​ពីក្មេងប្រុសចូលចិត្តលេងសំដែង​ធ្វើពិធីបុណ្យ ក្លាយជា​សាសនទូត​នៃក្តីស្រឡាញ់នៅកម្ពុជា

តើមានអ្វីខ្លះ​ដែលជំរុញចិត្តកុមារា​ម្នាក់ ដែលធ្លាប់តែយកតុ និងចានមកលេងធ្វើត្រាប់តាមពិធីថ្វាយអភិបូជា ក្រោយមក​បានក្លាយជាបូជាចារ្យរបស់​ព្រះជាម្ចាស់?

នេះគឺជារឿងរ៉ាវជីវិត របស់លោកបូជាចារ្យ វ៉ុន ជុងហ្យុក (Won Jonghyeok) ជនជាតិកូរ៉េខាងត្បូង ដែលបានយកប្រទេសកម្ពុជាធ្វើជាផ្ទះទីពីររបស់ខ្លួន។

កើតក្នុងគ្រួសារកាតូលិកដ៏មានជំនឿមុតមាំនៅកូរ៉េខាងត្បូង កុមារា វ៉ុន តែងតែអមដំណើរជាមួយ​បងប្រុស​របស់​ខ្លួន និង​ឪពុកម្តាយ គឺលោក Won Yonhi និងអ្នកស្រី Kim Hesou ទៅចូលរួមពិធីអភិបូជារៀងរាល់ថ្ងៃអាទិត្យក្នុងព្រះវិហារ​ក្នុងភូមិរបស់គាត់។ ភាពស្រស់ស្អាត និងភាពអស្ចារ្យនៃពិធីបុណ្យ​នេះ បានដក់ជាប់ក្នុងបេះដូងក្មេងប្រុសរូបនេះ។

ក្នុងបទសំភាសន៍​លោកបូជាចារ្យ វ៉ុន មានប្រសាសន៍ថា «នៅពេលដែលលោកបូជាចារ្យនៅព្រះសហគមន៍របស់ខ្ញុំថ្វាយអភិបូជា ខ្ញុំមើលទៅគាត់ពិតជាអស្ចារ្យមែនទែន។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំតែងតែយកតុ និងចានមកលេងធ្វើត្រាប់តាមលោកបូជាចារ្យដដែលៗ។»

ការលេងសើចកាលពីកុមារភាព បានប្រែក្លាយទៅជា "ការត្រាស់ហៅ" ដ៏ពិតប្រាកដមួយ នៅពេលវ័យ​កាន់តែ​ចម្រើនឡើង រហូត​ដល់​ពេលមួយ​ យុវ័ន​ដែលជាកូនពៅក្នុងគ្រួសារ​​ត្រូវ​ប្រឈមមុខនឹងការសម្រេចចិត្តដ៏ធំក្នុងជីវិត។ ភាពក្លាហានក៏បានកើតមានឡើង ដែលបណ្ដាលឲ្យ​លោក​ហ៊ាន​ ប្រាប់ឪពុកម្តាយពីបំណងប្រាថ្នាចង់ចូលរៀននៅទេវវិទ្យាល័យដើម្បីបួសជាបូជាចារ្យ។ ការណ៍នេះ មិន​បាន​បង្អាក់ដំណើរលោក​ទេ តែ​ប្រែជា​អំណរសប្បាយ​សម្រាប់​ក្រុមគ្រួសារ​សាមញ្ញមួយនេះ​ទៅវិញ ហើយការគាំទ្រដ៏កក់ក្តៅក៏បានលេចរូបរាងឡើង។

«ឪពុកម្តាយខ្ញុំសប្បាយចិត្តខ្លាំងណាស់! ជាពិសេសលោកឪពុកខ្ញុំ ព្រោះកាលពីក្មេងគាត់ និងពូរបស់ខ្ញុំក៏ធ្លាប់រៀននៅទេវវិទ្យាល័យដែរ។» លោក​បូជាចារ្យ​វ៉ុន បញ្ជាក់ថា លោកតារបស់គាត់​ ក៏មានបំណងប្រាថ្នាចង់ឃើញកូនចៅម្នាក់បួសជាបូជាចារ្យ ឬបព្វជិតាដែរ។ ដូច្នេះ ការសម្រេច​ចិត្តចូលរៀននេះ ពួកគាត់គាំទ្រ និងសប្បាយរីករាយបំផុត។

