នោះ គេ​មិន​បាន​ហៅ​ថា បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដូច​យើង​ទេ គឺ​គេ​ហៅ​ថា បុណ្យ​ប​វារណ​បច្ច័យបួន​ដល់​ព្រះសង្ឃ ។

ដោយឡែក​នៅ​ក្នុង​កម្ពុជរដ្ឋ​យើង នា​រជ្ជកាល​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៨-១៨៥៩ ដែល​ព្រះ​អង្គ​គឺជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ដោយ​ព្រះ​អង្គ​ឈ្វេងយល់​ឃើញ​ថា ការ​រៀបចំ​ពិធីបុណ្យ​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ប្រកប​មុខរបរ ផ្សេង​ៗ​ចិញ្ចឹមជីវិត ព្រះ​អង្គ​ក៏​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ប្រតិបត្តិ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ បាន​បញ្ចប់​ពី​ការងារ​បង្កបង្កើន​ផល ហើយ​ក៏​ជា​រដូវ​ទឹក​ឡើង​ផង​ដែរ ៕

 

 

 

Daily Program

Livesteam thumbnail