ក្រសួងវប្បធម៌ ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបទៅមតិព័ត៌មានថៃ ជុំវិញសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាពិសេសស្បៃ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន បន្ទាប់ពីក្រសួងបានកត់សម្គាល់ព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមនៅប្រទេសថៃ ព្រមទាំងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែប ទាំងរូបី និងអរូបី រួមមានសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗ សុទ្ធតែមានភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យាដែលបញ្ជាក់យ៉ាងច្បាស់។ ក្នុងនោះ “ស្បៃ” ដែលជាផ្នែកសំខាន់នៃការស្លៀកពាក់តុបតែងកាយរបស់ស្ត្រីខ្មែរ ត្រូវបានប្រើក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងក្នុងពិធីអាពាហ៍ពិពាហ៍ ជាពិសេសក្នុងពិធី «ព្រះថោងតោងស្បៃ» ដែលមានប្រភពភ្ជាប់ទៅនឹងអរិយធម៌ខ្មែរ តាំងពីសម័យហ្វូណន។ ប្រពៃណីនេះត្រូវបានប្រជាជនខ្មែររក្សាទុក និងគោរពអនុវត្តជាបន្តបន្ទាប់គ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ន ហើយបានក្លាយជាផ្នែកសំខាន់មួយនៃទំនៀមទម្លាប់ជាតិ ដែលបន្តអភិរក្សពីអតីតកាល មកបច្ចុប្បន្ន និងទៅអនាគត។
ក្រសួងវប្បធម៌បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យរក្សាភាពស្ងប់ស្ងាត់ ការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ជាតិ ព្រមទាំងឆ្លើយតបព័ត៌មាននានាដោយការទទួលខុសត្រូវ និងមានសីលធម៌ខ្ពស់ផ្នែកវប្បធម៌។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រជាជនខ្មែរ គួរតែបន្តឈរលើមូលដ្ឋានសេចក្តីពិតនៃប្រវត្តិសាស្ត្រ និងភាពរឹងមាំនៃវប្បធម៌ជាតិ ដែលជាមរតកដ៏មានតម្លៃរបស់បុព្វបុរសរាប់ពាន់ឆ្នាំ។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌មិនគួរត្រូវបានយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីបញ្ឆេះសង្គម ឬបង្កើនភាពរើសអើងពូជសាសន៍ឡើយ។ ផ្ទុយទៅវិញ វប្បធម៌គួរត្រូវបានប្រើជាស្ពានសម្រាប់ពង្រឹងការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។
ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តសហការគ្នាលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ស្របតាមស្មារតីរួមនៃសហគមន៍អាស៊ាន។
ក្រសួងបានបន្ថែមថា កម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពតម្លៃវប្បធម៌ប្រទេសដទៃ និងការគោរពភាពចម្រុះវប្បធម៌របស់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