CMAC អំពាវនាវដល់ពលរដ្ឋ ប្រុងប្រយត្ន័ ចំពោះសំណល់គ្រាប់ យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃបានទម្លាក់

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ពិសេសជនភៀសសឹក ដែលត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃបានទម្លាក់ នាពេលកន្លងទៅ។

សេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី២៩ ធ្នូ ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជនភៀសសឹក ដែលត្រូវវិលត្រឡប់ ទៅលំនៅដ្ឋានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃ បានទម្លាក់ឬបាញ់ចូលភូមិឋាន លំនៅដ្ឋាន ក៏ដូចដីស្រែចម្ការរបស់បងប្អូនអាចបង្កគ្រោះថ្នាក់របួស ស្លាប់គ្រប់ពេលវេលា ដូចនេះសូមកុំចូលតំបន់ណា ដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មាន ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន»។

ទន្ទឹងនឹងនេះ CMAC ក៏សូមអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក។

សូមបញ្ជាក់ថា អង្គភាព CMAC មានមន្ត្រីបណ្តាញ ស្មគ្រចិត្តចំនួន៤.០៦៧នាក់ ស្ថិតនៅតាមមូលដ្ឋានភូមិ/ឃុំ/ស្រុកគោលដៅ រងផលប៉ះពាល់ដោយសារសង្គ្រាមទាំងអស់ ដូចនេះបងប្អូនប្រជាពលរដ្ឋក៏អាចទំនាក់ទំនង ជាមួយបណ្តាញស្មគ្រចិត្តក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីទទួលបានការគាំទ្រ៕

 

Daily Program

Livesteam thumbnail