៥០ឆ្នាំក្រោយ ព្រះសហគមន៍កម្ពុជាមានលោកអភិបាលជាតិខ្មែរទី២

ក្នុងបរិយាកាសដ៏អធិកអធម និងប្រកបដោយមនោសញ្ចេតនារីករាយ គ្រីស្តបរិស័ទកាតូលិកប្រមាណ ៤,០០០ នាក់ បានមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ចូលរួមក្នុងពិធីអគ្គតែងតាំងជាអភិបាល លោក សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ពិធីប្រវត្តិសាស្ត្រដែលបានរៀបចំឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ស្ថិតក្រោមអធិបតីភាពរបស់លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងមានវត្តមានចូលរួមពី លោកអគ្គរាជទូតសន្តអាសនៈប្រចាំកម្ពុជា លោកកាឌីណាល់ និងលោកអភិបាលព្រះសហគមន៍កាតូលិកមកពីបណ្តាប្រទេសជិតខាងដូចជា ឡាវ ភូមា ថៃ ម៉ាឡេស៊ី និង វៀតណាម។ ជាមួយគ្នានេះក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អមដោយព្រះសង្ឃជាច្រើនអង្គ និងតំណាងឥស្លាមសាសនា និងគ្រីស្តសាសនានិកាយប្រតេស្តង់មួយចំនួន។
លោកសិលា សួន ហង្សលីត្រូវបានសម្តេចប៉ាបឡេអូទី១៤ចេញព្រះរាជក្រឹត្យតែងតាំងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ លោកជាអភិបាលខ្មែរទី២ បន្ទាប់ពីលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ស្វាគមន៍លោកអភិបាលថ្មី មកកាន់ភូមិភាគរបស់លោក ដោយលើកឡើងថា លោកអភិបាលជាទីស្រឡាញ់ ព្រះជាម្ចាស់បានជ្រើសរើសលោកអភិបាល «ពីអ្នកនេសាទត្រីនៅទន្លេមេគង្គ ដើម្បីទៅជាអ្នកនេសាទមនុស្សលើទឹកដីប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ»។
លោកអភិបាលអូលីវីយ៉េ បន្ថែមថា ក្នុងភូមិភាគនេះ «មានប្រជារាស្ត្រមួយដ៏មានជីវិត យើងមានបូជាចារ្យដែលពោរពេញដោយកម្លាំង ដែលបានយកចិត្តទុកដាក់បម្រើមណ្ឌលសកម្មភាពទាំង១០»។
លោកអភិបាលរំលឹកទៀតថា ក្នុងនោះក៏មានបព្វជិត បព្វជិតា ការិយាល័យនៅក្នុងភូមិភាគចំនួន១០ដែលពោរពេញដោយកម្លាំង ហើយក៏មានសាលារៀនពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា មណ្ឌលដើម្បីទទួលជនមានពិការភាព មណ្ឌលដើម្បីធ្វើសិប្បកម្ម និងរមណីដ្ឋានជាដើម។
លោកអភិបាលអូលីវីយ៉េ បន្ថែមថា «យើងអធិដ្ឋានដើម្បីឱ្យលោកអភិបាលបង្ហាញផ្លូវនៃជំនឿដល់គ្រីស្តបរិស័ទ ជាពិសេសណែនាំឱ្យជំនឿនេះអាចមានជះពន្លឺយ៉ាងច្រើននៅក្នុងទឹកដីរបស់យើង តាមរយៈសេចក្តីស្រឡាញ់ តាមរយៈសេចក្តីសង្ឃឹមដែលយើងទទួលពីព្រះជាម្ចាស់។»
លោកអេនរីគេ ហ្វីការេដូ ប្រធានក្រុមសភាលោកអភិបាលឡាវនិងកម្ពុជានិងជាអភិបាលទទួលខុសត្រូវព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានប្រសាសន៍ថា លោកសូមអរគុណលោកអភិបាលហង្សលី ដែលមានចិត្តទូលាយ សុខចិត្តទទួលមុខងារជាអភិបាលនេះ។ លោកបន្ថែមថា «តួនាទីរបស់លោកអភិបាលទទួល មិនងាយស្រួលទេ ប៉ុន្តែយើងនៅជាមួយគ្នា។ យើងអធិដ្ឋាន យើងលើកទឹកចិត្តគ្នា យើងធ្វើដំណើរជាមួយគ្នា»។