ទោះជាយ៉ាងណា ផ្លូវជីវិត​អ្នកបួសមិនមែនស្រួលទាំងស្រុងនោះទេ។ នៅឆ្នាំទី២​នៃ​ការសិក្សានៅទេវវិទ្យាល័យ  ក្នុងវ័យ ២៦ឆ្នាំ ដំណឹងដ៏ក្រៀមក្រំមួយបានធ្វើ​ឲ្យលោក​ឈឺចាប់​ គឺការបាត់បង់លោកយាយជាទីស្រឡាញ់​។ ប៉ុន្តែ​វា​មិនបាន​បង្អាក់​ស្មារតី និង​ចិត្ត​មុះមុត​ដែល​ចង់​បម្រើ​ព្រះជាម្ចាស់​តាម​ផ្លូវ​អ្នកបួសរបស់លោកឡើយ។ លោក​​បាន​ពោលថា  «ក្រោយពេលលោកយាយស្លាប់ទៅ ពេលដែលខ្ញុំមានទុក្ខលំបាក ឬជួបបញ្ហា ខ្ញុំតែងតែអធិដ្ឋានទៅកាន់លោកយាយ។ ខ្ញុំជឿជាក់ថា លោកយាយនៅជិតព្រះជាម្ចាស់ ហើយកំពុងជួយទូលអង្វរសម្រាប់ការត្រាស់ហៅរបស់ខ្ញុំ។»

ការសំខាន់​សម្រាប់​លោក គឺ​លោក​តែង​រិះរក​របៀប​​រស់នៅសមរម្យ​ដើម្បីដើរតាមព្រះយេស៊ូ។ លោក​ប្រាប់​ថា «ព្រះអង្គមានឋានៈខ្ពស់បំផុត ប៉ុន្តែទ្រង់យាងមកក្នុងលោកដោយទទួលយករូបកាយជាមនុស្សទន់ខ្សោយ និងលះបង់គ្រប់យ៉ាង។ ខ្ញុំចង់ដើរតាមគំរូនេះ ហើយនោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសជីវិតជា "បូជាចារ្យសាសនទូត"។»

និស្សិតទេវវិទ្យាល័យ វ័យក្មេង​ បានមកដល់​ប្រទេសកម្ពុជា​លើកដំបូងក្នុង​ឆ្នាំ២០០៩។ ក្នុងនាមជាអ្នកសិក្សាឈ្វេងយល់​រយៈពេល៣ខែ ក្នុងភូមិភាគកំពង់ចាម លោក​បាន​រៀន​អំពី​របៀប​រស់នៅ និង​វប្បធម៌​ខ្មែរ។ ក្រោយពីទទួលបានអគ្គសញ្ញាជាបូជាចារ្យ ក្នុងឆ្នាំ២០១៥ និងបានទៅបន្តការសិក្សាផ្នែកតុលាការព្រះសហគមន៍នៅប្រទេសអ៊ីតាលីរយៈពេល៥ឆ្នាំ លោកក៏បានស្នើ​សុំ​មកបំពេញ​បេសកកម្ម​​នៅប្រទេសកម្ពុជា​។

«ពេលខ្ញុំនិយាយជាមួយប្រធានក្រុម ខ្ញុំប្រាប់ថា ខ្ញុំបានរៀនចប់៥ឆ្នាំហើយ ដូចនេះខ្ញុំសូមជ្រើសរើសប្រទេសកម្ពុជា! សូមជូនខ្ញុំមកប្រទេសកម្ពុជាវិញចុះ។» លោក​វ៉ុន បញ្ជាក់។

