FABC អនុម័តលក្ខន្តិកៈកែសម្រួល ដើម្បីពង្រឹងអភិបាលកិច្ចបែបស៊ីណូដនៅអាស៊ី
នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC នៅបន្ទប់វ៉ាន់ដានៃសណ្ឋាគារ Mulia ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៥ ខែកក្កដា សភាលោកអភិបាលកាតូលិកអាស៊ី បានអនុម័តលើការកែសម្រួលលក្ខន្តិកៈរបស់ខ្លួនយ៉ាងស៊ីជម្រៅ បន្ទាប់ពីមានការពិនិត្យឡើងវិញតាមមាត្រានីមួយៗ ដែលដឹកនាំដោយកាឌីណាល់ អូសវាលដ៍ ហ្គ្រាស៊ីអាស (Oswald Gracias) អគ្គរាជទូតសម្តេចប៉ាប ឡេអូ ទី ១៤ និងលោកបូជាចារ្យវីលៀម ឡារូស (William LaRousse) MM អគ្គលេខាធិការរង។
ថ្លែងបើកកិច្ចប្រជុំ កាឌីណាល់ហ្វីលីព នេរី ហ្វើរ៉ាវ (Filipe Neri Ferrão) ប្រធាន FABC បានពន្យល់ថា លក្ខន្តិកៈចាស់ឆ្នាំ ២០១៣ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកគង្វាលកិច្ចក្នុងរយៈពេលមួយទសវត្សរ៍ និងបទពិសោធន៍ពីមហាសន្និបាតព្រះសហគមន៍សកលស្តីពីស៊ីណូដាល ដោយគាត់បានកត់សម្គាល់ថា អត្ថបទដែលបានកែសម្រួលនេះនឹងធ្វើ "ឱ្យមានសុខដុមរមនាជាមួយនឹងថតភាពជាក់ស្តែងនៃ FABC នាពេលបច្ចុប្បន្ន"។
កាឌីណាល់ហ្គ្រាស៊ីអាស បានអះអាងឡើងវិញដល់តំណាងប្រជុំថា ការកែប្រែទាំងនេះនៅតែរក្សាអត្តសញ្ញាណស្នូលរបស់FABC ដោយបានថ្លែងថា "យើងមិនមែនកំពុងស្នើសុំអ្វីដែលថ្មីស្រឡាងនោះទេ... យើងគ្រាន់តែធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ ដើម្បីឆ្លុះបញ្ចាំងពីថតភាពជាក់ស្តែងនៃ FABC នាពេលបច្ចុប្បន្ន" ដែលរួមមានការកំណត់អត្ថន័យឡើងវិញនៃអង្គភាពនេះថាជា "ការបង្ហាញយ៉ាងច្បាស់នៃឯកភាព និងពហុភាពនៃព្រះសហគមន៍នានានៅអាស៊ី" ដើម្បីរំលេចពីអត្តសញ្ញាណរបស់ខ្លួនជាការរួបរួមរបស់ព្រះសហគមន៍ក្នុងស្រុក។
លក្ខន្តិកៈដែលបានធ្វើបច្ចុប្បន្នភាពនេះ បានពង្រីកបេសកកម្មរបស់ FABC ដោយបញ្ចូលការថែរក្សាធម្មជាតិ បញ្ជូលការលើកកម្ពស់ការស្រាវជ្រាវផ្នែកទេវវិទ្យានិងគង្វាលកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាអភិបាលកាតូលិក និងក្រសួងនានរបស់វ៉ាទីកង់ ព្រមទាំងបែងចែកឱ្យកាន់តែច្បាស់រវាងទំនាក់ទំនង អន្តរនិកាយ និងការសន្ទនាអន្តរសាសនា។
រចនាសម្ព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្ម ដោយជំនួសគំរូថ្នាក់ដឹកនាំចាស់ មកជាក្រុមប្រឹក្សាប្រតិបត្តិរួមគ្នា ដែលរួមមានប្រធាន អនុប្រធាន និងអគ្គលេខាធិការ ខណៈពេលដែលពង្រីកវិសាលភាពរបស់អគ្គលេខាធិការដ្ឋានកណ្តាល ឱ្យគ្របដណ្តប់លើទំនាក់ទំនង ការស្រាវជ្រាវ និងការសន្ទនា ព្រមទាំងជំនួសពាក្យ "មហាសន្និបាតតំបន់" ដោយប្រើពាក្យ "ការជួបជុំរបស់អភិបាល" ដែលមានភាពបត់បែនជាងមុន។ បន្ទាប់ពីដំណើរការស៊ីណូដាល និងការកែលម្អដោយតំណាងមហាសន្និបាត សេចក្តីកែប្រែដែលត្រូវបានអនុម័តទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់សន្តអាសនៈ ដើម្បីសុំការយល់ព្រមជាផ្លូវការចុងក្រោយ មុនពេលចូលជាធរមាន៕