​​ក្រសួង​មហាផ្ទៃ ណែនាំឱ្យមានការ​រឹតបន្តឹងលើការ​​គ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ​

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល លោក ស សុខា បានស្នើឱ្យគណៈអភិបាលរាជធានីខេត្ត​ទាំងអស់ធ្វើការ​រឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមមូលដ្ឋាន​របស់ខ្លួន។

យោងតាម​លិខិត​ដែល​ចុះហត្ថលេខាដោយលោក ស សុខា ចុះថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤ ផ្ញើជូនគ្រប់គណៈអភិបាលរាជធានីខេត្តទាំងអស់​ បាន​ឱ្យដឹងថា ​​ដើម្បីធានា បាននូវសន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត។​

លោកបាន​លើកឡើងថា ៖ «ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយត​ម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់»។

លោក ស សុខា បានបន្ថែមថា ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំ​ដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទាក់ទងនឹង​​ការស្នើការរឹតបន្តឹងនេះផងដែរ លោក ទូច​សុខៈ អ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ បាន​ប្រាប់ឱ្យដឹងថា ការណ៍ដែលរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃបានចេញគោលការណ៍ណែនាំនេះ គឺមិនមានបំណង ឬចេតនាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់​ប្រជាពលរដ្ឋដែលកំពុង​ប្រតិបត្តិការការងារអាជីវកម្មនោះទេ។

លោកបាន​បន្តថា ផ្ទុយទៅវិញវាគឺជាវិធានការមួយដើម្បីធ្វើឱ្យមាន​ភាពស្របច្បាប់ ឬនិត្យានុកូលភាពនៃការប្រកបអាជីវកម្មរបស់ពលរដ្ឋដែលកំពុងប្រតិបត្តិការបច្ចុប្បន្ន ព្រោះអ្វីៗត្រូវ​ធ្វើឱ្យ​មានការគោរពទៅតាមនិយាមដែលរដ្ឋបានកំណត់ ពោលគឺច្បាប់សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និង​សុវត្ថិភាពសង្គម​។

លោក ទូច សុខៈ បានបញ្ជាក់ថា ៖ «ក្រៅពីនេះ ក៏ជាវិធានការ​និរន្តរាយ ឬវិធានការបង្ការទុកជាមុន​ដើម្បីបញ្ចៀសនូវ​បាតុភាព ឬហេតុការណ៍ដែលកើតចេញពី​ការប្រើប្រាស់គ្រាប់រំសេវផ្សេងៗដែល​កើតចេញពីការប្រកបរបរអាជីវកម្មផងដែរ។ ពោលគឺយើងគ្រប់គ្រងការស្តុកទុក គ្រប់គ្រងការចរាចដឹកជញ្ជូនចែកចាយ ឬការ​ផលិតបម្លែងទៅជាអ្វីមួយផ្សេងទៀតឱ្យបានល្អប្រសើរ ដោយគ្រប់គ្រងឱ្យបាន​កុំឱ្យមានការថ្លោះធ្លោយណាមួយកើតមានឡើង»។

មួយវិញទៀត ក៏ដើម្បីបញ្ចៀសនូវបញ្ហាដែលបង្កឱ្យមានបុគ្គលឆ្លៀតឱកាសណាមួយប្រើប្រាស់នូវរំសេវជាតិផ្ទុះនោះ ធ្វើអ្វីមួយដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាពសង្គម​ដែលកំពុង​តែមានភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ។

លោក ទូច សុខៈ បានថ្លែងថា ៖ «វាជាវិធានការមួយដែលយើង​ត្រូវ​ដើរ​ឱ្យបាន​មុនបញ្ហា ចៀសវាងបញ្ហាកើតមានឡើង ទើបយើង​ចាត់វិធានការ​ដើម្បីគ្រប់គ្រង អន្តរាគមន៍ ឬស្តារឡើងវិញនោះ គឺវាប្រសើរជាជាង»៕

 

 

Daily Program

Livesteam thumbnail