ក្នុងឆ្នាំ២០១៩ គឺជាការវិលត្រឡប់មកវិញដោយក្តីស្រឡាញ់ ហើយ​ជាពេលវេលា​តស៊ូរៀនភាសាខ្មែរ និង​សិក្សាបន្ថែម​អំពី​ជីវិត​របស់​ប្រជាជន​របស់​ព្រះជាម្ចាស់នៅលើដី​កម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងមណ្ឌលសកម្មភាពតាកែវ ហើយ​ពេលនេះ​លោក​កំពុង​បំពេញតួនាទីជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ លោកបូជាចារ្យ វ៉ុន បានរកឃើញអត្ថន័យដ៏ជ្រាលជ្រៅបំផុតនៃជីវិតបូជាចារ្យរបស់លោក។

ការបម្រើ​របស់លោក​ក្នុងប្រទេស​កម្ពុជា គឺ​ត្រូវ​រៀនសូត្រ​ពី​ប្រជាជន ទោះលោក​មក​ពី​ប្រទេស​ដែលអភិវឌ្ឍន៍​និង​ជឿនលឿន​ក៏ដោយ។ លោក​ប្រាប់ថា «ខ្ញុំ​រស់នៅ​និង​រីកចម្រើនក្នុងប្រទេសកូរ៉េ ខ្ញុំមានវប្បធម៌ខុសគ្នា​និង​គំនិតខុស​គ្នា​ ប៉ុន្តែដើម្បី​ជួបគ្រីស្តបរិស័ទនៅស្រុកយើង ខ្មែរយើង ខ្ញុំក៏លះបង់គំនិត​ក្នុងវប្បធម៌ ឪពុកម្តាយ ដើម្បីដើរតាម​ព្រះយេស៊ូ»។

ពេលប្រារព្ធ​ពិធីអគ្គសញ្ញា និងថ្វាយអភិបូជាឱ្យគ្រីស្តបរស័ទ នោះហើយ​ជាអំណ​សប្បាយខ្លាំង​សម្រាប់​រូប​លោក​។ លោក​បន្ថែម​ទៀតថា «បើកូនៗ (គ្រីស្តបរិស័ទ) សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តជាមួយពួកគាត់ដែរ។ បើពួកគាត់មានទុក្ខលំបាក ខ្ញុំក៏ឈឺចាប់និងព្រួយបារម្ភជាមួយពួកគាត់ដែរ។ សម្រាប់ខ្ញុំ... ខ្ញុំមិនត្រឹមតែជាបូជាចារ្យទេ ខ្ញុំគឺជា "ឪពុក" របស់ពួកគាត់។ សុភមង្គលរបស់ខ្ញុំ គឺឃើញគ្រីស្តបរិស័ទមានក្តីសុខ។»

លោក​បូជាចារ្យ វ៉ុន ជុងហ្យុក ជាក្រុមគ្រួសារអ្នកបួស​ ​សាសនទូត​មកពីប្រទេសកូរ៉េ បានបញ្ជាក់ថា សម្រាប់ជីវិតនៃការត្រាស់ហៅ លោក​បូជាចារ្យ​អង្គនេះ ប្រាប់ថា ជីវិត​គឺមិន​ងាយស្រួលទេ តែ​ប្រសិនបើ​យើង​ស្វែងរក​អំណរសប្បាយនៅក្នុងទុក្ខព្រួយរបស់​យើង​គឺ​យើង​នឹងមានសុភមង្គល។ លោក​បាន​ជំរុញ​ឲ្យយុវ័ន យុវតីទាំងឡាយ​ដែលមាន​ចិត្ត​ចង់​បួស​ជាបូជាចារ្យ បព្វជិត-ជិតា មានសេចក្តីក្លាហាន។

លោកបូជាចារ្យ វ៉ុន៖ «ចំពោះយុវជនយុវនារីដែលកំពុងគិតអំពីការត្រាស់ហៅក្នុងជីវិត ខ្ញុំសូមឱ្យកូនៗក្លាយជាមនុស្ស ដឹងគុណ—ដឹងគុណដល់ព្រះជាម្ចាស់ និងដឹងគុណដល់អ្នកជិតខាង។ នេះហើយគឺជាគុណធម៌ដ៏សំខាន់បំផុតក្នុងជីវិតរបស់យើងគ្រប់គ្នា។»

 

ដោយ វ៉ាន់ សម្បត្តិ

 

Daily Program

Livesteam thumbnail
khmer popup image