​សំណុំរឿង​អ្នកសារព័ត៌មានលោក ផាត់ ហ៊ន ហៅហ៊ន ត្រូវបញ្ជូនពីសាលាដំបូងខេត្តកំពង់ចាម មកសាលាដំបូងរាជធានីភ្នំពេញ

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានសម្រេច​ឱ្យសាលាដំបូងខេត្តកំពង់ចាម​​ពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌ​របស់លោកផាត់ ហ៊ន ហៅ ហ៊ន មកសាលាដំបូងរាជធានីភ្នំពេញវិញ​។

ការ​សម្រេចនេះ បន្ទាប់​ពី​​លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃ​សាលាដំបូង ខេត្តកំពង់ចាម​ បានដាក់​លិខិតទៅ​លោករដ្ឋមន្ត្រីក្រសួងយុត្តិធ កើត រិទ្ធ ​សុំផ្ទេរសមត្ថកិច្ចសំណុំរឿង​ព្រហ្មទណ្ឌ ចុះថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ​២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលមាន​ ឈ្មោះ សួស ឡា ជាដើមបណ្ដឹង ដែលបានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅហ៊ន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្អួចឈ្មោះស្ថាប័ន តុលាការ និងការរិះគន់លើសេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការលើកចោលដីកាសម្រេចរក្សាការពារ»។

លោក កើត រិទ្ធ បាន​លើកឡើង​ថា ​៖ «ក្រសួងយុត្តិធម៌បានទទួល លិខិតរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ហើយផ្អែកតាមសំណើរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដើម្បីធានាបាននូវដំណើរការល្អនៃយុត្តិធម៌តុលាការ និងដោយយោងតាមមាត្រា ១៩ នៃច្បាប់ស្ដីពីការរៀបចំអង្គការ តុលាការ, ក្រសួងយុត្តិធម៌សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌខាងលើ ពីសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។

លោកបានបន្ថែមថា ៖ «សូមឯកឧត្តម ពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿង ព្រហ្មទណ្ឌខាងលើ ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអនុវត្តតាមនីតិវិធី ជាធរមាន»។​

លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃ​សាលាដំបូង ខេត្តកំពង់ចាម​ បានលើកឡើងតាមរយៈលិខិតផ្ញើជូនរដ្ឋមន្រ្តីយុត្តិធម៌ថា ដោយពិនិត្យឃើញថា អង្គហេតុដែលកើតឡើងពាក់ព័ន្ធដោយផ្ទាល់នឹងសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ចាម និងដើម្បីធានាបាននូវការជឿទុកចិត្តលើតម្លាភាព និងភាពមិនលម្អៀងក្នុងចំណាត់ការ សំណុំរឿង លោក​សូមស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ច ទៅអយ្យការអមសាលាដំបូងរាជធានីខេត្តផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ដែរថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានឈ្មោះ សួស ឡា ជាដើមបណ្ដឹង ដែលបានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅហ៊ន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្អួចឈ្មោះស្ថាប័ន តុលាការ និងការរិះគន់លើសេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការលើកចោលដីកាសម្រេចរក្សាការពារ» ដែលបាន​ប្រព្រឹត្ត និងបន្តប្រព្រឹត្តតាមការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្ដាញទំនា​ក់ទំនងសង្គមហ្វេសប៊ុក ដោយមានគណនី សារព័ត៌មាន KH Plus News ព័ត៌មានសង្គម កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕

 

Daily Program

Livesteam thumbnail