តំណាងអន្តរសាសនា ជួបនិងលើកទឹកចិត្តដល់ជនជាប់ឃុំនៅខេត្តតាកែវ
តំណាងប្រតិភូអន្តរសាសនាដែលដឹកនាំដោយលោកអូលីវីយេ ជ្មីតអីស្ល៊ែរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនឹងមន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញសួរសុខទុក្ខទណ្ឌិត និងជនជាប់ឃុំនៅក្នុងមន្ទីរពន្ធនាគារខេត្តតាកែវ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកគង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ។
លោកគង់ ស៊ីថា មានប្រសាសន៍ថា ការសួរសុខទុក្ខនិងសំណេះសំណាលនៅថ្ងៃនេះ ជាការលើកទឹកចិត្តដើម្បីឲ្យទណ្ឌិតខិតខំកែប្រែខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ក្នុងមន្ទីរកែប្រែនេះ មានទណ្ឌិតនិងជនជាប់ឃុំចំនួន៨៣០នាក់។ លោកស៊ីថា មានប្រសាសន៍ទៀតថា លោកសូមគោរពនិងដឹងគុណដល់លោកពុកអូលីវីយេ ដែលបានជួយឧបត្ថម្ភដល់ពន្ធនាគាររយៈពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងនោះរួមមាន រោងសម្រាប់ធ្វើកម្មវិធីជួបជុំ មណ្ឌលសុខភាព ឃោសនសព្ទជាដើម ដែលជាគុណបំណាច់យ៉ាងធំធេង ដែលបានយកចិត្តទុកដាក់ ដើម្បីជួយដល់ពន្ធនាគារក្នុងវិស័យអប់រំ និងវិស័យសុខភាព។
លោកស៊ីថា បន្តថា «នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកពុកអូលីវីយេ ក្នុងស្មារតីដែលថា ធ្វើយ៉ាងម៉េចឲ្យពន្ធនាគារមានការរីកចម្រើនក្នុងការព្យាបាលដល់បងប្អូនជាប់ឃុំយើងនេះ។...នេះជាការធ្វើបុណ្យមួយយ៉ាងសំខាន់ណាស់សម្រាប់សង្គ្រោះជីវិត»។
លោកប្រធានពន្ធនាគារក៏សូមឲ្យគ្រប់ស្ថាបននានាបន្តជួយបន្ថែមទៀតលើផ្នែកជាច្រើនដែលអាចជួយបាន ដើម្បីជួយដល់អ្នកជាប់ឃុំនៅក្នុងខេត្តតាកែវនេះ។
តំណាងគណៈប្រតិភូនោះរួមមាន គ្រីស្តសាសនា ពុទ្ធសាសនា និងអ៊ីស្លាមសាសនា។ ក្នុងនោះដែរតំណាងសាសនានីមួយៗបានរំលឹកដាស់តឿន ដល់ជនជាប់ឃុំទាំងអស់ ឲ្យខិតខំកែប្រែខ្លួន អប់រំខ្លួន ហើយក្រោយពេលចេញ ពីមណ្ឌលកែប្រែក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
តំណាងសាសនាទាំងអស់បានរៀបចំពិធីអធិដ្ឋាននិងសូត្រធម៌ ប្រោះព្រំលើជនជាប់ឃុំទាំងអស់ តាមរបៀបសាសនារៀងៗខ្លួន និងផ្តល់ជាមតិយោបល់នានាដើម្បីណែនាំដល់អ្នកជាប់ឃុំទាំងអស់។ ក្នុងនោះដែរ លោកអភិបាលអូលីវីយេ មានប្រសាសន៍ដោយលើកយកនូវតម្លៃនៃសេរីភាពរបស់មនុស្ស។
លោកអភិបាលអូលីវីយេ សង្កត់ធ្ងន់ថា «សេរីភាពគឺទីពឹងលើគ្រួសារ ទីពឹងលើការជួយគ្នាទៅវិញទៅមក និងការរកស៊ីផ្ទាល់ខ្លួនដើម្បីឲ្យគ្រួសារយើងមានម្ហូបអាហារគ្រប់គ្រាន់ ទីពឹងលើការសិក្សាដើម្បីណែនាំឲ្យកូនចៅយើងមានចំណេះដឹងដើម្បីរៀបចំអនាគត និងទីពឹងលើសាសនាដើម្បីទទួលការអប់រំ ដើម្បីទទួលកម្លាំង ដើម្បីទទួលវិន័យរៀបចំខ្លួនរបស់យើង»។
ដើម្បីបញ្ជាក់អំពីអត្ថន័យដ៏មានតម្លៃនៃសេរីភាពរបស់មនុស្ស លោកអភិបាលក៏បានរំលឹកអំពីការបាត់បង់សេរីភាពរបស់ប្រជាជនកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើឲ្យគ្រួសារបាក់បែកគ្នា គ្មានសិទ្ធិសេរីភាពជ្រើសរើសគូស្រករ គ្មានការអប់រំរៀនសូត្រ និងគ្មានការប្រណិបតន៍សាសនាជាដើម។
ក្នុងនោះដែរលោកអភិបាលបានលើកទឹកចិត្តដល់ជនជាប់ឃុំទាំងអស់ ដោយបន្ថែមថា «ជីវិតរបស់យើងដែលកំពុងជាប់ឃុំឃាំង បីដូចជាដីហុយ ប៉ុន្តែខាងក្នុងយើងនៅស្អាតដដែល នៅពេលដែលយើងបោសធូលីចេញ យើងឃើញមនុស្សម្នាក់យ៉ាងស្អាតបំផុត។ ដូច្នេះពេលវេលាដែលយើងមាននៅក្នុងមន្ទីរឃុំឃាំងនេះ ជាពេលវេលាដែលយើងត្រូវបោសធូលីដែលណែនាំឲ្យយើងជាមនុស្សអត់សូវស្អាត ដើម្បីបង្ហាញទ្រព្យសម្បត្តិដែលយើងមានរៀងៗខ្លួន»។
ក្នុងពិធីនេះក៏មានផ្តល់ជូនដល់ជនជាប់ឃុំទាំងអស់នូវសម្ភារប្រើប្រាស់មួយចំនួន ដើម្បីលើកទឹកចិត្តនិងផ្តល់កំលាំងចិត្តដល់ពួកគាត់។
បន្ទាប់មក តំណាងទាំងនោះបានធ្វើដំណើរទស្សនកិច្ចទៅកាន់មន្ទីរកែប្រែថ្មីដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីទីតាំងចាស់ ស្ថិតនៅក្នុងទីរួមខេត្តតាកែវ។ ក្នុងទីតាំងថ្មីនេះ ក៏មាននូវអគារសម្រាប់ពិនិត្យសុខភាពមួយខ្នងដែលឧបត្ថម្ភដោយលោកអភិបាលអូលីវីយេ។ លោកអភិបាលឲ្យដឹងថា លោកនឹងបំពាក់ឧបករណ៍មួយចំនួនបន្ថែមទៀតដើម្បីជួយសម្រួលដល់សកម្មភាពសុខភាពនេះ។
កម្មវិធីសួរសុខទុក្ខជនជាប់ឃុំ និងជួបសំណេះសំណាលជាមួយតំណាងអន្តរសាសនានេះត្រូវបានរៀបចំឡើងដោយព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាលអូលីវីយេជាអធិបតី ដើម្បីភាពសុកដុមនីយកម្មសាសនាក្នុងខេត្តតាកែវ ក៏ដូចជាក្នុងប្រទេសកម្ពុជា៕