​សម្ដេចក្រឡាហោម ស ខេង ​ថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក

អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាស បដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែល បានទាញ ក្រុមគ្រួសារ សម្ដេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្ដងហើយម្ដងទៀត។

នេះបើយោងតាម​សេចក្តីប្រកាសថ្កោលទោស​របស់​អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង ដែលបានចេញ​នាល្ងាចថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៤នេះ។

សេចក្តីប្រកាសបាន​លើកឡើងថា ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោ​បាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោក​គ្រោកច្រំដែល ដោយជញ្ជ្រាំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់បំ​បែ​​កបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិន ដែលឈ្នះសូម្បីប៉ុនសរសៃសក់។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់​ថា ៖ «សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈរួបរួមគ្នា ដើម្បីកម្ពុជារុង​រឿង ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភា​ពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច។

សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងតែ​គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់រាជរដ្ឋាភិបាលបន្តវេន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បាន​អំពាវនាវដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរដែលទើបតទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេច តេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ៖ «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»​៕

Daily Program

Livesteam thumbnail