លោក មាជ សុវណ្ណារ៉ា ត្រូវបានតុលាការខេត្តរតនគីរី ចេញដីកាចាប់ខ្លួន
តុលាការខេត្តរតនគីរី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង នៅតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ប៉ុន្តែមន្រ្តីបក្សនេះថាវាជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន។
នេះបើយោងតាមមន្រ្តីគណបក្សជំនាន់ថ្មី ដែលបានប្រាប់RVA Khmer នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកបានឱ្យដឹងថា ទាក់ទងនឹងព័ត៌មានថាមានការចេញដីកាចាប់ខ្លួនលោក មាជ សុវណ្ណារ៉ានេះ ខាងគណបក្សជំនាន់ថ្មីមិនទាន់ឃើញដីកានោះនៅឡើយទេ ប៉ុន្តែខាងគណបក្សបានទទួលព័ត៌មាននេះពីមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជាពីដីកាចាប់ខ្លួននេះ។
លោកថា ៖ «យើងបានជួបជាមួយនឹងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនដែលបានប្រាប់យើងឱ្យដឹងពីដីកាចាប់ខ្លួនតាំងពីកន្លះខែមុនមកម្ល៉េះ»។
មន្រ្តីបក្សដដែលនេះបានបញ្ជាក់ទៀតថា លោក មាជ សុវណ្ណារ៉ា បានទៅបំពេញការងារនៅក្រៅប្រទេស ហើយការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ មិនអាចត្រូវបានផ្តល់ព័ត៌មានលំអិតនោះឡើយ ដើម្បីសុវត្ថិភាពរបស់ប្រធានគណបក្សថ្មីមួយនេះ។
លោកបានឱ្យដឹងថា ៖ «ទាក់ទងនឹងដីកាចាប់ខ្លួននេះដែរ [ខ្ញុំ]យល់ថាវាមិនមែនជាដីកាត្រឹមត្រូវឡើយព្រោះពាក់ព័ន្ធនឹងការជជែកពីរឿងCLVនេះ គឺលោកបានលើកឡើងយូរឆ្នាំមកហើយ ដែលមិនមានហេតុផលណាមួយដែលត្រូវទាញចូលនោះឡើយ។ និយាយជារួមគឺជារឿងមួយដែលមិនអាចទទួលយកបានសម្រាប់គណបក្សទាំងមូល ហើយវាជាភាពអយុត្តិធម៌មួយផងដែរ»។
លោកថា ការណ៍ដែលរាជរដ្ឋាភិបាលនៅតែប្រើវប្បធម៌នយោបាយហឹង្សា វាជានយោបាយចាស់គំរិលដែលមិននឹងធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍ទេ បើមានការកំទេចក្រុមប្រឆាំង កំទេចអ្នកដែលជំទាស់នឹងខ្លួន។
«យើងមិនអាចហៅថាគណបក្សតូចៗជាគណបក្សប្រឆាំងនោះទេ វាជាពាក្យដែលគេបង្រៀនឱ្យមនុស្សស្អប់គ្នា។ វាគ្រាន់តែជាគណបក្សក្រៅរដ្ឋាភិបាលដែលមាននិន្នាការផ្ទុយ ឬនិន្នាការមិនស្របនឹងរដ្ឋាភិបាល ព្រោះការអភិវឌ្ឍន៍ប្រទេសមួយតែងតែមានមតិស្រប និងមតិប្រឆាំង គឺមិនអាចមានតែមតិស្របតែមួយនោះទេ ក្នុងការដឹកនាំប្រទេសជាតិមួយទាំងមូល»។
បើតាមមន្រ្តីគណបក្សជំនាន់ថ្មី រូបនេះ បានឱ្យដឹងទៀតថា គណបក្សលោកនឹងដាក់ញត្តិទៅកាន់អង្គការអន្តរជាតិ និងអង្គការផ្សេងៗទៀតដើម្បីឱ្យគេដឹងថាវាជាភាពអយុត្តិធម៌ដែលរាជរដ្ឋាភិបាលនៅតែបន្តធ្វើទុក្ខមកកាន់គណបក្សដែលមាននិន្នាការផ្ទុយពីខ្លួន៕