លោកអភិបាលគីគេបន្ថែមថា ក្រុមលោកអភិបាលឡាវនិងកម្ពុជា យើងរួបរួមគ្នាធ្វើដំណើរទៅខាងមុខ។ «សូមលោកអភិបាលលី ជួយយើងដែលជាព្រះសហគមន៍ឲ្យចូលជ្រៅក្នុងជំនឿ ក្នុងការងារកសាងសន្តិភាព ដើម្បីឲ្យយើងមានសង្គមមួយ មានយុត្តិធម៌សម្រាប់អ្នកក្រីក្រ យុត្តិធម៌ដែលនាំឲ្យយើងមានសន្តិភាពនិងសេចក្តីសុខសាន្ត។»
ក្នុងពិធីនេះដូនជី អាង សង្វាត នៃក្រុមគ្រួសារស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ មានប្រសាសន៍ថា គាត់សប្បាយរីករាយដែល «ឥឡូវនេះយើងចាប់ផ្តើមមានលោកអភិបាលដែលជនជាតិខ្មែរ ដែលទទួលខុសត្រូវក្នុងព្រះសហគមន៍ខ្មែរ»។ ប៉ុន្តែក៏មានអារម្មណ៍មួយទៀតសោកស្តាយដោយសារបន្តិចទៀត លោកអភិបាលហង្សលីនឹងត្រឡប់មកនៅភ្នំពេញវិញ ហើយពួកយើងត្រូវមានលោកអភិបាលថ្មីមួយទៀត។
ចំពោះការតែងតាំងនេះ ដូនជីសង្វាត សង្ឃឹមថា «អនាគតព្រះសហគមន៍ប្រទេសកម្ពុជានឹងអាចឈរលើជំហររបស់ខ្លួនឯង ហើយអាចរីកចម្រើនតទៅមុខទៀត»។ គាត់បន្ថែមថា «ខ្ញុំសង្ឃឹមថា លោកអភិបាលសិលាសួន ហង្សលី នឹងក្លាយជាលោកអភិបាលម្នាក់ដែលចូលរួម និងមានទំនាក់ទំនងជាមួយនឹងបងប្អូនផ្សេងៗទៀតដោយងាយស្រួល»។
រីឯអ្នកស្រី យូរ ឆ្មារ ប្រាកដ ជាប្អូនស្រីរបស់អតីតអភិបាលឆ្មារ សាឡាស់ បានប្រាប់ថា រយៈពេល៥០ឆ្នាំក្រោយសង្គ្រាមស៊ីវិល ទើបយើងមានអគ្គសញ្ញាតែងតាំងជាអភិបាលខ្មែរនេះម្តងទៀត។
អ្នកស្រីបន្តថា «នៅពេលដែលខ្ញុំបានទទួលដំណឹងថា លោកអភិបាលលី នឹងត្រូវតែងតាំងជាលោកអភិបាលឧបត្ថម្ភកៈ របស់លោកអភិបាលអូលីវីយ៉េ ខ្ញុំរំភើបមែនទែន»។
គ្រីស្តបរិស័ទរូបនេះបន្តទៀតថា គាត់សូមអរព្រះគុណព្រះជាម្ចាស់ ដែល ស្រឡាញ់ព្រះសហគមន៍កម្ពុជារហូតមក។ ឥឡូវនេះព្រះជាម្ចាស់បានជ្រើសរើសលោកអភិបាលហង្សលី ឲ្យធ្វើជាលោកអភិបាលដើម្បីទទួលថែរក្សាហ្វូងចៀម ដែលជាគ្រីស្តបរិស័ទនៅប្រទេសកម្ពុជាយើង។
អ្នកស្រីបន្ថែមថា «ព្រះជាម្ចាស់ប្រទានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់យ៉ាងបរិបូណ៌ ឲ្យប្រជារាស្ត្រកម្ពុជាឲ្យគេបានស្គាល់ព្រះអង្គ»។
ព្រះសហគមន៍កាតូលិកកម្ពុជាក៏ដូចជាប្រជាជនក្នុងប្រទេសទាំងមូល បានចូលក្នុងរបបវាលពឃាត ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ និងអ្វីៗស្ទើរគ្មានសល់ ទាំងលោកអភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា គ្រហស្ថ និងគ្រីស្តបរិស័ទ ត្រូវបានស្លាប់និងសម្លាប់។
មុនពេលបិទបញ្ចប់កម្មវិធីលោកអភិបាលសិលា សួន ហង្សលី ដែលទើបនឹងតែងតាំងថ្មី បានបង្ហាញនូវការដឹងគុណចំពោះព្រះជាម្ចាស់ សម្តេចប៉ាប គ្រួសារអ្នកបួស និងគ្រីស្តបរិស័ទទាំងអស់ ដែលបានមកចូលរួម និងគាំទ្រលោកក្នុងមុខងារថ្មីនេះ។
លោកមានប្រសាសន៍ថា «ខ្ញុំរីករាយនឹងចូលរួមក្នុងក្រុមសភាលោកអភិបាលក្នុងភាពជាធ្លុងតែមួយ និងពាក្យសច្ចារួម។ ខ្ញុំអរគុណលោកបូជាចារ្យទាំងអស់ដែលមកចូលរួមពីទីជិតនិងឆ្ងាយ ជាមួយខ្ញុំ ក្នុងមុខងារនេះ។»
