“យើងបាញ់ដល់មូលដ្ឋានរបស់ពួកគេ” ការព្រមានរបស់អ៊ីរ៉ងទៅកាន់សហរដ្ឋ អាម៉េរិកក្នុងករណីមានសង្រ្គាម

កាលពីថ្ងៃពុធទី១១ ខែមិថុនា អ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ងបានដាក់គោលដៅយោធាអាម៉េរិកនៅ មជ្ឈិមបូព៌ាក្នុងករណីមានសង្រ្គាមជាមួយសហរដ្ឋអាម៉េរិក មុនពេលកិច្ចសន្ទនាថ្មីជាមួយទីក្រុង វ៉ាស៊ីនតុន នៅក្នុងបរិបទនៃភាពតានតឹងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់លោកអាហ្ស៊ីហ្ស ណាសៀហ្ស៉ាដេ បានថ្លែងថា ៖ “នៅក្នុងករណីការចរចាបរាជ័យ ប្រសិនបើសង្រ្គាមកើតមានចំពោះយើង ភាគីម្ខាងទៀតនឹងទទួលរងការខូចខាតច្រើនជាងយើងយ៉ាងពិតប្រាកដ”។ លោកបន្ថែមថា ៖ “យើងបាញ់ដល់មូលដ្ឋានរបស់ពួកគេ ហើយសហរដ្ឋអាម៉េរិកនឹងត្រូវចាកចេញពីតំបន់”។
សហរដ្ឋអាម៉េរិកមានមូលដ្ឋានយោធាជាច្រើននៅក្នុងប្រទេសជិតខាងអ៊ីរ៉ង។ មូលដ្ឋានដែលធំជាងគេគឺនៅប្រទេសកាតា ដែលជាទីស្នាក់ការបញ្ជាការកណ្តាលនៃទាហានអាម៉េរិកនៅមជ្ឈិមបូព៌ាដែលត្រូវបានស្ថាបនាឡើង។
បើយោងតាមអ៊ីរ៉ង់ បានឲ្យដឹងថា ការពិភាក្សាថ្មីត្រូវបានត្រៀមធ្វើនៅថ្ងៃអាទិត្យ។ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសថា កិច្ចប្រជុំនេះនឹងកើតមាននៅថ្ងៃព្រហស្បតិ៍ នៅខណៈដែលអ្នកសម្របសម្រួលអូម៉ង់ មិនបានធ្វើអធិប្បាយទេ។
កាលពីថ្ងៃពុធ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន New York Post លោកដូណាល់ ត្រាំ បានថ្លែងថា លោកមិនមានទំនុកចិត្តច្រើនទេសម្រាប់ការឈានទៅដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ មេដឹកនាំអាម៉េរិក បានបញ្ជាក់ថា ពួកគេហាក់ដូចជាគ្មានទំនួលខុសត្រូវ។ លោកដូណាល់ ត្រាំ គំរាមជាច្រើនដងថា ប្រើប្រាស់យោធាប្រឆាំងអ៊ីរ៉ង ក្នុងករណីបរាជ័យខាងការទូត។
ប្រទេសទាំងពីរព្យាយាមត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយដែលរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ ជាមួយនិងការដោះដូរដោយការដកទណ្ឌកម្មដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជាប់គាំង។ នេះគឺជាមហិច្ចតាដែលទីក្រុងតេអេរ៉ងការពារខ្លួនយ៉ាងសាហាវ។ កិច្ចពិភាក្សាប៉ះទង្គិចគ្នាលើបញ្ហានៃការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម។ សហរដ្ឋអាម៉េរិកទាមទារថា ប្រទេសអ៊ីរ៉ងត្រូវតែបោះបង់ចោលវាទាំងស្រុង នៅខណៈដែលទីក្រុងតេអេរ៉ង់ចាត់ទុកការសុំនេះគឺមិនអាចចរចាបាន និងលើកឡើងថា សំណូមពរនេះគឺផ្ទុយនឹងសន្ធិសញ្ញានៃការរីកសាយភាយនុយក្លេអ៊ែរ (TNP)។
យោងតាមទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិក (AIEA) អ៊ីរ៉ងគឺជារដ្ឋតែមួយមិនមានអាវុធនុយក្លេអ៊ែរ តែបានបង្កើនកម្រិតអ៊ុយរ៉ានីញ៉ូមខ្ពស់បំផុត ៦០% ដែលខ្ពស់ខ្លាំងលើកម្រិតកំណត់ ៣,៦៧% ដែលដាក់ដោយកិច្ចព្រមព្រៀងពហុភាគីអំពីនុយក្លេអ៊ែរដែលព្រមព្រៀងជាមួយអ៊ីរ៉ង់នៅឆ្នាំ២០១៥ ប៉ុន្តែសហរដ្ឋអាម៉េរិកបានដកខ្លួន។ បើយោងតាម AIEA បានឲ្យដឹងថា ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ត្រូវរុញឲ្យដល់ ៩០%។
អ៊ីរ៉ង បានទទួលសំណើពីសហរដ្ឋអាម៉េរិកដែលមានធាតុដែលមិនយល់ព្រមដោយអ្នកកាន់អំណាចអ៊ីរ៉ង់។ មេដឹកនាំខ្ពស់បំផុតនៃអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាម៉េនី ដែលជាអ្នកសម្រេចចិត្តខ្ពស់បំផុតអំពីសំណុំរឿងយុទ្ធសាស្រ្ត បានវាយតម្លៃថា សំណើរបស់អាម៉េរិកគឺប្រឆាំងនឹងសារប្រយោជន៍ប្រទេសរបស់លោក ១០០%។
យោងតាមប្រធានសភាអ៊ីរ៉ង់ លោកម៉ូហាម៉េដ បាហ្គ៉េ ហ្គ៉ាលីបាហ្វ បានឲ្យដឹងថា អត្ថបទកិច្ចព្រមព្រៀងរបស់អាម៉េរិក ដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ មិនបានលើកឡើងអំពីបញ្ហានៃការដកទណ្ឌកម្ម ដែលទីក្រុងតេអេរ៉ង់ចាត់ទុកថាជាអាទិភាព។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទ ថា អ៊ីរ៉ងនឹងបញ្ជូនសំណើផ្ទាល់ខ្លួនទៅកាន់សហរដ្ឋអាម៉េរិកនៅប៉ុន្មានថ្ងៃខាងមុខ។
Daily Program