លោកបន្ថែមថា អ្វីៗដែលលោកបានទទួលពីគ្រួសារ សាច់ញាតិ និងមិត្តភក្តិ គឺជា «សក្ខីភាពទី១ និងជាសសរស្តម្ភ»សម្រាប់ការត្រាស់ហៅរបស់លោក «បើគ្មានអ្នកទេ ក៏គ្មានខ្ញុំនៅពេលនេះដែរ»។
និយាយទៅកាន់គ្រីស្តបរិស័ទទាំងអស់ លោកបញ្ជាក់ថា លោកត្រៀមខ្លួនជានិច្ច ដើម្បី«ស្វាគមន៍ សួរ រៀន និងស្រឡាញ់បងប្អូន។ យើងនឹងធ្វើដំណើរួមគ្នា ក្រោមពន្លឺនៃដំណឹងល្អ នៃអំណរនៃការរួបរួមគ្នាជាធ្លុងតែមួយ។»
លោកអភិបាលសិលា សួន ហង្សលី ប្រសូត្រនៅថ្ងៃ១៥ ខែមេសា ឆ្នាំ១៩៧១ នៅភូមិក្បាលកោះ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ លោកត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០១។ ក្រោយក្លាយជាបូជាចារ្យលោកបម្រើព្រះសហគមន៍កំពតនិងតាកែវ ហើយបានបន្តសិក្សានៅឯប្រទេសបារាំង ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ផ្នែកទេវវិទ្យាជីវិតផ្លូវវិញ្ញាណ។ ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ២០១៥ លោកបានវិលត្រឡប់មកមាតុភូមិវិញ ហើយបានបំពេញការងារជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ភ្នំពេញថ្មី។ នៅឆ្នាំ២០១៦ លោកត្រូវបានជ្រើសតាំងជាតំណាងពេញសិទ្ធិរបស់លោកអភិបាល អូលីវីយ៉េ។ ហើយនៅឆ្នាំ២០១៩ លោកទទួលខុសត្រូវជានាយកទេវវិទ្យាល័យសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ។ ក្នុងឆ្នាំ២០២២ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានជ្រើសតាំងលោក សិលា សួន ហង្សលី ជាអ្នកណែនាំព្រះសហគមន៍ភូមិភាគកំពង់ចាម។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានប្រកាសជាផ្លូវការ ជ្រើសរើស លោក សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកអគ្គរាជទូតសន្តអាសនៈសម្រាប់ប្រទេសកម្ពុជា លោកអគ្គអភិបាលប្រាយ អ៊ិន វែលស៍ មានប្រសាសន៍សូមឲ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាអធិដ្ឋាន និងគាំទ្រលោកអភិបាលថ្មីនិងលោកអភិបាលអូលីវីយ៉េ ដើម្បីកសាងព្រះសហគមន៍និងធ្វើដំណើររួមគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ត។
«សូមបងប្អូនរួមគ្នា ដើម្បីយកឈ្នះស្រមោលនៃអតីតកាល តាមរយៈជំនឿ សេចក្តីសង្ឃឹម និងចិត្តសប្បុរស»។ លោកអគ្គអភិបាល ងាកទៅកាន់លោកអភិបាលហង្សលី ដោយពោលថា «ក្នុងនាមសម្តេចប៉ាបឡេអូទី១៤ បុរីវ៉ាទីកង់ បុគ្គលិកនៃការិយាល័យអគ្គរាជទូត និងព្រះសហគមន៍សកល ខ្ញុំសូមអបអរសាទរ និងការអធិដ្ឋានសម្រាប់ការបម្រើរបស់លោកប្អូន។ សូមព្រះមាតានៃទន្លេមេគង្គជួយអង្វរព្រះជាម្ចាស់សម្រាប់លោកប្អូន។ សូមព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំលោកប្អូនជានិច្ច។»
លោកអគ្គរាជទូតបានប្រកាសទៀតថា លោកសិលា សួន ហង្សលី បានបញ្ចប់មុខងាររបស់គាត់ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប៉ុន្តែលោកនឹងទទួលខុសត្រូវមើលថែរកក្សាភូមីភាគនេះរហូតដល់មានការចាត់តាំងថ្មីពីសម្តេចប៉ាប៕
ដោយកែវ កញ្ញា













Daily Program
